(រតនគិរី)៖ ដោយឈរលើស្មារតីទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានដឹកនាំប្រតិភូជាន់ខ្ពស់ខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងខេត្តរតនគិរី និងខេត្តកន្ទូម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ឆ្នាំ២០២៣-២០២៥។

កិច្ចប្រជុំនេះប្រារព្ធធ្វើឡើងនៅខេត្តកន្ទូម នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោក ឡេ ង៉ុកទឹង អភិបាលខេត្តកន្ទូម។

ថ្លែងនៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះលោក ញ៉ែម សំអឿន បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងខេត្តរតនគិរី និងខេត្តកន្ទូមក្នុងរយៈពេលកន្លងមក គឺមានការទំនាក់ទំនង កិច្ចសហការល្អ បានធ្វើឲ្យតំបន់ ព្រំដែនមានសន្តិភាព មិត្តភាព ការយោគយល់អនុគ្រោះដល់ការទំនាក់ទំនងរបស់កងកម្លាំង និងប្រជាពលរដ្ឋបានងាយស្រួល ដោយប្រកាន់ខ្ជាប់នូវវិធានការទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ តាមបរិបទនៃប្រទេសនីមួយៗ រហូតអាចឈានទៅបើកប្រទេសឡើងវិញនៅក្នុងឆ្នាំ២០២២កន្លងទៅនេះ។

លោក ញ៉ែម សំអឿន បានចាត់ទុកកិច្ចប្រជុំថ្ងៃនេះពិតជាមានសារៈសំខាន់ និងមានតម្លៃបំផុតដែលខេត្តទាំងពីរបានជួបប្រជុំដើម្បីពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារ កិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹង ពង្រីកទំនាក់ ទំនង និងសហប្រតិបត្តិការលើវិស័យពាក់ព័ន្ធ ព្រមទាំងខិតខំស្វែងរកដំណោះស្រាយនានា ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តិ និងកិច្ចព្រមព្រៀងនានាដែលប្រទេសទាំងពីរបានដាក់ចេញ សំដៅធ្វើឲ្យការទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិការ កាន់តែមានភាពរឹងមាំ រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាជន និងសេដ្ឋកិច្ចសង្គម នៃខេត្តទាំងពីរកាន់តែប្រសើរឡើងបន្ថែមទៀត។

បន្ទាប់ពីបានពិភាក្សា និងផ្លាស់ប្តូយោបល់គ្នាយ៉ាងស៊ីជម្រៅរួចមក, ភាគីទាំងពីរ បានចុះហត្ថលេខាលើកំណត់ហេតុរួមស្តីពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង ខេត្តរតនគិរីនៃព្រះរាជាណាចក្រកម្ពុជា និង ខេត្តកខ្ទូមនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លើខ្លឹមសារធំៗចំនួន៥ រួមមាន៖

*ទី១៖ កិច្ចសហប្រតិបត្តិការ និងការទំនាក់ទំនងរវាងភាគីខេត្តទាំងពីរ
*ទី២៖ វិស័យកិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសេវាកម្ម
*ទី៣៖ វិស័យវប្បធម៌ និងសង្គម។
*ទី៤៖ វិស័យការពារជាតិនិងសន្តិសុខ
*ទី៥៖ ការងារចាត់តាំងអនុវត្ត៕