(កណ្ដាល)៖ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញការព្រួយបារម្ភ អំពីស្ថានភាពអ្នកជាប់ទោស ដែលត្រូវបញ្ជូនទៅកាន់ពន្ធនាគារមានរហូតដល់ជាង១០០នាក់ ក្នុងមួយថ្ងៃ ខណៈអនុវត្តទោសរួចចេញ ទៅវិញមានតែ ១០ ទៅ ២០នាក់ប៉ុណ្ណោះ។ ម្យ៉ាងទៀត ចំនួនអ្នកទោសនៅពន្ធនាគារបច្ចុប្បន្ន លើសចំនួនដែលពន្ធនាគារអាចផ្ទុកបានជាង១ម៉ឺននាក់។

ការបង្ហាញការព្រួយបារម្ភបែបនេះ ធ្វើឡើងបានធ្វើឡើងក្នុងអញ្ជើញប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស ជំនាញ ដឹកនាំបញ្ជាកងកម្លាំងនគរបាលជាតិ និងគោរមងារសន្តិបណ្ឌិត នៃបណ្ឌិត្យសភានគរបាលកម្ពុជា ជូនដល់ឥស្សរជនជ័យលាភី នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។

ឧបនាយករដ្ឋមន្ត្រីមានប្រសាស៍ថា «បញ្ហាគ្រឿងញៀនជាបញ្ហាកង្វល់រួមមួយរបស់សង្គម ហើយមិនអាចអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយតែឯកឯងបានទេ ពោលគឺត្រូវមានការចូលរួមសហការ ពីសំណាក់ប្រជាពលរដ្ឋ ឪពុក-ម្ដាយ និងអាណាព្យាបាលទាំងអស់»

ត្រង់ចំណុចនេះ លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងពិភាក្សាគ្នាបន្ថែមទៀត ជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងគោលដៅធ្វើយ៉ាងណា ឲ្យកាត់បន្ថយបញ្ហាគ្រឿងញៀននេះយ៉ាងតិច ២០ ទៅ ៣០ភាគរយ ក្នុងរាជរដ្ឋាភិបាល នីតិកាលទី ៧នេះ។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បង្ហាញក្ដីកង្វល់ផងដែរ ពាក់ព័ន្ធនឹងស្ថានភាពអ្នកទោសនៅក្នុងពន្ធនាគារ ដែលមួយថ្ងៃៗមានអ្នកទោសចូលថ្មីជាង ១០០នាក់។ ចំណែកឯអនុវត្តទោសរួចចេញទៅវិញមានតែ ១០ ទៅ ២០នាក់ប៉ុណ្ណោះ។ លោកឧបនាយករដ្ឋមន្ត្រីថា «ពន្ធនាគារនៅកម្ពុជា អាចដាក់អ្នកទោសត្រឹមតែក្រោម ៣ម៉ឺននាក់ប៉ុណ្ណោះ តែជាក់ស្ដែងបច្ចុប្បន្នអ្នកទោសកំពុងនៅក្នុងពន្ធនាគារ មានរហូតដល់ជាង ៤ម៉ឺននាក់»

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើកឡើងបែបនេះថា «ឥឡូវខ្វាយខ្វល់ដែរ ខ្វាយខ្វល់ត្រង់ថា ពន្ធនាគារមួយថ្ងៃៗ ចូលខ្ទង់ ១០០ជាងនាក់ ១៥២ ១៥៣នាក់ ប៉ុន្តែចេញ ចេញមិនបានដល់ ១០ ទៅ២០នាក់ទេ ចឹងធម្មតាពន្ធនាគារមានចូល មានចេញ ឥឡូវបច្ចុប្បន្ននេះមាន ៤១,០០០ជាងនាក់ ដែលពន្ធនាគារកម្ពុជារបស់យើង ទទួលបានបច្ចុប្បន្នយ៉ាងច្រើនបំផុតត្រឹមតែក្រោម ៣ម៉ឺន លេខមូល ចឹងយើងលើស ១ម៉ឺនជាង ចឹងយើងពិបាកមែនទែន»

លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានឲ្យដឹងដែរថា លោកបានពិភាក្សាជាមួយលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីពិនិត្យលើទិដ្ឋភាពច្បាប់ក្នុងការសម្របសម្រួលកម្រិតណាមួយ សម្រាប់ការដោះស្រាយបញ្ហា ខាងលើនេះ។ តាមលោក ស សុខា អ្នកទោសដែលត្រូវបញ្ជូនទៅកាន់ពន្ធនាគារបច្ចុប្បន្ននេះ ភាគច្រើនពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនជួញដូរគ្រឿងញៀន។

ចំណុចនេះ ជាចុងក្រោយលោកកឧបនាយករដ្ឋមន្ត្រី ស សុខា បានស្នើដល់អភិបាលរាជធានី-ខេត្ត និងស្នងការរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ទៅលើការបង្រ្កាបបទល្មើសគ្រឿងញៀននេះឲ្យមានប្រសិទ្ធភាពខ្ពស់៕