(ស្វាយរៀង)៖ ក្រុមមន្រ្តីកិច្ចសន្យាជំនាញសុខាភិបាល មានគ្នាជាង១០០នាក់ ដែលកំពុងបម្រើការងារ នៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យនានា ក្នុងខេត្តស្វាយរៀង គ្រោងនឹងជួបជុំគ្នាស្នើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជួយអន្តរាគមន៍បញ្ចូលពួកគាត់ទៅ ក្នុងក្របខណ្ឌពេញសិទ្ធិ និងដើម្បីលើកពីបញ្ហាពាក់ព័ន្ធនឹងប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង លោក កែរ រដ្ឋា ដែលបានទារលុយពីពួកគាត់ ជាថ្នូរបានចូលជាមន្រ្តីក្របខណ្ឌពេញសិទ្ធិ។
ការស្នើសុំទៅប្រមុខរាជរដ្ឋាភិបាលខាងលើនេះ ក្រោយពីពួកគេបានដឹងថា សម្តេចតេជោ ហ៊ុន សែន នឹងចុះទៅសួរសុខទុក្ខមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋ នៅខេត្តស្វាយរៀង នាពេលឆាប់ៗនេះ។
លោក ម៉ៅ ស៊ីថា មន្រ្តីកិច្ចសន្យារបស់មន្ទីរសុខាភិបាលខេត្តស្វាយរៀង បានថ្លែងប្រាប់អង្គភាព Fresh News ថា កន្លងមកមន្រ្តីកិច្ចសន្យាជាច្រើននាក់ បាននាំគ្នាដាក់ពាក្យប្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU), ប្ដឹងទៅក្រសួងសុខាភិបាល និងទៅខុទ្ទកាល័យសម្ដេចតេជោ ជាច្រើនលើកហើយ ដើម្បីប្ដឹងលោក កែរ រដ្ឋា ពាក់ព័ន្ធរឿងទារលុយសំណូកពីមន្រ្តីកិច្ចសន្យាជំនាញសុខាភិបាល ជាថ្នូរបញ្ជូលទៅក្នុងក្របខណ្ឌក្រសួងសុខាភិបាលពេញសិទ្ធិ។
លោក ម៉ៅ ស៊ីថា បានបន្តថា លោកក៏ធ្លាប់បានទៅឆ្លើយបំភ្លឺនៅ ACU ម្ដងរួចមកហើយ ប៉ុន្តែរហូតដល់រយៈពេលជាង១ខែមកហើយ មិនទាន់មានចំណាត់ការលើ លោក កែរ រដ្ឋា នៅឡើយ។
លោកថា «ក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន នឹងមកទស្សនកិច្ចនៅខេត្តស្វាយរៀង មន្រ្តីកិច្ចសន្យាទាំងអស់ដែលមានសញ្ញាបត្រពេទ្យ នឹងនាំគ្នាតវ៉ាសុំជួបសម្ដេចតេជោ ហើយពួកយើងនឹងស្នើសុំឱ្យសម្ដេច បញ្ជូលពួកយើងទៅក្នុងក្របខណ្ឌក្រសួងសុខាភិបាល ជាពិសេសពួកយើងនឹងស្នើសុំសម្ដេចឱ្យដក លោក កែរ រដ្ឋា ដែលជាមន្រ្តីពុករលួយ ចេញពីប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង»។
ជាមួយគ្នានេះ លោក ស សុខហ៊ន មន្រ្តីកិច្ចសន្យាម្នាក់ដែរ បានឱ្យដឹងដែរថា លោកបានដាក់ពាក្យប្ដឹង លោក កែរ រដ្ឋា ពាក់ព័ន្ធទៅនឹងអំពើពុករលួយ ហើយត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយសាកសួរ ចំនួន៣ដង រួចមកហើយ។
លោកថា «លោក កែរ រដ្ឋា បានប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ តាមរយៈការបញ្ជូលឈ្មោះមន្រ្តីកិច្ចសន្យាទៅក្របខណ្ឌក្រសួងពេញសិទ្ធិ តែមន្រ្តីខ្លះមិនមែនជាមន្រ្តីកិច្ចសន្យាទេ គឺពួកគេទាំងនោះបានសូកលុយរាប់ពាន់ដុល្លា ឱ្យប្រពន្ធលោកប្រធានមន្ទីរ»។
លោក ស សុខហ៊ន បានបន្តថា ក្នុងករណីនេះ លោក កែរ រដ្ឋា បានកែកាលបរិច្ឆេទ ក្នុងលិខិតបង្គាប់ការចូលបម្រើការងាររបស់បុគ្គលិកទាំង៤៨រូប ឯពួកគាត់ទាំងអស់គ្នា ត្រូវលោក កែរ រដ្ឋា បរាមុខស្ដីឱ្យថា «គ្មានសញ្ញាបត្រ, សញ្ញាបត្រក្លែងក្លាយ ជាកម្មករបោសសម្អាត» ប៉ុន្តែលោក កែរ រដ្ឋា បែរជាយកអ្នកគ្មានសញ្ញាបត្រ ចំនួន៤នាក់ ដាក់ចូលក្របខណ្ឌទៅវិញ។
មន្រ្តីជាប់កិច្ចសន្យារូបនេះ មានការឈឺចាប់យ៉ាងខ្លាំង ដោយអះអាងថា «ពួកខ្ញុំនឹងតវ៉ាឱ្យសម្ដេច ហ៊ុន សែន ជួយរកយុត្តិធម៌ដល់ពួកខ្ញុំ និងសុំឱ្យសម្ដេចដកលោក កែរ រដ្ឋា ចេញពីប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង ដូចដែលសម្ដេចបានដកប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ»។
បើតាមមន្រ្តីដដែលនេះ លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ កាលពីពេលថ្មីៗនេះ បានថ្លែងប្រាប់វិទ្យុក្នុងស្រុកថា ពាក់ព័ន្ធទៅនឹងសំណុំរឿងពុករលួយរបស់ កែរ រដ្ឋា បានឱ្យដឹងថា «ACU កំពុងធ្វើការស៊ើបអង្កេតលើសំណុំរឿងនេះ ហើយលោក កែរ រដ្ឋា ក៏បានឡើងមកធ្វើការឆ្លើយបំភ្លឺជុំវិញការចោទប្រកាន់នេះ កាលពីសប្ដាហ៍មុនហើយដែរ។ កាលនោះ លោក ឱម យិុនទៀង ក៏បង្ហើបថា ACU ចាប់បានភស្តុតាងបន្ថែម គឺលោក ប្រធានមន្ទីរសុខាភិបាលស្វាយរៀង ចង់ធ្វើបាបអ្នកប្ដឹងរូបលោកពីបទពុករលួយថែមទៀតផង។
ពាក់ព័ន្ធនឹងគម្រោងតវ៉ារបស់មន្រ្តីកិច្ចសន្យាមន្ទីរសុខាភិបាលខេត្តស្វាយរៀងនេះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ក៏បានថ្លែងឱ្យដឹងថា លោកមិនបានដឹងពីគម្រោងការតវ៉ានេះទេ ក៏ប៉ុន្តែកន្លងមក ខេត្តបានធ្វើការណែនាំ២ដង រួចមកហើយ ឱ្យមន្ទីរសុខាភិបាលបញ្ជូនឈ្មោះមន្រ្តីកិច្ចសន្យាដែលមានសញ្ញាបត្រពេទ្យទៅក្នុងក្របខ័ណ្ឌរដ្ឋដែរ។
លោកអភិបាលខេត្តបានសង្កត់ធ្ងន់ថា «ប្រសិនបើលោកប្រធានមន្ទីរសុខាភិបាល ធ្វើអ្វីដែលផ្ទុយនឹងច្បាប់ ឬប្រព្រឹត្តអំពើពុករលួយជាដើម នោះលោកត្រូវតែទទួលខុសត្រូវនៅចំពោះមុខច្បាប់»។
អង្គភាព Fresh News មិនអាចសុំការអត្ថាធិប្បាយពីលោក កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែងបានទេ ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ និងការស្នើសុំឱ្យសម្ដេចតេជោ ដកតំណែងរូបលោកចេញពីប្រធានមន្ទីរសុខាភិបាលនេះ៕