(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំក្រុមការងារនីតិកម្មក្រសួងព័ត៌មាន ធ្វើការជួបប្រជុំជាមួយក្រុមប្រឹក្សាអ្នកច្បាប់ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដឹកនាំដោយលោកបណ្ឌិត ស៊ា ម៉ៅ អនុប្រធាន និងជាអគ្គលេខាធិការក្រុមប្រឹក្សាអ្នកច្បាប់ ដើម្បីពិភាក្សា និងស្នើសុំយោបល់ពាក់ព័ន្ធនឹងការកែសម្រួល និងការរៀបចំច្បាប់ បទដ្ឋានគតិយុត្ត ទាក់ទងនឹងវិស័យសារព័ត៌មាន ដើម្បីឲ្យស្របទៅនឹង ការវិវត្តជាក់ស្តែងរបស់ប្រទេសជាតិ ។

កិច្ចប្រជុំពិភាក្សានេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នាសាលប្រជុំក្រុមប្រឹក្សាអ្នកច្បាប់ អគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងពិភាក្សាការងារសំខាន់ៗចំនួន៣ រួមមាន៖

*ទី១៖ ការធ្វើវិសោធនកម្មច្បាប់ស្តីពីរបបសារព័ត៌មាន
*ទី២៖ ការធ្វើវិសោធនកម្មលើអនុក្រឹត្យ ស្តីពីការរៀបចំនិងប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន
*ទី៣៖ ការរៀបចំប្រតិបត្តិស្តង់ដារវិជ្ជាជីវៈក្រមសីលធម៌ អ្នកសារព័ត៌មាន (SQP)។

ច្បាប់ស្តីពីរបបសារព័ត៌មាន ត្រូវបានអនុម័តឲ្យប្រើប្រាស់ដោយ សភាជាតិ កាលពីឆ្នាំ ១៩៩៥។ ច្បាប់នេះ បានកំណត់របបសារព័ត៌មាន និងធានារ៉ាប់រងសេរីភាព សារព័ត៌មាន និងសេរីភាពខាងបោះពុម្ពផ្សាយ។
គិតមកទល់នឹងពេលនេះ ច្បាប់ស្តីពីរបបសារព័ត៌មានមាន អាយុកាល២៩ឆ្នាំហើយ។ រយៈពេល២៩ឆ្នាំមកនេះ វិស័យសារព័ត៌មាន នៅលើពិភពលោកជារួម និងនៅកម្ពុជាដោយឡែក មានការវិវឌ្ឍយ៉ាងខ្លាំង ហើយសេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅកម្ពុជា ត្រូវបានទទួលស្គាល់ថា មានការរីកចម្រើន និងគោរពបានយ៉ាងល្អ។

ដូច្នេះសម្រាប់កិច្ចប្រជុំនេះ ក៏ជាការចូលរួមចំណក ដើម្បីប្រែក្លាយច្បាប់ស្តីពីរបបសារព័ត៌មាន ដែលគ្រោងនឹងធ្វើវិសោធនកម្មសមស្របទៅនឹងការវិវត្តន៍នៃវិស័យសារព័ត៌មាននៅកម្ពុជា និងនៅលើពិភពលោក។

រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានបញ្ជាក់ថា «ក្រសួងព័ត៌មាន គ្រោងរៀបចំប្រតិបត្តិស្តង់ដាវិជ្ជាជីវៈក្រមសីលធម៌អ្នកសារព័ត៌មាន ដើម្បីអនុវត្តន៍នៅទូទាំងប្រទេស សម្រាប់លើកតម្កើងតំលៃអ្នកសារព័ត៌មាន និងគុណភាពអ្នកសារព័ត៌មាននៅកម្ពុជា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល លើការបង្កើនធនធានមនុស្សតាមរយៈការផ្សព្វផ្សាយព័ត៌មាន ពិត រហ័ស និងមានខ្លឹមសារល្អ»

លោកបន្ដថា «ក្រមសីលធម៍ប្រតិបត្តិរួមវិជ្ជាជីវៈសារព័ត៌មាន របស់ក្រសួងព័ត៌មាន ត្រូវទទួលបានការគាំទ្រពីអ្នក សារព័ត៌មាន ដើម្បីពង្រឹងគុណភាពសារព័ត៌មាន នៅកម្ពុជាកានតែល្អប្រសើរឡើង»

រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានគួសបញ្ជាក់ពីតូនាទីយ៉ាងសំខាន់ របស់អ្នកសារព័ត៌មាននៅក្នុងសង្គម ជួយសង្គម ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ តាមរយៈការផ្សាយព័ត៌មានពិត ត្រឹមត្រូវ មានគុណភាព លឿន រហ័សដល់ប្រជាពលរដ្ឋ។

ក្រសួងព័ត៌មាន មានគម្រោងផ្តួចផ្តើមបើកជាវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកអ្នកសារព័ត៌មាន និងទំនាក់ទំនងសាធារណៈ ដើម្បីជំរុញការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យព័ត៌មានឲ្យអ្នកសារព័ត៌មាន កាន់តែមានសមត្ថភាព ចំណេះដឹង គុណភាព និងភាពសម្បូរបែបថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ក្នុងបរិបទនៃសង្គម ឌីជីថល។

ក្រសួងព័ត៌មាន កំពុងដំណើរការងារផ្ដោត ជាសំខាន់ក្នុងធ្វើការទំនើបកម្មស្ថាប័ន និងរដ្ឋបាលទំនើប ដើម្បីធ្វើឲ្យក្រសួងព័ត៌មាន ក្លាយទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅធ្វើយ៉ាងណា គឺផ្សព្វផ្សាយពីការពិតរបស់កម្ពុជា ទៅកាន់មជ្ឈដដ្ឋានជាតិ និងអន្ដរជាតិ ជាស្ថាប័នផ្សព្វផ្សាយព័ត៌មានទាន់ពេលវេលា ពិតមានគុណភាព៕