(ភ្នំពេញ)៖ ពូជស្រូវ «ចំប៉ីស៧០» ដែលទើបប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីដើមឆ្នាំ២០២៣ មកទល់បច្ចុប្បន្ននេះ ផលិតពូជគ្រឹះបានប្រមាណជិត ២០តោនហើយ និងរំពឹងថានៅឆ្នាំក្រោយអាចនឹងផលិតស្រូវចំណីបាន ៥០ម៉ឺនតោន សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ។
លោក ឡោ ប៊ុណ្ណា នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា នៅឆ្នាំ២០២៣នេះ CARDI មានគម្រោងផលិតពូជគ្រឹះប្រមាណ២០តោន ដើម្បីចែកជូនដល់សហគមន៍ ឬសមាគមកសិករ និងក្រុមហ៊ុនឯកជន យកទៅផលិតពូជចុះបញ្ជី និងពូជអនុញ្ញាតសម្រាប់ចែកចាយ និងផ្គត់ផ្គង់ពូជសុទ្ធ ដល់កសិករដែលមានបំណងចង់ដាំស្រូវនេះ។
នៅក្នុងបច្ចេកទេសផលិតពូជ ត្រូវបានចែកចេញជា ៥ចំណាត់ថ្នាក់ មុននឹងចែកចាយពូជដល់កសិករ សម្រាប់ផលិតស្រូវចំណី ក្នុងនោះរួមមាន ចំណាត់ថ្នាក់ទី១ រុក្ខាជម្រើស, ទី២ ពូជសុទ្ធគ្រឹះ, ទី៣ ពូជចុះបញ្ជី, ទី៤ ពូជស្រូវអនុញ្ញាត និងទី៥ ពូជសុទ្ធ។
លោកបានឱ្យដឹងថា បច្ចុប្បន្ននេះ CARDI ផលិតបានពូជសុទ្ធគ្រឹះបានជាង ១០តោនហើយ ដែលនឹងគ្រប់តាមផែនការ ២០តោននៅចុងឆ្នាំនេះ។
លោកបានពន្យល់ថា សម្រាប់ពូជគ្រឹះក្នុង ២០តោននេះ សហគមន៍ ក្រុមហ៊ុនឯកជន និងអ្នកពាក់ព័ន្ធ អាចយកទៅធ្វើការដាំដុះដោយប្រើក្នុងកម្រិត ១០០គីឡូក្នុងមួយហិកតា ដែលអាចធ្វើបានរហូតដល់ ២០០ហិកតា។ ហេតុនេះយើងនឹងទទួលបានពូជចុះបញ្ជី ប្រហែលខ្ទង់ ៦០០តោន។ សម្រាប់ពូជចុះបញ្ជី ៦០០តោននេះ ធ្វើការផលិតបន្ត នឹងទទួលបានពូជសុទ្ធអនុញ្ញាត រហូតដល់១ម៉ឺន៨ពាន់តោន។ ដូច្នេះ ពូជសុទ្ធ ដែលនឹងផ្តល់ជូនដល់កសិករក្នុងការដាំដុះ ដើម្បីផលិតជាស្រូវចំណី នឹងទទួលបានស្រូវជាង៥០ម៉ឺនតោន។
លោកពន្យល់បន្ថែមថា «ពូជសុទ្ធគ្រឹះ ២០តោន ទៅដល់កសិករអាចបានស្រូវចំណីជាងកន្លះលានតោន។ បើយើងគិតជាមធ្យមត្រឹម ៣តោនក្នុងមួយហិកតា។ អីចឹងគិតមកដល់ពេលនេះ យើងបានរុញទៅកសិករប្រើប្រាស់នៅតាមខេត្តមួយចំនួន។ ចំពោះការចែកចាយវិទ្យាស្ថាន យើងអត់ធ្វើការចែកចាយជាទូលំទូលាយទេ គឺយើងផ្តល់ទៅតាមសហគមន៍ឬមួយក៏វិស័យឯកជន ឬសមាគមកសិករ ដែលគាត់ត្រូវការសម្រាប់ការដាំដុះពូជនេះ»។
លោកបានឱ្យដឹងផងដែរថា បន្ថែមពីការចែកចាយពូជទៅដល់សហគមន៍ សមាគម ឬវិស័យឯកជន ដែលមានបំណងចង់ដាំដុះពូជស្រូវថ្មីនេះ CARDI រួមនឹងដៃគូអភិវឌ្ឍន៍ ក៏បានផ្សព្វផ្សាយដល់កសិករឱ្យស្គាល់ពូជនេះ និងបច្ចេកទេសដាំដុះរបស់ពូជស្រូវនេះ នៅតាមបណ្តាខេត្តមួយចំនួនផងដែរ ដូចជានៅខេត្តត្បូងឃ្មុំ កំពង់ចាម ព្រៃវែង តាកែវ កំពត កំពង់ធំ ឧត្តរមានជ័យ និងបន្ទាយមានជ័យ ព្រមទាំងត្រៀមសហការគ្នាបន្តទៀត ដើម្បីបង្កើនការផ្សព្វផ្សាយទៅកសិករក្នុងបណ្តាខេត្តផ្សេងៗទៀត។
កាលពីខែមេសា ឆ្នាំ២០២៣ កម្ពុជា និងអូស្ត្រាលី ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការពូជស្រូវក្រអូបថ្មី «ចំប៉ីស ៧០» ក្រោយពីបានធ្វើការសិក្សាស្រាវជ្រាវអស់រយៈពេល ៩ ឆ្នាំ និងធ្វើពិសោធន៍លើដីស្រែរបស់កសិករប្រមាណ ៨០ កន្លែង ទាំងក្នុងរដូវប្រាំង និងរដូវវស្សា។
ពូជ «ចំប៉ីស ៧០» គឺជាពូជស្រូវស្រាល និងជាប្រភេទអង្ករក្រអូប ធន់នឹងអាកាសធាតុ មិនប្រកាន់រដូវ ដាំដុះក្នុងរយៈពេលខ្លីត្រឹម៩០ថ្ងៃ។ «ចំប៉ីស៧០» ត្រូវបានបង្កាត់ចេញពីពូជស្រូវផ្ការំដួល ជាមួយនឹងស្រឡាយស្រូវ មិនប្រកាន់រដូវ។
លក្ខណៈពិសេស របស់ពូជ «ចំប៉ីស ៧០» គឺអង្ករលក្ខណៈសល្អ មានប្រវែងប្រហាក់ប្រហែលនឹងផ្ការំដួល និងមានក្លិនក្រអូប តែមិនក្រអូបខ្លាំងដូចផ្ការំដួលទេ។ កសិករអាចដាំដុះបានចាប់ពី២ ទៅ៣ដងក្នុងមួយឆ្នាំ ដែលអាចផ្គត់ផ្គង់ទីផ្សារបានមួយឆ្នាំពេញ ខុសពីពូជផ្ការំដួលដែលអាចធ្វើបានតែម្តង ក្នុងមួយឆ្នាំប៉ុណ្ណោះ។
លោក ឡោ ប៊ុណ្ណា បានលើកឡើងបន្តថា «ពូជថ្មីនេះ កសិករអាចធ្វើបានគ្រប់រដូវកាល ប្រសិនបើតំបន់នោះមានទឹកគ្រប់គ្រាន់។
ឧទាហរណ៍ដូចជាយើងធ្វើនៅពេលមុនទឹកឡើង ធ្វើនៅពេលបណ្តេញទឹក ហើយយើងក៏អាចអាចធ្វើនៅតំបន់ស្រោចស្រព ព្រោះពេលវេលាខ្លីវាអាចត្រូវការទឹកតិច ជាពិសេសយើងធ្វើនៅរដូវវស្សានៅតំបន់ទំនាប តំបន់ដែលពុំសូវមានទឹកព្រោះវាត្រូវការទឹកតិច»។
លោកបន្តថា ដោយសារ អង្ករ «ចំប៉ីស ៧០» មានលក្ខណៈស្រដៀងអង្ករផ្ការំដួល ដែលជាអង្ករជាប់ពានរង្វាន់អង្ករល្អដាច់គេក្នុងពិភពលោក មានគ្រាប់អង្ករសល្អ និងមានក្លិនក្រអូប នៅថ្ងៃខាងមុខអង្ករ «ចំប៉ីស ៧០» ក៏អាចនឹងមានទីផ្សារល្អផងដែរ ។
លោកបន្តថា «នៅក្នុងស្រុកយើងមួយចំនួន គេចាប់ផ្តើមត្រូវការហើយ។ ហើយនៅតាមប្រទេសមួយចំនួន ដូចជាក្រុមហ៊ុនមួយនៅអឺរ៉ុប គេបានធ្វើតេស្តសាកល្បងទៅ គេថាពូជនេះអាចនាំទៅអឺរ៉ុបបាន។ អីចឹងយើងក៏ជំរុញឱ្យកសិករដាំដុះ ហើយយើងសហការជាមួយសហព័ន្ធស្រូវអង្ករ ដើម្បីឱ្យគាត់រកទីផ្សារ នាំចេញទៅកាន់ប្រទេសមួយចំនួន ដែលត្រូវការប្រភេទអង្ករក្រអូប»៕