(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការបិទបញ្ចប់ដំណើរការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។

លោក ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប បានឱ្យដឹងថា កិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធថ្ងៃនេះ ដើម្បីធ្វើបច្ចុប្បន្នភាព និងជូនព័ត៌ មា ន មួយចំនួនពាក់ព័ន្ធនឹងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត តាមឃុំ សង្កាត់ ឆ្នាំ២០២៣ ដែលបានចាប់ផ្តើមអនុវត្តពីថ្ងៃទី១ រហូតមកដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។

ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កា ត់ កន្លងមកនេះ បើទោះបីមានបញ្ហាអាកាសធាតុ ដោយតំបន់ខ្លះមានភ្លៀងធ្លាក់ខ្លាំងជំនន់ហើយភូមិសាស្ត្រមួយចំនួនក្នុងឃុំ សង្កាត់ស្ថិតនៅឆ្ងាយដាច់ពីគ្នា និងមានភាពខ្វះខាតតិចតួចបានកើតឡើងក្នុងការអនុ វត្តភារកិច្ចរបស់ក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) ប៉ុន្តែមិនមែនជាឧបសគ្គធ្វើឱ្យរាំងស្ទះដល់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនោះឡើយ។

លោកបានបន្តថា គ.ជ.ប មានគោលដៅច្បាស់លាស់ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ ដែលមានសិទ្ធិ និងមានលក្ខខណ្ឌ គ្រប់គ្រាន់តាមច្បាប់កំណត់បានចុះឈ្មោះ និងមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត។ ក្នុងស្មារតីនេះ ឃើញថាមានការិយាល័យចុះឈ្មោះមួយចំនួន បានបង្កើនពេលវេ លាចុះឈ្មោះ នៅម៉ោងដែលខ្លួន (ក.ច.ប) ត្រូវទទួលទានអាហារថ្ងៃត្រង់ ហើយនៅក្នុងពិធីឆ្លងបុណ្យភ្ជុំបិណ្ឌថ្មីៗកន្លងមកនេះ ការិយាល័យចុះឈ្មោះបោះឆ្នោតនៅបើកដំណើរការ ដើម្បីរង់ចាំផ្តល់សេវា ចុះឈ្មោះ បោះឆ្នោតជូន បងប្អូនប្រជាពលរដ្ឋជាធម្មតា លើកលែងតែថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ ដែលក្រុមប្រឹ ក្សាឃុំ សង្កាត់ ត្រូវបិទការិយាល័យ ដើម្បីប្រជុំត្រួតពិនិត្យការងារជាមួយក្រុមចុះឈ្មោះបោះឆ្នោត។

ចំពោះ តំបន់ដែលស្ថិតនៅឆ្ងាយ និងមានភូមិសាស្រ្តស្មុគស្មាញ ឱ្យតែមានប្រជាពលរដ្ឋគ្រប់អាយុ និងគ្រប់លក្ខខណ្ឌត្រូវចុះឈ្មោះបោះឆ្នោត គឺក្រុមចុះឈ្មោះបានព្យាយាម បង្ខិតទីតាំងការិយាល័យចុះឈ្មោះ ទៅដល់ក្បែរពួកគាត់តែម្តង ដើម្បីពួកគាត់ងាយស្រួលក្នុងការមកចុះឈ្មោះ។

អំពីលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត លោក ហ៊ែល សារ៉ាត់ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ មានដូចខាងក្រោម៖

*អ្នកចុះឈ្មោះបោះឆ្នោតថ្មីមានចំនួន ២២៦.០៨៧នាក់ (ស្រ្តីចំនួន ១០៨.០៥៣នាក់)
(អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានចំនួន ១១៧.៩៩៥នាក់
*អ្នកស្នើសុំកែតម្រូវទិន្នន័យក្នុងបញ្ជីបោះឆ្នោតមានចំនួន ១៨.០៥០នាក់
(អ្នកផ្ទេរចូលក្នុងឃុំ សង្កាត់ថ្មីមានចំនួន ៤៥.៤០៩នាក់.

នេះជាលទ្ធផលបណ្តោះអាសន្នប៉ុណ្ណោះ ហើយតួលេខនេះនឹងត្រូវកើនឡើងបន្ថែមទៀត នៅពេលបូកបញ្ចូលតួលេខ ដែលក្រុមចុះឈ្មោះបោះឆ្នោតបានចុះបន្ថែមទៀតនៅក្នុងថ្ងៃទី១៩ ខែតុលា ដែលជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោត៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានព័ត៌មានរបស់ គ.ជ.ប៖