(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងដើម្បីពិនិត្យពិភាក្សាបន្ថែមលើសេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធទឹកកខ្វក់ ដោយមានការចូលរួមពី លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប នៅទីស្តីការក្រសួង។

សេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធទឹកកខ្វក់ ត្រូវបានរៀបចំឡើងក្នុងគោលបំណងកំណត់យន្តការ និងក្របខណ្ឌគតិយុត្តក្នុងការអភិវឌ្ឍ សាងសង់ ជួសជុល ថែទាំ ប្រតិបត្តិការ និងប្រើប្រាស់ ប្រព័ន្ធទឹកកខ្វក់ និងប្រព័ន្ធលូ ឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស សំដៅធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពប្រជាពលរដ្ឋ និងរួមចំណែកការពារបរិស្ថាន និងប្រព័ន្ធជីវចម្រុះ។

អង្គប្រជុំបានធ្វើការពិនិត្យពិភាក្សា ផ្លាស់ប្តូរយោបល់យ៉ាងផុសផុល ក្នុងគោលបំណងធ្វើឱ្យសេចក្តីព្រាងច្បាប់នេះ មានអត្ថន័យគ្រប់ជ្រុងជ្រោយ និងបានពិនិត្យផ្ទៀងផ្ទាត់ កែសម្រួលឡើងវិញនូវវាក្យស័ព្ទមួយចំនួន ដើម្បីឱ្យសមស្របនឹងបរិបទសង្គមបច្ចុប្បន្ន មុននឹងបន្តនីតិវិធីជំហានបន្ទាប់៕