(ភ្នំពេញ)៖ លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានថ្លែងប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចថា លោកចៅក្រមស៊ើបសួរ ធាម ចន្ទ័ពិសិដ្ឋ បានកោះហៅឈ្មោះ ឆន សុគន្ធា ជាប្រធានផ្នែកស្រ្តីសមាគមអាដហុក មកសាកសួរជាសាក្សី នៅក្នុងសំណុំរឿងសូកប៉ាន់សាក្សី ដែលបានចោទប្រកាន់លើមន្រ្តីអាដហុក៤រូប នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ម៉ោង៩ព្រឹក។
សូមជំរាបថា កាលពីពេលថ្មីៗនេះ លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានកោះហៅលោក ប៉ា ងួនទៀង ឲ្យចូលបំភ្លឺនៅព្រឹកថ្ងៃទី១៨ ខែសីហា ខាងមុខនេះ។
សូមបញ្ជាក់ថា មន្រ្តីអាដហុក ៤រូប រួមមាន លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេត សមាគមអាដហុក, លោក យី សុខសាន្ត អនុប្រធាន ផ្នែកស៊ើបអង្កេត សមាគម អាដហុក, លោក ណៃ វ៉ងដា អនុប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក, លោកស្រី លឹម មុនី មន្រ្តីអង្កេត ជាន់ខ្ពស់អាដហុក និងលោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប កំពុងជាប់ឃុំបណ្តោះអាសន្ន នៅពន្ធធនាគារព្រៃស ពាក់ព័ន្ធនឹងបទល្មើសស៊កប៉ាន់សាក្សី និងសមគំនិតស៊កប៉ាន់សាក្សី ក្រោយពីមានការសាកសួរពីតុលាការ និង អង្គភាពប្រឆាំងអំពើពុករលួយ៕
ការឃុំខ្លួនមន្រ្តីទាំងអស់នេះបានធ្វើឡើងក្រោយពីកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលមានទំនាក់ទំនងស្នេហាជាមួយ លោក កឹម សុខា បានចេញលិខិតចំហរមួយ ដោយបានសរសេររៀបរាប់អំពីរឿងរ៉ាវ ដែលនាំឱ្យនាងលាក់បាំង មិនឆ្លើយការពិតប្រាប់សមត្ថកិច្ច អំពីទំនាក់ទំនងស្នេហាស៊ីជម្រៅ ជាមួយលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ដោយក្នុងនោះ នាងអះអាងថា ពាក់ព័ន្ធនឹងអ្នកទាំង ៥ខាងលើនេះ និងអ្នកដទៃ ជាអ្នកបង្គាប់ កុំឱ្យនាងនិយាយការពិតប្រាប់សមត្ថកិច្ច៕