(ភ្នំពេញ)៖ មន្ទីរពេទ្យកាល់ម៉ែត បានបើកសិក្ខាសាលាមួយក្រោមប្រធានបទ «ការគ្រប់គ្រងថែទាំសម្ភារៈបរិក្ខារមន្ទីរពេទ្យ» នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦នេះ ដើម្បីអប់រំ និងផ្សព្វផ្សាយ ដល់មន្ដ្រីនៃមន្ទីរពេទ្យទាំងអស់នៅក្នុងប្រទេសកម្ពុជា។
សិក្ខាសាលានេះដែរ ត្រូវបានធ្វើឡើងនៅមន្ទីរពេទ្យកាល់ម៉ែត ក្រោមវត្តមាន សាស្ដ្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និងមន្ដ្រីសុខាភិបាលតំណាងមន្ទីរពេទ្យទាំង២៥ខេត្ត-ក្រុង ព្រមទាំងមន្ដ្រីជាន់ខ្ពស់ ផ្នែកសុខាភិបាល មកពីប្រទេសឡាវ ប្រទេសវៀតណាម ផងដែរ។
លោក ឆោម ស័ក្ដបូរី ប្រធានផ្នែកបច្ចេកទេសអេឡិចត្រូនិច ទទួលបន្ទុកថែទាំបរិក្ខារពេទ្យ បានឲ្យដឹងថា សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងឲ្យគ្រួពេទ្យទាំងអស់ ចេះពិធីក្នុងការថែទាំ ឧបករណ៍ប្រើប្រាស់ នៅក្នុងមន្ទីរពេទ្យ។
លោកបានបញ្ជាក់ថា គ្រប់ឧបករណ៍ទាំងអស់ ត្រូវការថែទាំបង្ការ ហើយការថែទាំបង្ការនេះ ចែកចេញជា២ប្រភេទ គឺការថែទាំបង្ការ និងការជួសជុល។
លោកបន្ថែមថា ការថែទាំងបង្ការនេះ មានសារៈសំខាន់ណាស់ក្នុងការកាត់បន្ថយទៅលើការជួសជុល ហើយការថែទាំនេះទៀតសោត ត្រូវបានបែកចែកទៅតាមប្រភេទនៃឧបករណ៍ ដោយឧបករណ៍ខ្លះត្រូវការថែទាំ បង្ការ៤ដងក្នុង១ឆ្នាំ ខ្លះទៀត២ដងក្នុងមួយឆ្នាំ និងខ្លះទៀតម្ដងក្នុង១ឆ្នាំ៕