(បាងកក)៖ យោធាថៃបាននិយាយថា ពួកគេកំពុងតែស្វែងរកឧទ្ធម្ភាគចក្រយោធាមួយគ្រឿង ដែលបានបាត់ដំណឹង នៅថ្ងៃអាទិត្យស្ថិតនៅភាគខាងជើងប្រទេស ជាមួយនឹងអ្នកជិះនៅលើនោះទាំងអស់ ០៥នាក់។ នេះបើតាមការចេញ ផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០១៦។
ឧទ្ធម្ភាគចក្រខាងលើនេះជាប្រភេទ UH-72 បានបាត់តំណឹងតាំងពីវេលាម៉ោង ១០៖៣០នាទីព្រឹកថ្ងៃអាទិត្យមកម្ល៉េះ បន្ទាប់ពីបានធ្វើការហោះហើរអស់រយៈពេល ៣០នាទី។ នេះបើតាមការសម្តីរបស់អគ្គមេបញ្ជាការភូមិភាគបីរបស់ថៃ លោកឧត្តមសេនីយ៍ Somsak Ninbanjerdkun ដែលកំពុងតែដឹកនាំប្រតិបត្តិការស្វែងរក រហូតមកដល់ព្រឹកថ្ងៃចន្ទ នេះនៅភាគខាងជើងប្រទេស។
អ្នកនាំពាក្យយោធាលោក Winthai Suvaree បានប្រាប់សារព័ត៌មានក្នុងស្រុកថា «ឧទ្ធម្ភាគចក្រ នៅតែមិនទាន់ រកឃើញនៅឡើយទេ។ វាត្រូវបានបញ្ជូនទៅបំពេញបេសកកម្មពីមូលដ្ឋាន Phitsanuloke ទៅកាន់ស្រុក Pai ក្បែរព្រំដែនមីយ៉ាន់ម៉ា ដើម្បីសង្គ្រោះជនរងគ្រោះដោយទឹកជំនន់» ហើយនៅព្រឹកនេះផងដែរ រដ្ឋាភិបាលថៃ បានបញ្ជូនទ័ពឆ័ត្រយោងដើម្បីជួយស្វែងរកបន្ថែម៕