(សៀមរាប)៖ លោក គឹម ផល្លី ប្រធានសមាគមដឹកភ្ញៀវទេសចរ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានលើកឡើងថា ក្នុងការចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរ មកកម្សាន្តនៅខេត្តសៀមរាប លោកបានលើកទឹកចិត្តដល់អ្នកជញ្ជូនភ្ញៀវ ដែលជាសមាជិកសមាគមទាំងអស់ ត្រូវមានអាកប្បកិរិយា សុភាពរាបសាររាក់ទាក់ និងហាមទារលុយពីភ្ញៀវទេសចរ លើសពីការកំណត់ ដើម្បីផ្តល់ទំនុកចិត្តដល់ភ្ញៀវទេសចរអន្តរជាតិ ខណៈបច្ចុប្បន្ននេះចំនួនភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាប នៅមានកម្រិតនៅឡើយ បើធៀបទៅនឹងមុនវិបត្តិនៃជំងឺកូវីដ-១៩។
លោក គឹម ផល្លី បានលើកឡើងបន្តថា «ដើម្បីចូលរួមក្នុងវិស័យទេសចរណ៍ ឲ្យមានការរីកចម្រើន ហើយនឹងទទួលបាននូវផាសុខភាព សុវត្ថិភាព គុណភាព និងមានទំនុកចិត្តដល់ភ្ញៀវទេសចរ យើងបានរៀបចំបទបញ្ជាផ្ទៃក្នុង សម្រាប់សមាជិកក្នុងការដឹកភ្ញៀវទេសចរ ពីព្រលានយន្តហោះកាន់ខេត្តសៀមរាប ត្រូវមានសម្លៀកបំពាក់ឲ្យបានត្រឹមត្រូវ តាមការកំណត់របស់សមាគម ពាក់កាតជាប់ជាប្រចាំ និងតាមលេខរៀងឲ្យបានត្រឹមត្រូវ ព្រមទាំងមានអាកប្បកិរិយាទន់ភ្លន់ សុភាពរាបសារ ដើម្បីជាការទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរ ដែលទើបមកដល់ខេត្តសៀមរាប និងដើម្បីឲ្យទេសចរគិតថា ប្រជាពលរដ្ឋខ្មែរ មានស្នាមញញឹម រួសរាក់ទាក់ មានសុជីវធម៌ ជាជនជាតិមួយ ដែលគួរឲ្យចង់រាប់អានផងដែរ»។
ជាមួយគ្នានេះ ចំពោះការដឹកភ្ញៀវទេសចរទៅខេត្តសៀមរាប ហាមដាក់ភ្ញៀវទេសចរខុសគោលដៅ និងហាមទារលុយពីភ្ញៀវទេសចរលើសពីសមាគមដែលបានកំណត់។ ហើយត្រូវមានចំណេះដឹងខាងភាសាបរទេស និងវប្បធម៌ទូទៅ ជាពិសេសទាក់ទងនឹងប្រាសាទ ណែនាំពីកន្លែងទេសចរណ៍នានា នៅក្នុងខេត្តដល់ភ្ញៀវទេសចរ និងពីការរីកចម្រើនប្រទេសកម្ពុជា ជាពិសេសខេត្តសៀមរាប។
លោក គឹម ផល្លី បានឱ្យដឹងផងដែរថា បច្ចុប្បន្ននេះជើងយន្តហោះចុះនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានប្រមាណ១៤-១៧ជើងប៉ុណ្ណោះក្នុងមួយថ្ងៃ បើប្រៀបធៀបទៅនឹងសម័យមុនកូវីដ១៩ មានរហូតដល់៨០ជើងក្នុងមួយថ្ងៃ ហើយឆ្នាំខ្លះនៅរដូវដែលមានភ្ញៀវទេសចរច្រើនមានការកើនរហូតដល់ ១០០ជើងក្នុងមួយថ្ងៃ ដោយសម័យនោះ ពុំមានផលប៉ះពាល់ជាសកលទៅលើបញ្ហាផ្សេងៗ ដូច្នេះហើយទើបមានទេសចរមកច្រើន។
លោក គឹម ផល្លី រំពឹងថាទស្សនៈវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានខិតខំផ្សព្វផ្សាយទៅក្រៅប្រទេស ធ្វើយ៉ាងណាឲ្យប្រទេស ដែលមានក្រុមហ៊ុនអាកាសចរណ៍ធំៗ អាចហោះហើរត្រង់មកអាកាសយានដ្ឋានសៀមរាប ដើម្បីផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋ មានជីវភាពកាន់តែប្រសើរ និងលើកស្ទួយសេដ្ឋកិច្ចកាន់តែមានការរីកចំរើនថែមទៀត។
បើតាមលោក គឹម ផល្លី សមាគមដឹកភ្ញៀវទេសចរនៅព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ កើតឡើងតាំងពីឆ្នាំ១៩៩៨ និងបច្ចុប្បន្ននេះ មានសមាជិកចំនួន ៣៣០នាក់ផងដែរ៕