(ភ្នំពេញ)៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (ថ្មី) ដែលបានចំណាយទុនវិនិយោគចំណាយប្រមាណ ១,១០០លានដុល្លារអាមេរិក ត្រូវបានសារព័ត៌មានដ៏ធំមួយរបស់អាមេរិក «CNN» យកទៅផ្សព្វផ្សាយនៅលើគេហទំព័ររបស់ខ្លួន ដោយដាក់ចំណងជើងថា «Cambodia’s newest and biggest airport opens in Siem Reap, the gateway to UNESCO-listed Angkor»

ជាមួយនឹងការផ្សព្វផ្សាយនៅលើគេហទំព័រ CNN នេះគេឃើញថាទទួលមានការសាទរ និងមានការចែករំលែកជាច្រើន ពីប្រជាពលរដ្ឋខ្មែរ ព្រមទាំងជនជាតិបរទេស ដែលកាន់តែធ្វើឲ្យគេស្គាល់ពីប្រទេសកម្ពុជាកាន់តែច្រើន ជាពិសេសតំបន់ទេសចរណ៍ នៅក្នុងខេត្តសៀមរាប។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ​បានបើកទទួលជើងហោះហើរពាណិជ្ជកម្មដំបូង កាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។ អាកាសយានដ្ឋាននេះគ្រោងនឹងសម្ពោធជាផ្លូវការ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយនឹងថ្នាក់ដឹកនាំចិន។

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ចម្ងាយពីប្រាសាទអង្គរវត្ត ៤០គីទ្បូម៉ែត្រនិង ៥១គីទ្បូម៉ែត្រពីក្រុងសៀមរាប។

អាកាសយានដ្ឋានអន្តរជាតិនេះមានចំណតសម្រាប់ចតអាកាសយានចំនួន ៣៨ចំណត និងអាចទទួលអ្នកដំណើរ តាមផ្លូវអាកាសបាន ៧លាននាក់ក្នុងមួយឆ្នាំ សម្រាប់ឆ្នាំ២០២៣ និងឈានទៅទទួលអ្នកដំណើរបាន១២លាននាក់ ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៤០។

អាកាសយានដ្ឋាននេះ អាចផ្ទុកទំនិញតាមផ្លូវអាកាសចំនួន ១០,០០០តោន ក្នុងមួយឆ្នាំចាប់ពីឆ្នាំ ២០២៣ និង ២៦,០០០តោន ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៤០ ព្រមទាំងអាចទទួលជើងហោះហើរបានពី ៦៥,៨០០ជើង ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៣ ទៅ១១២,៧០០ជើង ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៤០៕