(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែសីហា នេះ សាលាដំបូងរាជធានីភ្នំពេញ បានបន្តបើកសវនាការសំណុំរឿងបាញ់សម្លាប់លោកឧកញ៉ា អ៉ឹង ម៉េងជឺ កក្រើករាជធានីភ្នំពេញ ដែលមានលោក ថោង សារ៉ាត់ អតីតមានងារជាឧកញ៉ា និង ជាម្ចាស់បុរី៩៩៩ ជាមេខ្លោង។
ហេតុការណ៍បាញ់សម្លាប់លោកឧកញ៉ា អ៉ឹង ម៉េងជឺ កក្រើករាជធានីភ្នំពេញ នេះកើតឡើងកាលវេលាម៉ោង៧៖១៨នាទី យប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈពេលលោកឧកញ៉ា អ៉ឹង ម៉េងជឺ ចុះពីរថយន្តឡិចស៊ីស ៥៧០ ដើម្បីទៅទិញផ្លែឈើ នៅមុខហាងលក់ផ្លែឈើ ឡោ តិចសេង ស្ថិតនៅផ្លូវលេខ ២៧៤ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន។
កាលពីពេលកន្លងមក តុលាការបានចោទប្រកាន់លោក ថោង សារ៉ាត់ ពីបទផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន។ ចំណែកក្រុមអង្គរក្សបានចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន និងបទសមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន។
យោងតាមមាត្រា២០០ និង ២៩ នៃក្រមព្រហ្មទណ្ឌ ឃើញថា ក្រុមជនត្រូវចោទទាំងអស់អាច ប្រឈមមុខនឹងការជាប់ពន្ធនាគារអស់មួយជីវិត ប្រសិនបើតុលាការរកឃើញថា មានពិរុទ្ធ ភាពដូច ការចោទប្រកាន់មែន៕