(ភ្នំពេញ)៖ យុទ្ធនាការ «ថ្ងៃចន្ទពណ៌ខ្មៅ» ដែលត្រូវបានប្រសូត្រឡើងកាលពីខែឧសភា កន្លងមកនោះ រហូតមដល់ពេលបច្ចុប្បន្ននេះ គេនៅតែសង្កេតឃើញមានការធ្វើសកម្មភាព ពីក្រុមសកម្មជនដីធ្លីមួយចំនួនមកពីសហគមន៍បឹងកក់ និងបុរីកីឡាជាដើម ហើយនៅពេលនេះ ក្រុមអ្នកនយោបាយមកពីបក្សប្រឆាំង ក៏កំពុងបង្ហាញពីការចូលរួម និងគាំទ្រយុទ្ធនាការ «ថ្ងៃចន្ទពណ៌ខ្មៅ» ផងដែរ។
លោកទេសរដ្ឋមន្រ្តី សេរី កុសល អនុប្រធានទី១ នៃអាជ្ញាធរមីនកម្ពុជា បានលើកឡើងថា «ថ្ងៃចន្ទពណ៌ខ្មៅ» គឺជាផែនការ និងល្បិចកិច្ចកលនយោបាយអាក្រក់ និងពិសពុល អាចនាំឲ្យកម្ពុជាធ្លាក់ក្នុងអន្លង់នៃទុក្ខវេទនា ដែលអ្នកនយោបាយ និងប្រជាពលរដ្ឋកម្ពុជាមិនគួរលលេងឡើយ។
ក្រោមហេតុផលចង់ទាមទារ និងស្វែងរកសេរីភាពជូនមន្រ្តីសិទ្ធិមនុស្សអង្គការអាដហុក៤រូប និងអគ្គលេខាធិការរងគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតមួយរូប ដែលត្រូវបានតុលាការឃាត់ខ្លួន ក្រោមការចោទប្រកាន់ថា សូកប៉ាន់ និងសមគំនិតសូកប៉ាន់សាក្សីក្នុងសំណុំ រឿងអាស្រូវស្នេហ៍រវាងស្រីមុំ និងអនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា នោះ កាលពីខែឧសភា កន្លងទៅនេះ ក្រុមអង្គការសង្គមស៊ីវិលជាច្រើនក្រុម បានមូលមតិគ្នាបង្កើតនូវយុទ្ធនាការមួយឈ្មោះថា «ថ្ងៃចន្ទពណ៌ខ្មៅ»។ «ថ្ងៃចន្ទពណ៌ខ្មៅ» ត្រូវបានក្រុមអង្គការ សង្គមស៊ីវិល ជ្រើសយកថ្ងៃចន្ទ ដើម្បីធ្វើសកម្មភាពសម្តែងមតិ និង មានការដង្ហែក្បួនជាដើមជាមួយការស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ។
ក្រៅពីអ្នកតវ៉ាដីធ្លីមួយចំនួនតូចមកពីសហគមន៍បឹងកក់ និងបុរីកីឡា ដែលគេដឹងថា ធ្លាប់មានសម្ព័ន្ធស្និទ្ធជាមួយគណបក្សសង្រ្គោះជាតិហើយនោះ មានក្រុមតំណាងរាស្រ្តមកពីគណបក្សប្រឆាំងមួយចំនួនទៀត ដូចអ្វីដែលគេបានប្រកាសកាលពីសប្តាហ៍កន្លងទៅថា នៅថ្ងៃចន្ទ ទី១៥ ខែសីហា ពួកគេបានបង្ហាញសកម្មភាពគាំទ្រយ៉ាងច្បាស់ទៅលើយុទ្ធនាការ «ថ្ងៃចន្ទពណ៌ខ្មៅ» ដោយបាននាំគ្នាស្លៀកពាក់ឈុតខ្មៅ និង បង្ហាញរូបភាពជាសាធារណៈថែមទៀតផងដែរ។
លោក អេង ឆៃអ៊ាង មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ បានប្រកាសនៅលើ Facebook របស់លោកនៅថ្ងៃចន្ទ ទី១៥ ខែសីហា នេះថា រៀងរាល់ថ្ងៃចន្ទ រូបលោក និងមន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងដទៃទៀត គាំទ្រ និងចូលរួមយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ដើម្បីទាមទារឲ្យមានការដោះលែងអ្នកទោសមនសិការ ព្រមទាំងឲ្យមានការទម្លាក់ចោលការចោទប្រកាន់ លើសកម្មជនគណបក្សនយោបាយ និងសកម្មជនសិទ្ធិមនុស្ស។
លោកទេសរដ្ឋមន្រ្តី សេរី កុសល ជាមន្រ្តីជើងចាស់មួយរូបបានហែលឆ្លងយ៉ាងច្រើននៅក្នុងពេលប្រទេសកម្ពុជាធ្លាក់ក្នុងវិបត្តិ និងឈាន ទៅរកការផ្ទុះសង្រ្គាម បានមើលឃើញថា «ថ្ងៃចន្ទពណ៌ខ្មៅ» មិនមែនជារឿងសាមញ្ញ និងធម្មតាពេកនោះឡើយ ហើយដែនកំណត់របស់ វាក៏មិនមែនត្រឹមតែការទាមទារដោះលែង មន្រ្តីសិទ្ធិមនុស្សអាដហុក និងអគ្គលេខាធិការរងគណកម្មាធិការជាតិ រៀបចំការបោះឆ្នោតនោះឡើយ។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់ Fresh News នៅថ្ងៃចន្ទ ទី១៥ ខែសីហា នេះថា បើខ្មែរមិនរៀនវិភាគ និងរៀនពិចារណាឲ្យបានស៊ីជម្រៅនូវឧបាយកលដ៏ពិសពុល របស់អ្នកនយោបាយបរទេសនិយមផ្កាប់មុខដ៏ខិលខូចមួយចំនួនតូចទេនោះ ប្រទេសជាតិប្រាកដជាវឹកវរ កើតកាលាហល និងអាចឈានទៅរកសង្គ្រាមផ្ទៃក្នុងជាថ្មីម្តងទៀត។
លោកបន្តថា «យុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ! ពិតជាគំនិតដ៏អាក្រក់ព្រួញ១បាញ់បានសត្វ២។ ទី១ ចង់ឲ្យអ្នកអតីតអាវខ្មៅងើបឡើង គាំទ្រពួកគេ និងបង្ហាញការចង់ឲ្យពួកគេត្រឡប់មកវិញ ដូចគ្នានិងការទៅបំផុសរឿងព្រំដែនយួន ដើម្បីឲ្យអតីតអាវខ្មៅចាប់អារម្មណ៍ងើបឡើងគាំទ្រគេ។ ចំពោះប្រជាជនវ័យចំណាស់ វ័យកណ្តាលគឺឆ្អែត ស្អប់ខ្ពើមនិងខ្លាចអាវខ្មៅខោខ្មៅនេះរួចទៅហើយ។ ប៉ុន្តែតើយុវជនសម័យនេះ គេស្គាល់ឫទេពួកអាវខ្មៅ»។
លោកទេសរដ្ឋមន្រ្តី សេរី កុសល ថែមទាំងបានចាត់ទុក «ថ្ងៃចន្ទពណ៌ខ្មៅ» អាចជាចេតនាក្នុងការចង់បង្ហាញពីការជាប់ពាក់ពន័្ធទៅនឹងពួក ISiS ដែលសំលៀកបំពាក់ពួកគេ គឺគេប្រើអាវខ្មៅ ខោខ្មៅ ទង់ខ្មៅ ហើយដែលពិភពលាកកំពុងតែស្អប់ខ្ពើម ថ្កោលទោស ខ្លាចរអានិងចាត់ទុកថាពួកនេះជាភេរវករ ដែលត្រូវតែកម្ចាត់។
លោក សេរី កុសល អំពាវនាវដល់ជនរួមជាតិកុំចាញ់ល្បិចខិលខូចរបស់អ្នកនយោបាយខ្លះ ដែលចង់យកឈាមខ្មែរធ្វើជាកម្រាលជើង ដើម្បីឈានទៅរកអំណាចផ្ទាល់ខ្លួនក្រោមផ្លាកស្នេហាជាតិ និងកុំធ្វើនយោបាយយកជ័រភ្នៅត្បៀតឃ្លៀក កុំយកកទៅលអន្ទាក់ ដែលជាហេតុនាំប្រទេសជាតិឲ្យធ្លាក់ក្នុងភ្លើងសង្គ្រាម។
លោកបានសង្កត់ធ្ងន់បែបនេះ «កុំឲ្យសោះ លំបាកណាស់។ ពាក្យចាស់ពោលថា បើមិនជឿចាស់ ប្រយ័ត្នបះជើង»។
លោកក៏បានឆ្លៀតរំលឹកថា ពណ៌ស ពិតជាពណ៌ល្អណាស់សម្រាប់ប្រជាពលរដ្ឋខ្មែរ មិនត្រូវយកពួកប្រល័យពូជសាសន៍អាវខ្មៅ និង ISiS អាវខ្មៅបរទេសចូលមកកម្ពុជា ក្នុងល្បែងនយោបាយមួយដ៏ស្មោគគ្រោកបន្តបំផ្លិញបំផ្លាញជាតិនោះឡើយ៕