(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រាប់នាយករដ្ឋមន្ត្រីអេហ្ស៊ីបកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងប៉េកាំងចង់ធ្វើការជាមួយអេហ្ស៊ីបដើម្បីនាំមកនូវ «ស្ថិរភាព» ទៅកាន់តំបន់មជ្ឈិមបូព៌ា ខណៈដែលជម្លោះរបស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាស បានធ្វើឱ្យមានការរំខានដល់តំបន់ជុំវិញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។

លោក ស៊ី​​ ជីនពីង បានប្រាប់ លោក Mostafa Madbouly នៅក្នុងកិច្ចប្រជុំនៅទីក្រុងប៉េកាំងដូច្នេះថា «ប្រទេសចិនមានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអេហ្ស៊ីប...ប្រទេសចិន និងអេហ្ស៊ីបគឺជាមិត្តល្អដែលចែករំលែកគោលដៅរួម និងជឿជាក់គ្នាទៅវិញទៅមក ហើយជាដៃគូដ៏ល្អដែលធ្វើការជាមួយគ្នាដើម្បីការអភិវឌ្ឍន៍ និងវិបុលភាពរួមគ្នា»

ប្រធានាធិបតីចិនរូបនេះ បានចង្អុលបង្ហាញផងដែរថា បច្ចុប្បន្ននេះ ស្ថានភាពពិភពលោក និងតំបន់កំពុងមានការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ និងស្មុគស្មាញ ហើយពិភពលោកកំពុងមានការផ្លាស់ប្តូរដ៏ធំ ដែលមិនធ្លាប់មានក្នុងរយៈពេលមួយសតវត្សមកនេះ។

លោក ស៊ី​​ បានសង្កត់ធ្ងន់ថា ទីក្រុងប៉េកាំងក៏មានឆន្ទៈក្នុងការធ្វើការជាមួយទីក្រុងគែរ ដើម្បី «រួមគ្នាការពារភាពត្រឹមត្រូវ និងយុត្តិធម៌អន្តរជាតិ និងផលប្រយោជន៍រួមរបស់ប្រទេសកំពុងអភិវឌ្ឍន៍»

គួរបញ្ជាក់ថា ចាប់តាំងពីអរិភាពបានផ្ទុះឡើងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសក្នុងខែនេះ អេហ្ស៊ីបបានបិទព្រំដែនភាគច្រើនរបស់ខ្លួនជាមួយតំបន់ហ្គាហ្សាស្ទ្រីប ជាកន្លែងដែលស្ថានភាពមនុស្សធម៌កាន់តែអាក្រក់ទៅៗ។ ប៉ុន្តែទីក្រុងគែរបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងអនុញ្ញាតឱ្យជំនួយមនុស្សធម៌ឆ្លងកាត់ផ្លូវឆ្លងកាត់ច្រក Rafah នៅលើ «មូលដ្ឋានប្រកបដោយនិរន្តរភាព»។

ទំនាក់ទំនងរវាងប្រទេសចិន និងអេហ្ស៊ីបបានពង្រឹងនៅក្នុងប៉ុន្មានខែថ្មីៗនេះ ដោយទីក្រុងគែរនឹងក្លាយទៅជាសមាជិកពេញលេញ នៃក្រុម BRICS នៃបណ្តាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនចាប់ពីឆ្នាំក្រោយ៕

រូបភាពពី Reuters