(រតនគិរី)៖ ឧត្តមសេនីយ៍ឯក សៀក សុជាតិ នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជានាយកទីចាត់ការការងារព្រំដែនអគ្គបញ្ជាការ នៅថ្ងៃចុងសប្តាហ៍កន្លងទៅនេះ បានធ្វើដំណើរដ៏វែងឆ្ងាយទៅពិនិត្យតំបន់ព្រំដែនរបស់កម្ពុជា នៅតំបន់ភូមិសាស្រ្តព្រំដែនកម្ពុជា ឡាវ និងវៀតណាម កន្ទុយនាគ ដែលជាចំណុចឆ្ងាយបំផុត នៃភូមិភាគឦសានប្រទេសកម្ពុជា ។
ក្នុងដំណើរចុះទៅកាន់តំនប់កន្ទុយនាគនេះ ឧត្តមសេនីយ៍ឯក សៀក សុជាតិ ក្រៅពីត្រួតពិនិត្យបង្គោលព្រំដែនហើយនោះ ក៏បានចុះសួរសុខទុក្ខ ព្រមទាំងឧបត្ថម្ភថវិកាមួយចំនួនដល់កងអនុសេនាធំទី៣ ចំណុះវរសេនាតូចការពារព្រំដែនលេខ១០២ ដែលឈរជើងការពារព្រំដែននៅតំបន់កន្ទុយនាគ ស្ថិតក្នុងភូមិសាស្ត្រអូរយ៉ាគីម ស្រុកតាវែង ខេត្តរតនគិរី ទល់មុខស្រុកង៉ុកហូយ ខេត្តកន្ទុំ ប្រទេសវៀតណាម។
ឧត្តមសេនីយ៍ឯក សៀក សុជាតិ បានផ្តាំផ្ញើដល់កងកម្លាំង ដែលកំពុងឈរជើងការពារព្រំដែននៅក្នុងតំបន់កន្ទុយនាគនេះ បង្កើនការចុះល្បាតនៅតាមបន្ទាត់ព្រំដែន ហើយត្រូវមានកិច្ចសហការល្អជាមួយកងទ័ពប្រទេសមានព្រំដែនជាប់គ្នារួមមានឡាវ និងវៀតណាម ដើម្បីធ្វើឲ្យសន្តិសុខនៅតាមព្រំដែនមានភាពល្អប្រសើរក្នុងនាមជាប្រទេសមានភូមិផងរបងជាប់គ្នា។
សូមបញ្ជាក់ថា តំបន់កន្ទុយនាគ គឺជាតំបន់ភ្នំខ្ពស់មួយ ជាចំណុចប្រសប់រវាងព្រំដែនកម្ពុជា ឡាវ និងវៀតណាម។ ដើម្បីធ្វើដំណើរទៅដល់តំបន់ព្រំដែនកន្ទុយនាគ នាពេលបច្ចុប្បន្ននេះគេត្រូវធ្វើដំណើរឆ្លងកាត់តាមខេត្តកន្ទុំ ប្រទេសវៀតណាម ដោយសារផ្លូវពីខេត្តរតនគិរី ឆ្ពោះទៅកាន់តំបន់កន្ទុយនាគ មិនទាន់មាននៅឡើយនោះទេ។ តែបច្ចុប្បន្នកងកម្លាំងវិស្វកម្មកំពុងសាងសង់ផ្លូវទៅកាន់តំបន់នោះ ដោយរំពឹងថា ក្រោយសាងសង់ផ្លូវនឹងទាក់ទាញបានភ្ញៀវទេសចរបន្ថែម ហើយជួយឲ្យជីវភាពប្រជាពលរដ្ឋនៅតំបន់នោះបានល្អប្រសើរផងដែរ៕