(ភ្នំពេញ)៖ បណ្តាញព័ត៌មាន Fresh News របស់កម្ពុជា និងមេដឹកនាំ​នៃ​បណ្តាប្រព័ន្ធ​ផ្សព្វផ្សាយ​នានា លើពិភពលោក ពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ បានចូលរួមពិធីជួបជុំមួយ ដែលមានឈ្មោះថា «វេទិកាកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយឆ្នាំ២០២៣ ស្តីពីខ្សែក្រវាត់ និងផ្លូវ» ប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ នៅទីក្រុងប៉េកាំង ប្រទេសចិន ក្រោមប្រធានបទ «ការពង្រឹងកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយសម្រាប់អនាគតដ៏ត្រចះត្រចង់»។

វេទិកា​នេះ​រៀបចំដោយ People's Daily ដែលជាកាសែតផ្លូវការ របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ដោយអញ្ជើញ​មេដឹកនាំ​នៃ​បណ្តាប្រព័ន្ធ​ផ្សព្វផ្សាយ​នានា លើពិភពលោក ចំនួន៧៥ ជាពិសេស​អ្នកពាក់ព័ន្ធ គំនិតផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ ហើយលោក LI Shulei សមាជិកការិយាល័យនយោបាយ លេខាធិការនៃលេខាធិការដ្ឋាន និងជាប្រធាននាយកដ្ឋានផ្សព្វផ្សាយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានអញ្ជើញបើកវេទិកានេះ។

គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ត្រូវបានប្រកាសដាក់ចេញដោយ លោក ស៊ី ជិនពីង កាលពីឆ្នាំ២០១៣ គោលបំណងជ្រោងទង់អភិវឌ្ឍន៍ ដោយ សន្តិ ភាព អភិវឌ្ឍយ៉ាងសកម្មនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការសេដ្ឋកិច្ច នៃប្រទេស តាម បណ្តោយ «ខ្សែក្រវាត់និងផ្លូវ» ព្រមទាំងរួមគ្នាកសាងសហគមន៍ផលប្រយោជន៍រួម សហគមន៍ជោគវាសនារួម និងសហគមន៍ទំនួលខុសត្រូវរួម ដែលមានទំនុកចិត្តខាង នយោ បាយទៅវិញទៅមក ធ្វើសមាហរណកម្មសេដ្ឋកិច្ច និងមានភាពបរិយាប័ន្នផ្នែកវប្បធម៌ ។

យុទ្ធសាស្ត្រនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ព្យាយាមលើកកម្ពស់ និងសម្របសម្រួល ការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ថដឹកជញ្ជូន ថាមពល ពាណិជ្ជកម្ម និងការប្រាស្រ័យទាក់ទង ព្រម ទាំង ការងារដទៃទៀត។

គំនិតផ្តួចផ្តើមនេះ គឺឈរលើមូលដ្ឋាននៃផ្លូវសូត្រពាណិជ្ជកម្មតាមផ្លូវគោកបុរាណ និងផ្លូវ សូត្រ ពាណិជ្ជកម្មតាមផ្លូវសមុទ្របុរាណ។ ក្នុងនោះ ផ្លូវសូត្រពាណិជ្ជកម្មតាមផ្លូវ គោក បុរាណ ត្រូវបានបង្កើតឡើងកាលពីជាង ២ ពាន់ឆ្នាំមុន មានប្រភពចេញពីក្រុង ស៊ីអាន ប្រទេសចិន ឆ្លងកាត់ប្រទេសជាច្រើននៅអាស៊ីកណ្តាលនិងអាស៊ីបូព៌ា រហូតទៅដល់ឧបទ្វីប អ៉ីតាលីនាសម័យបុរាណ ដែលមានប្រវែងសរុប ៦៤៤០គីឡូម៉ែត្រ។ ចំណែកឯផ្លូវសូត្រ ពាណិជ្ជកម្មតាមផ្លូវទឹកបុរាណវិញ ក៏មានអាយុកាលជាង ២ពាន់ឆ្នាំដែរ ដោយផ្តើមដំណើរ ពីទីក្រុង កំពង់ផែមួយចំនួនរបស់ប្រទេសចិនដូចជាក្វាំងចូវ ឈាន់ចូវ នីងប៉ និងយ៉ាងចូវ ជាដើម ទៅកាន់សមុទ្រអារ៉ាប់ រហូតដល់ឆ្នេរខាងកើតនៃទ្វីបអាហ្វ្រិក។

គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២៣ មានប្រទេសចំនួន១៥២ និងអង្គការអន្តរជាតិចំនួន៣២ បានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ ស្តីពីការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» ចំនួនជាង២០០ ឯកសារជាមួយប្រទេសចិន ដែលសបង្ហាញថា គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» បានក្លាយជាវេទិកាសហប្រតិបត្តិការអន្តរជាតិដ៏ធំបំផុតនៅលើពិភពលោក។

រយៈពេល ១០ឆ្នាំកន្លងមកនេះ ការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» រវាងប្រទេសចិន ជា មួយ ប្រទេសតាមបណ្តោយ «ខ្សែក្រវាត់និងផ្លូវ» ទទួលបានសមិទ្ធផលយ៉ាងធំធេង។ តាម របាយការណ៍របស់ធនាគារពិភពលោកបង្ហាញថា ការរួមគ្នាកសាង «ខ្សែក្រវាត់ និងផ្លូវ» បានញ៉ាំងឱ្យទំហំពាណិជ្ជកម្មនៃភាគីចូលរួមកើនឡើង ៤,១% ការបណ្តាក់ទុនពីបរទេស កើន ឡើង ៥% និងធ្វើឱ្យផលិតផលក្នុងស្រុកសរុប ( GDP ) នៃប្រទេសមានចំណូលទាបកើនឡើង ៣,៤% ។ របាយការណ៍ឱ្យដឹងទៀតថា អនុបាតនៃ GDP របស់អង្គភាពសេដ្ឋកិច្ច ងើបឡើងថ្មីនិងអង្គភាពសេដ្ឋកិច្ច កំពុងអភិវឌ្ឍន៍បានកើនឡើង ៣,៦% នៃទំហំ GDP សរុបរបស់ពិភពលោកក្នុងចន្លោះពីឆ្នាំ ២០១២-២០២១ ដោយសារទទួលបានអំណោយ ផលពីការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ»។

តាមការប៉ាន់ប្រមាណរបស់ធនាគារ ពិភពលោក គិតត្រឹមឆ្នាំ២០៣០ ការរួមគ្នាកសាង «ខ្សែ ក្រវាត់ និងផ្លូវ» នឹងហុចផលសេដ្ឋកិច្ចទំហំ ១,៦ ទ្រីលានដុល្លារអាមេរិក សម្រាប់ពិភព លោក ជារៀងរាល់ឆ្នាំ ដែលត្រូវជា ១,៣% នៃទំហំ GDP របស់ពិភពលោក ពិសេសក្នុង ចន្លោះ ឆ្នាំ ២០១៥-២០៣០ នឹងមានជនក្រីក្រ ៧,៦ លាននាក់ចេញផុតពីភាព ក្រីក្រដាច់ខាត និង ៣២លាននាក់ចេញផុតពីភាពក្រីក្រមធ្យមដោយសារ ការរួមគ្នាកសាង «ខ្សែក្រវាត់ និងផ្លូវ»៕