(ភ្នំពេញ)៖ លោក ហ៊ែល សារ៉ាត់ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា គិតមកថ្ងៃបិទបញ្ចប់ដំណើរការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ គ.ជ.ប ពុំទទួលបានពាក្យបណ្ដឹងណាមួយឡើយ។

តាមរយៈសេចក្តីសេចក្តីប្រកាសព័ត៌មាន លោក ហ៊ែល សារ៉ាត់ ក៏បានលើកឡើងពីនីតិវិធីលម្អិតនៃដំណើរការរៀបចំវេចខ្ចប់ និងការបញ្ជូនលទ្ធផលបណ្តោះអាសន្ន ព្រមទាំងសម្ភារឯកសារដែលបានប្រើប្រាស់ក្នុងការចុះឈ្មោះ បោះឆ្នោត ពីថ្នាក់ឃុំ សង្កាត់រហូតមកដល់ គ.ជ.ប មានចែងនៅក្នុងបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងសរសេរដោយពន្យល់បន្ថែម នៅក្នុងសៀវភៅណែនាំ។

នៅក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតរយៈពេល ១៩ថ្ងៃ, លោក ហ៊ែល សារ៉ាត់ បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រី គ.ជ.ប គ្រប់លំដាប់ថ្នាក់ និងបានថ្លែងអំណរគុណ ព្រមទាំងកោតសរសើរចំពោះការផ្តល់កិច្ចសហការរបស់គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ពិសេសការបំពេញតួនាទី និងភារកិច្ច ដោយយកចិត្តទុកដាក់ និងប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ក្រុមប្រឹក្សាឃុំ សង្កាត់ ស្របតាមការធ្វើប្រតិភូកម្មអំណាចពី គ.ជ.ប និងការកំណត់នៃច្បាប់ និងក្រុមចុះឈ្មោះបោះឆ្នោត ដែលជាប្រតិបត្តិករអនុវត្តផ្ទាល់នីតិវិធី ចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ទូទាំងប្រទេស។

លោក ហ៊ែល សារ៉ាត់ បានកោតសរសើរចំពោះការចូលរួមយ៉ាងសកម្មរបស់ភាគីពាក់ព័ន្ធទាំងអស់ ពិសេសប្រជាពលរដ្ឋអ្នកចុះឈ្មោះបោះឆ្នោត ដែលញ៉ាំងឱ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ បញ្ចប់ទៅដោយរលូន និងដោយជោគជ័យ។

អំពីការបញ្ជូនលទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត, លោក ហ៊ែល សារ៉ាត់ បានថ្លែងថា បន្ទាប់ពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ត្រូវបានបញ្ចប់ ហើយបណ្តឹងពាក់ព័ន្ធនឹងការបដិសេធការសុំចុះឈ្មោះ បោះឆ្នោត ត្រូវបានដោះស្រាយរួចរាល់ (ក្នុងករណីមានបណ្តឹង) ឬប្រសិនបើពុំមានបណ្តឹងក្រុមចុះឈ្មោះបោះឆ្នោត ត្រូវចាត់ចែងបំពេញនូវរបាយការណ៍ស្តីពីលទ្ធផល នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមការិយាល័យបោះឆ្នោតនៃឃុំ សង្កាត់នីមួយៗ។

អំពីការរៀបចំបញ្ជីបោះឆ្នោតដំបូង, លោក ហ៊ែល សារ៉ាត់ បានឱ្យដឹងថា បន្ទាប់ពីបានត្រួតពិនិត្យ និងសម្រេចលើទិន្នន័យអ្នកបោះឆ្នោតដោយ គ.ជ.ប និងបន្ទាប់ពីបញ្ចប់ ការដោះស្រាយបណ្តឹងពាក់ព័ន្ធនឹងការស្នើសុំចុះឈ្មោះ បោះឆ្នោត (ប្រសិនបើមាន) គ.ជ.ប ត្រូវចាត់ចែង រៀបចំបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត តាមឃុំ សង្កាត់នីមួយៗ ដើម្បីធ្វើកា រ បិទផ្សាយជាសាធារណៈនៅតាមសាលាឃុំ សង្កាត់ ឬ/និងនៅ ទីសាធារណៈណាមួយក្នុងឃុំ សង្កា ត់ និងបង្ហោះនៅលើគេហទំព័ររបស់ គ.ជ.ប៕