(កំពង់ធំ)៖ លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ បានក្រើនរំលឹកឲ្យអាជ្ញាធរស្រុកសណ្ដាន់ បង្ក្រាបបទល្មើសល្បែងស៊ីសងឲ្យបានជាដាច់ខាត។

ក្រុមប្រឹក្សាខេត្តកំពង់ធំ ទទួលបានសំណូមពរមួយចំនួន ពីវេទិកាពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋនៅស្រុកសណ្តាន់នៅចំណុច២សំខាន់ៗ រួមមាន៖

*ទី១៖ ការបង្ក្រាប ល្បែងស៊ីសង
*ទី២៖ គ្រឿងញៀន និងបទល្មើសព្រៃឈើ។

សំណើ និងសំណូមពរទាំងនោះ ត្រូវបានលើកឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់អាណត្តិទី៣ ឆ្នាំ២០២៣ ដែលរៀបចំឡើងនៅសាលាស្រុកសណ្តាន់ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោកញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំ និងមានចូលរួមពីសមជិកក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការសាលាខេត្ត មន្ត្រីរាជការសាលាស្រុកតាំងគោក កម្លាំងប្រដាប់អាវុធ និងតំណាងប្រជាពលរដ្ឋជាង៣០០នាក់ផងដែរ។

តាមរយៈវេទិកាក្រុមប្រឹក្សាខាងលើ ប្រជាពលរដ្ឋបានសំណូមពរទៅលើការស្នើ ហើយមានការបង្ក្រាប និងលុបបំបាត់ល្បែងស៊ីសង ដូចជា៖ កន្ទុយលេខ ឡូតូ គ្រឿងញៀន និងបទល្មើសព្រៃឈើគ្រប់រូបភាពដែលបង្កឲ្យមានបញ្ហា អសន្តិសុខក្នុងតំបន់មូលដ្ឋាន។

លោក ឈុន ឈន់ បានលើកឡើងថា «បញ្ហាអសន្តិសុខទាំងនេះ ជាបញ្ហាប្រឈមមួយដ៏សំខាន់សម្រាប់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដូច្នេះរដ្ឋបាលស្រុក ត្រូវធ្វើយ៉ាងណាបង្ក្រាបឲ្យខានតែបាន និងត្រួតពិនិត្យមើលការចរាចរណ៍ទៅលើបទល្មើសព្រៃឈើ ដែលបង្កឡើងដោយជនល្មើស និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធនធានធម្មជាតិរបស់យើង។ ដូច្នេះក្នុងនាមរដ្ឋបាលខេត្តកំពង់ធំ សូមដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់រដ្ឋបាលស្រុក ចូលរួមសហការធ្វើការនេះប្រកបដោយប្រសិទ្ធភាព និងតម្លាភាព»

លោកបានបន្ថែមឱ្យដឹងថា ក្រុមប្រឹក្សាខេត្តនឹងប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរទាំងនោះទៅពិភាក្សា ស្រាយបំភ្លឺឱ្យបានច្បាស់លាស់ប្រកបដោយតម្លាភាព និងឈានទៅរកការដោះស្រាយជូន បានចំគោលដៅ មានប្រសិទ្ធភាព និងទាន់ពេលវេលា។

លោក ញ៉ឹក បានខេង បានលើកឡើងថា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក៏ត្រូវរួមគ្នាដោះស្រាយឲ្យល្អបំផុតជូនប្រជាពលរដ្ឋ និងត្រូវធ្វើការឱ្យបានសកម្មចំពោះការងារសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម ការអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព និងសុវត្ថិភាពចរាចរណ៍ កិច្ចការអភិវឌ្ឍមូលដ្ឋាន ព្រមទាំងការផ្ដល់សេវារដ្ឋបាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

លោកក៏បានជំរុញដល់មន្ទីរជំនាញ និងអ្នកពាក់ព័ន្ធត្រូវពិនិត្យនឹងដោះស្រាយតាមយន្តការផ្សេងៗតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ លោកនឹងតាមដានលើការដោះស្រាយ បញ្ហាទាំងនេះយ៉ាងយកចិត្តទុកដាក់បំផុត។

សូមជម្រាបថា វេទិកានេះក៏ជាឱកាសផ្សព្វផ្សាយអំពីតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ព្រមទាំងលទ្ធផល សំខាន់ៗដែលរដ្ឋបាលខេត្តសម្រេចបាន និងបានលើកឡើងក្នុងវេទិកាផ្សព្វផ្សាយមានសំណួរចំនួន ៤៦ ក្នុងនោះសំណូមពរមាន៣២ផងដែរ៕