(ស្ទឹងត្រែង)៖ ដើម្បីចូលរួមជាមួយនឹងក្រសួង-ស្ថាប័នទាំងអស់ ក្នុងសកម្មភាពពហុវិស័យរបស់រាជរដ្ឋាភិបាល ចំពោះការប្រយុទ្ធប្រឆាំងជំងឺអេដស៍ និងទប់ស្កាត់ការប្រើប្រាស់ ជួញដូរ ចរាចរណ៍គ្រឿងញៀន នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តស្ទឹងត្រែង លោក​ ខាយ ឃុនហេង រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្តីពី «ការចូលរួមបញ្ចប់ជំងឺអេដស៍នៅកម្ពុជា ឆ្នាំ២០២៥ និងទប់ស្កាត់ការប្រើប្រាស់ ជួញដូរ ចរាចរណ៍គ្រឿងញៀនតាមបញ្ញើប្រៃសណីយ៍»។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង លោក សែម វ៉ាន់ស៊ីម អភិបាលរងខេត្តស្ទឹងត្រែង លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តចំនួន៥ រួមមាន ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តព្រះវិហារ និងខេត្តក្រចេះ ព្រមទាំងសាខាប្រតិបត្តិករផ្តល់សេវាប្រៃសណីយ៍ សរុបប្រមាណ ៥០រូប។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងចូលរួមចំណែកផ្តល់ចំណេះដឹង ជូនសិក្ខាកាម ជាមន្ត្រីរាជការមកពីមន្ទីរ ប.ទ.ខេត្ត សាខាប្រតិបត្តិករផ្តល់សេវាប្រៃសណីយ៍ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ស្តីពីការឆ្លង ការការពារ ការថែទាំ ការព្យាបាលអ្នកផ្ទុកមេរោគអេដស៍ និងផលវិបាកគ្រោះថ្នាក់ និងឥទ្ធិពលនៃគ្រឿងញៀនមកលើក្រុមគ្រួសារនិងសង្គមជាតិ និងដើម្បីបន្តផ្សព្វផ្សាយ និងលើកទឹកចិត្តដល់សិក្ខាកាម ដែលបានចូលរួមទាំងអស់ ឲ្យបង្កើនការគាំទ្រចូលរួមបញ្ចប់អេដស៍ ឲ្យបាននៅឆ្នាំ២០២៥ និងទប់ស្កាត់ការចរាចរណ៍គ្រឿងញៀន តាមបញ្ញើប្រៃសណីយ៍ សំដៅឆ្លើយតបតាមផែនការ និងទិសដៅក្នុងការទប់ស្កាត់ការឆ្លងជំងឺអេដស៍ និងការប្រើប្រាស់គ្រឿងញៀនរបស់រាជរដ្ឋាភិបាល។

ថ្លែងក្នុងឱកាសនោះ រដ្ឋលេខាធិការ ខាយ ឃុនហេង បានថ្លែងថា សិក្ខាកាមដែលបានចូលរួមនៅថ្ងៃនេះ គឺជាសកម្មជន ជាចលករ ចូលរួមបញ្ចប់ជំងឺអេដស៍ និងទប់ស្កាត់ការប្រើប្រាស់ ជួញដូរ និងចរាចរណ៍គ្រឿងញៀន ក្នុងការត្រួតពិនិត្យនិងរិតបន្តឹងការទទួលកញ្ចប់បញ្ញើ ដែលក្រុមហ៊ុនរបស់ខ្លួនកំពុងតែបម្រើសេវាលើបញ្ញើប្រៃសណីយ៍ ព្រមទាំងបានស្នើដល់ លោក លោកស្រី ជាតំណាងប្រតិបត្តិករប្រៃសណីយ៍ ត្រូវយកចំណេះដឹងនេះ ដើម្បីបន្តគាំទ្រសកម្មភាពជួយសង្គម តាមការផ្សព្វផ្សាយចែករំលែកបន្ត។

ស្របជាមួយគ្នានេះ លោករដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់វាគ្មិនដែលបានចំណាយពេល ក្នុងការចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ថ្មីៗពាក់ព័ន្ធនឹងជំងឺអេដស៍ និងគ្រឿងញៀន ជូនសិក្ខាកាម ជាមន្ត្រីរាជការមកពីមន្ទីរ ប.ទ.ខេត្ត សាខាប្រតិបត្តិករផ្តល់សេវាប្រៃសណីយ៍ ដើម្បីសហការ និងអនុវត្តឲ្យមានប្រសិទ្ធភាពផងដែរ៕