(បាត់ដំបង)៖ ដើម្បីកាន់តែចូលជ្រៅ កាន់តែស្និទ្ធស្នាលរវាងសមរភូមិក្រោយ និងសមរភូមិមុខចំពោះ កងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង អមដំណើរដោយលោក ខាន់ ម៉ាណេរ ទីប្រឹក្សាសម្តេច ក្រឡាហោម ស ខេង ប្រធានមន្ទីរសារធារណការខេត្ត តំណាងឲ្យសប្បុរសជនទាំងអស់ ព្រមទាំងថ្នាក់ដឹកនាំមន្រ្តីរាជការ អាជីវករ បានអញ្ជើញចុះជួបសំណេះសំណាល និងសាកសួរសុកទុក្ខជាមួយកងកម្លាំងប្រដាប់អាវុធ ដែលកំពុងបំពេញភារកិច្ច ការពារនៅខ្សែ បន្ទាត់ព្រំដែនជួរមុខនៃទិសយោធភូមិទី៥ ពិសេសកងកម្លាំងក្នុងអង្គភាពកងពលតូច លេខ៥២ចំណុះឲ្យយោធភូមិភាគទី៥ ដែលមាន ទីតាំងស្ថិតក្នុងភូមិសាស្រ្តឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។
នៅក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ទោ ឯក សំអូន មេបញ្ជាការរងនិងនាយសេនាធិការ យោធភូមិភាគទី៥ លោកឧត្តមសេនីយ៍ទោ ម៉ី សឹង្ហន មេបញ្ជាការកងពលតូចថ្មើជើងលេខ៥២ មេបញ្ជាការសមរភូមិមុខទិសសំឡូត អាជ្ញាធរដែនដី និងនាយទាហាន ពលទាហានជាច្រើនរូបទៀត។
លោកឧត្តមសេនីយ៍ទោ ម៉ី សឹង្ហន មេបញ្ជាការកងពលតូចថ្មើជើងលេខ៥២ បានជម្រាបជូនប្រតិភូពីស្ថានភាពទូទៅ នៅក្នុងភូមិសាស្រ្ត ដែលអង្គភាពទទួលខុសត្រូវ។ លោកបានបញ្ជាក់ថា «កន្លងមកអង្គភាពបានយកចិត្តទុកដាក់អនុវត្តរាល់ បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងបទបញ្ជារបស់គណៈបញ្ជាការឯកភាពទិសទី៣ ព្រមទាំងការណែនាំផ្ទាល់ពីយោធភូមិភាគទី៥ ក្នុងការពង្រឹងប្រៀបការពារជាតិ ការពារបូរណភាពទឹកដីនៃមាតុភូមិកម្ពុជា»។
លោកបានឲ្យដឹងទៀតថា ទន្ទឹមនិងការងារការពារ ការងារគ្រប់គ្រង ដឹកនាំបញ្ជាកងពលបានបង្កើនការងារហ្វឹកហ្វឺនរៀនសូត្រដើម្បី បង្កើនសមត្ថភាពឲ្យដល់ កងទ័ពជាប្រចាំកន្លងមក។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកងទ័ពនិងក្រុមគ្រួសារកងទ័ព ក្នុងកងពលតូចលេខ៥២ នាឱកាសនោះលោក ខាន់ ម៉ាណេរ បានសម្តែងការកោតសរសើរនូវ គំរូវីរភាពរបស់កងកម្លាំងយោធពលខេមរៈភូមិន្ទ នៃកងពលតូចលេខ៥២ ដែលបានយកអស់កម្លាំង កាយចិត្ត បំពេញភារកិច្ចយ៉ាងអង់អាចក្លាហាន នៅតាមប៉ុស្តិ៍ប៉មជួរមុខ ខ្សែបន្ទាត់ព្រំដែននៃទិសសំឡូតចំណុះឲ្យ យោធភូមិភាគទី៥។
លោកបានបញ្ជាក់ថា «ក្នុងនាមយើងខ្ញុំមន្រ្តីរាជការមន្ទីរសាធារណការ ដឹកជញ្ជូនខេត្តបាត់ដំបង និងក្នុងនាមសប្បុរសជនអង្គភាពស៊ីវិល ជាច្រើនអង្គភាពនិងជា តំណាងបានចុះសាកសួរសុខទុក្ខ នាយទាហាន ពលទាហានក្នុងកងពល៥២ និងនាំយកថវិកានិងគ្រឿង ឧបភោគបិភោគហើយក្នុងការជួបសំណេះសំណាល ជាមួយនាយទាហាននិងពលទាហាននៅគឺស្របពេលដែល ប្រជាពលរដ្ឋនៅ ទូទាំងព្រះរាជាណាចក្រកម្ពុជាបាននិងកំពុង ខិតខំធ្វើស្រែចំការក្នុងរដូវវស្សានេះ»។
អំណោយដែលបាននាំយកទៅចែកជូនសរុបទាំងអស់គ្នា ក្នុងនោះមាន៖-អង្ករ៥០០គីឡូក្រាម គ្រឿងឧបភោគបរិភោគ ត្រីសាច់ បន្លែ និងថវិកា ម្នាក់ៗ៣០.០០០ រៀល។
លោក ខាន់ ម៉ាណេរ បានពាំនាំក្តីនឹករលឹកការសាកសួរសុខទុក្ខ របស់ប្រមុខរាជរដ្ជាភិបាលសម្តេចតេជោ ហ៊ុន សែន និងសម្តេច ក្រឡាហោម ស ខេង និងការជូនពរនាយទាហាន ពលទាហានដែលបាន លះបង់កម្លាំងកាយ ចិត្តក្នុងការការពារបូរណភាពទឹកដី។
លោក ច័ន្ទ សុផល អភិបាលខេត្តបានថ្លែងថា ក្នុងរដ្ឋបាលខេត្ត សូមថ្លែងអំណរគុណដល់សប្បុរសជន ជាច្រើននាក់ ដែលបានលះបង់ ថវិកាផ្ទាល់ខ្លួនទិញសម្ភារចុះយកមកចែកជូន កងទ័ពកងពល៥២ នាថ្ងៃនេះ និងសូមគោរពដល់វីរភាពដ៏អង់អាចក្លាហានរបស់កងទ័ព យើងបានលះបង់នៅឆ្ងាយពីក្រុមគ្រួសារ ដើម្បីបំពេញភារកិច្ចការពារជាតិ ការពារទឹកដី ជាតិមាតុភូមិ ក្រោមទិសស្លោកថា «ការពារជាតិដើម្បីទាំងអស់គ្នា ទាំងគ្នាដើម្បីការពារជាតិ»។ បន្ទាប់មក ក៏មានពិធីប្រគល់ទទួលអំណោយនិងថតរូប អនុស្សាវរីយ៍ផងដែរ៕