(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញប្រកាសចូលកាន់តំណែងប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ ដោយលោក សេង លាង ជំនួសលោក ងួន ណារ៉ា ត្រូវបានផ្ទេរទៅជាប្រធានសាលាដំបូងរាជធានីភ្នំពេញវិញ។

ពិធីនេះក៏មានការចូលរួមពីលោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ, លោក អ៊ុំ រាត្រី អភិបាលខេត្ត សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ព្រះរាជអាជ្ញា សាលាដំបូងខេត្ត អយ្យការ ស្នងការ មេបញ្ជាអាវុធហត្ថ ប្រធានពន្ធនាគារ អង្គភាពគយ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត។

លោក អ៊ួង សុភារិន្ទ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអានព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង និងផ្ទេរមុខតំណែង លោក សេង លាង ជាប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ ជំនួសលោក ងួន ណារ៉ា ផ្លាស់ទៅកាន់មុខតំណែងជាប្រធានសាលាដំបូងរាជធានីភ្នំពេញវិញ។

លោក ងួន ណារ៉ា ដែលត្រូវផ្លាស់ចេញ បានថ្លែងថា អស់រយៈពេលដែលគាគ់កាន់កាប់គិតមកដល់ត្រឹម ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ មានរយៈពេល៤ឆ្នាំ ៣ខែ ១៨ថ្ងៃ ដោយបានបំពេញការងារជាប្រធានសាលាដំបូង ខេត្តបន្ទាយមានជ័យ កន្លងមកនេះ លោកបានខិតខំបំពេញតួនាទីភារកិច្ចតាមការទទួលខុសត្រូវ ដោយបានធ្វើការរួមជាមួយព្រះរាជអាជ្ញា ចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជីនិងមន្ត្រីក្នុងស្ថាប័ន ក្រៅស្ថាប័ន។

ក្នុងនោះ ស្ថិតិសំណុំរឿងប្រចាំឆ្នាំរយះពេលជាង៤ឆ្នាំ ៣ខែ មាន សំណុំរឿង សល់ពីមុនមានចំនួន ១.៧២៤រឿង សំណុំរឿង ចូលថ្មីមានចំនួន៤.៧៣៤រឿង ក្នុងនោះសំណុំរឿងចាត់ការរួចចំនួន៥.១៤៨រឿង កំពុងចាត់ការ ៧៧៥រឿង និងសំណុំរឿងកំពុងចាត់ការមានចំនួន ៦៦០រឿង មានសំនុំរឿង ព្រហ្មទ័ណ្ឌជំនុះជម្រះ សំណុំរឿងរដ្ឋប្បវេណី សំណុំរឿងអនុវត្តជាច្រើនទៀត។

លោក សេង លាង បានថ្លែងអំណរគុណចំពោះថ្នាក់លើបានតែងតាំងរូបលោក ហើយលោកសូមប្តេជ្ញាចិត្តខិតខំទ្វេរដង ដើម្បីបំពេញការងារតាមតួនាទីភារកិច្ចឲ្យបានលទ្ធផល និងមានប្រសិទ្ធភាពល្អប្រកបដោយការទទួលខុសត្រូវ ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ទទួលស្គាល់លទ្ធផលការងាររបស់ប្រធានសាលាដំបូងចាស់ និងសង្ឃឹមថា ប្រធានថ្មីសាលាដំបូងខេត្តនេះនឹងបន្តស្នាដៃឲ្យកាន់តែល្អ ពិសេសសហការ និងរកយុត្តិធម៌ជូនពលរដ្ឋជា ភាគីក្តី។

នៅក្នុងឱកាសនោះ លោក កើត រិទ្ធ បានមានប្រសាសន៍ថា ថ្វីត្បិតការផ្លាស់ប្តូរកន្លែង តួនាទីភារកិច្ចរបស់មន្ត្រីជាដំណើរប្រព្រឹត្តិទៅធម្មតា នៃរដ្ឋបាលការងារ ប៉ុន្តែវាក៏ដើម្បីពង្រឹងលទ្ធផល និងប្រសិទ្ធិភាពការងារផង និងលើកទឹកចិត្តមន្ត្រីដែលខិតខំធ្វើការផង។

លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានផ្តាំផ្ញើ និងណែនាំការងារមួយចំនួន ហើយជំរុញឲ្យចៅក្រមម្នាក់កាត់ក្តីយ៉ាងហោចឲ្យបាន១ទៅ២រឿងក្នុង១ថ្ងៃៗ ពោលគឺ១ឆ្នាំឲ្យបានប្រមាណ២០៥រឿង ចៅក្រមម្នាក់ៗ ក្នុងការពន្លឿនការកាត់ក្តីសំណុំរឿងគ្រឿងញៀន ដែលកើនខ្ពស់រាល់ថ្ងៃដូចដែលសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍។

លោក កើត រិទ្ធ បានថ្លែងថា ដូចម្តេចដែលហៅថាច្បាប់? ច្បាប់ គឺជាយុត្តិធម៌ នៅចំពោះមុខចៅក្រម គឺនិយាយអំពីច្បាប់ នៅចំពោះមុខច្បាប់ គឺគេនិយាយអំពីយុត្តិធម៌ នៅចំពោះមុខយុត្តិធម៌ គេនិយាយអំពីភាពត្រឹមត្រូវ គឺគេនិយាយពីសច្ចធម៌៕