(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមប្រធានបទ «វិនិយោគពីថ្នាក់ជាតិ ដើម្បីភាពធន់នៅសហគមន៍» ក្រោមអធិបតីភាពលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា។

ទិវានេះមានការអញ្ជើញចូលរួមពីលោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង, លោក លោកស្រី នាងកញ្ញា អភិបាលរងខេត្ត, ថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត, ការិយាល័យជុំវិញស្រុក, ភូមិ ឃុំ សង្កាត់, សមាជិក សមាជិកា គណៈកម្មាធិការសាខា, អនុសាខាក្រុង/ស្រុក, ភ្ញៀវកិត្តិយសជាតិ, អ្នកស្ម័គ្រចិត្ត, សិស្សានុសិស្ស, យុវជន ស.ស.យ.ក, យុវជនកាយរឹទ្ធិ, យុវជនកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះ លោក សុខ លូ បានគោរពនូវគារវភក្តី ចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចកាល សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន យកទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋ ដែលមានជីវភាពលំបាក ទីទ័លក្រ និងប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ។

លោកបន្ដថា ស្ថានភាពសេដ្ឋកិច្ច សង្គមពិភពលោកបច្ចុប្បន្ន បានរងផលប៉ះពាល់ពីការកើតមាននៃជំងឺ កូវីដ-១៩ និងជម្លោះដែលកំពុងកើតមានរវាងរុស្ស៊ី និងអ៊ុយក្រែន ហើយជាមួយនោះពិភពលោកក៏ជួបនូវវិបត្តិធ្ងន់ធ្ងរ នៃការប្រែប្រួលអាកាសធាតុ នាំឱ្យមានការកើនឡើងកំដៅផែនដីបន្តជះឥទ្ធិពលអវិជ្ជមានដល់បរិស្ថាន ពិភពលោកទាំងមូល និងបង្កឱ្យកើតមានគ្រោះមហន្តរាយធម្មជាតិ ធ្វើឱ្យបាត់បង់អាយុជីវិត ខូចខាតទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គមយ៉ាងធ្ងន់ធ្ងរ នៅក្នុងប្រទេសជាច្រើនមិនថាជាប្រទេសអភិវឌ្ឍន៍ ប្រទេសកំពុងអភិវឌ្ឍន៍ ឬប្រទេសក្រីក្រនោះឡើយ។

សម្រាប់ខេត្តបាត់ដំបង ស្ទើរជារៀងរាល់ឆ្នាំ បានរងផលប៉ះពាល់ពីទឹកជំនន់ រាំងស្ងួត ខ្យល់កន្ត្រាក់ រន្ទះបាញ់និងគ្រោះមហន្តរាយផ្សេងៗទៀត។ ទោះជាយ៉ាងណាគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ស្រុក ឃុំ និងសាខា អនុសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានផ្តល់អាទិភាពខ្ពស់លើការងារគ្រប់គ្រងគ្រោះមហន្តរាយ ដោយបានពុះពារគ្រប់ឧបសគ្គ ប្រយុទ្ធលើគ្រប់សមរភូមិ ម្ចាស់ការបានលើគ្រប់ទិដ្ឋភាពនិងគ្រប់កាលៈទេសៈ។

លោកស្រី ម៉ែន នារីសោភ័គ ក៏បានថ្លែងផងដែរថា ថ្ងៃនេះក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ពិតជាមានក្តីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងការប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមប្រធានបទ «វិនិយោគពីថ្នាក់ជាតិ ដើម្បីភាពធន់នៅសហគមន៍» រៀបចំឡើងដោយ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅទីរួមស្រុកបាណន់។

ការប្រារព្ធទិវាជាតិ រួមជាមួយទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ និងទិវាអន្តរជាតិសម្រាប់ការកាត់បន្ថយគ្រោះមហន្តរាយ គឺជាការអនុវត្តសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា, និយាយជារួម, និង និយាយដោយឡែក, សម្រាប់កាកបាទក្រហមកម្ពុជា គឺជាការអនុវត្តសេចក្តីថ្លែងការណ៍រាជធានីភ្នំពេញ នៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី ២១-២២ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។

លោកស្រីបន្ដថា «ខ្ញុំសូមពាំនាំនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅ ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះអភិបាល/អភិបាលរង គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នារៀបចំទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយនេះឡើង ក្នុងគោលបំណងផ្សព្វផ្សាយ ពីឆន្ទៈនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយហានិភ័យ, ការត្រៀមបង្ការ និងការឆ្លើយតបគ្រោះមហន្តរាយ រួមជាមួយការយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់ការយល់ដឹង និងបំផុសការគាំទ្រពីផ្នែកឯកជន ដៃគូអភិវឌ្ឍ សង្គមស៊ីវិល និងប្រជាពលរដ្ឋទូទៅ ចាប់ពីបុគ្គលម្នាក់ គ្រួសារមួយ សហគមន៍មួយ ឱ្យចូលរួមកាន់តែសកម្មថែមទៀត ក្នុងការអនុវត្តវិធានការនានា ដែលនឹងកាត់បន្ថយគ្រោះមហន្តរាយ, ជួយបញ្ចៀសបាននូវការបាត់បង់អាយុជីវិត, ការខូចខាតទ្រព្យសម្បត្តិ, និងឱ្យចូលរួម ក្នុងការការពារបរិស្ថាន និងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ»

ដូចលោកអភិបាលខេត្តបានគូសបញ្ជាក់រួចមកហើយ ស្ថានភាពសេដ្ឋកិច្ច សង្គម ក្នុងពិភពលោក បច្ចុប្បន្ននេះបាននិងកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងពីជំងឺកូវីដ-១៩, ពីជំងឺឆ្លងរាតត្បាតផ្សេងៗ, និងពីសង្គ្រាម និងជម្លោះនៅតាមតំបន់មួយចំនួន ជាក់ស្តែងសង្គ្រាមរវាងរុស្សី-អ៊ុយក្រែន ហើយថ្មីៗបំផុតនេះ ការវាយប្រហាររបស់ក្រុមហាម៉ាស់ មកលើអ៊ីស្រាអែល។ល។ លើសពីនេះទៅទៀត, ការប្រែប្រួលអាកាសធាតុ បានបន្តជះឥទ្ធិពលអវិជ្ជមានដល់បរិស្ថានពិភពលោកទាំងមូល និងបង្កឱ្យមានគ្រោះមហន្តរាយធម្មជាតិ កើតមានកាន់តែញឹកញាប់ជាងមុន កាន់តែរងគ្រោះធ្ងន់ធ្ងរខ្លាំងជាងមុន និងបានធ្វើឱ្យបាត់បង់អាយុជីវិត, បង្កវិនាសកម្ម, ខូចខាតទ្រព្យសម្បត្តិ, ខ្ទេចខ្ទាំហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងបានធ្វើឱ្យ សេដ្ឋកិច្ច សង្គម នៅក្នុងប្រទេសជាច្រើន ត្រូវធ្លាក់ទៅក្នុងវិបត្តិ។

ដោយឡែកនៅកម្ពុជាយើង ក៏មិនខុសពីបណ្តាប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោកដែរ, ការប្រែប្រួលអាកាសធាតុ បាននិងកំពុងបង្កឱ្យមាន គ្រោះទឹកជំនន់, ខ្យល់ព្យុះ, ខ្យល់កន្ត្រាក់, គ្រោះរាំងស្ងួត, ការបាក់ដី, ការជ្រាបចូលនៃទឹកសមុទ្រ, ការកើនកម្ពស់ទឹកសមុទ្រ, ការកើនកំដៅ ។ល។ ដែលបង្កឱ្យខូចខាតទ្រព្យសម្បត្តិ, ហេដ្ឋារចនាសម្ព័ន្ធ, និងមានផលប៉ះពាល់ទៅលើព្រៃឈើ/ជីវៈចម្រុះ, ដំណាំកសិកម្ម, ជីវភាពរស់នៅ និងបង្កបញ្ហាដល់សុខភាពសាធារណៈរបស់ប្រជាជន។ ក្នុងការដោះស្រាយបញ្ហាប្រឈមនានា និងផលប៉ះពាល់ទាំងអស់នេះ រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍ វិស័យឯកជន សង្គមស៊ីវិល តែងតែប្រើប្រាស់ មធ្យោបាយសរុប ធនធានសរុប។ ជាក់ស្តែង ការដោះស្រាយគ្រោះទឹកជំនន់នៅក្នុងខេត្តបាត់ដំបងនេះជាដើម។

ក្នុងដំណើររួមគ្នាឆ្ពោះទៅរកអនាគតរុងរឿង រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចុះយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលក្នុងនោះបន្តផ្តល់អាទិភាពខ្ពស់ទៅលើ ការគ្រប់គ្រងគ្រោះមហន្តរាយ ដោយផ្សារភ្ជាប់ ការគ្រប់គ្រងគ្រោះមហន្តរាយទៅនឹងការអភិវឌ្ឍនៅមូលដ្ឋាន ធ្វើយ៉ាងណាធានាជំរុញលំហូរធនធានឱ្យបានកាន់តែរលូនដល់ការគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្នាក់ក្រោមជាតិ ដើម្បីភាពធន់ និងការអភិវឌ្ឍប្រកបដោយ ចីរភាព និងសុខុមាលភាពបង-ប្អូនរួមជាតិយើង។

ឆ្លើយតបទៅនឹងការអំពាវនាវរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ក្នុងសារលិខិតផ្ញើជូនបង-ប្អូន រួមជាតិ ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ១៣តុលា ឆ្នាំ២០២៣, កាកបាទក្រហមកម្ពុជា ដែលជាជំនួយការជូនរាជរដ្ឋាភិបាលក្នុងវិស័យមនុស្សធម៌ ពិតជាមានកាតព្វកិច្ចចាំបាច់ណាស់ ក្នុងការរួមកម្លាំងជាមួយក្រសួង/ស្ថាប័ន ភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍ ក្នុងការអនុវត្តទិសដៅអាទិភាព ដែលមានចែងក្នុងយុទ្ធសាស្ត្រ ២០២១-២០៣០ របស់ខ្លួន ដូចតទៅ៖

១៖ បន្តកសាងសមត្ថភាពក្រុមប្រតិបត្តិសាខា/អនុសាខា អ្នកស្ម័គ្រចិត្ត, យុវជន កក្រក និងប្រជាពលរដ្ឋតាមសហគមន៍ នូវចំណេះដឹង ចំណេះធ្វើ និងចែករំលែកបទពិសោធន៍ក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ប្រកបដោយបរិយាបន្ន។

២៖ បន្តពង្រឹងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនានា ជាពិសេសបង្កើនកិច្ចសហការជាមួយមន្ត្រីថ្នាក់ក្រោមជាតិ វិស័យឯកជន និងប្រជាពលរដ្ឋក្នុងសហគមន៍ ដើម្បីអប់រំផ្សព្វផ្សាយលើក កម្ពស់យល់ដឹងពីការទប់ស្កាត់/កាត់បន្ថយគ្រោះមហន្តរាយ, បន្តពង្រឹងសមត្ថភាពយល់ដឹងពីហានិភ័យគ្រោះមហន្តរាយ តាមរយៈការតាមដានមុខសញ្ញាគ្រោះថ្នាក់, ព័ត៌មានព្យាករណ៍ និងការប្រកាសឱ្យដឹងជាមុនអំពីហេតុការណ៍ និង គ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុ។

៣៖ យកចិត្តទុកដាក់បន្ថែមលើការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ, ការជំរុញការថែទាំសុខភាពសាធារណៈ ព្រមទាំងសុខភាពផ្លូវចិត្ត, ការលើកកម្ពស់ការអប់រំស្តីពី សុខភាពបឋម, ពីចំណាកស្រុកដោយសុវត្ថិភាព និងលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងការកសាងសហគមន៍ឱ្យមានភាពធន់ទៅនឹង
គ្រោះមហន្តរាយ និងការអភិវឌ្ឍប្រកបដោយចីរភាព។

៤៖ បន្តអប់រំផ្សព្វផ្សាយឱ្យមានការផ្លាស់ប្តូរឥរិយាបទជាវិជ្ជមានរួមកម្លាំងគ្នាបង្កើតសង្គមមួយ ដែលមានខ្យល់អាកាសបរិសុទ្ធ និងបរិស្ថានបៃតង រស់នៅស្អាត បរិភោគស្អាត មានអនាម័យ តាមរយៈសកម្មភាពដាំដើមឈើ, ដាំដំណាំរួមផ្សំលើកកម្ពស់ជីវភាព និងត្រូវនាំគ្នាកាត់បន្ថយការប្រើថង់ប្លាស្ទិក។

លោកស្រីបានឧទ្ទិស ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមប្រធានបទ «វិនិយោគពីថ្នាក់ជាតិ ដើម្បីភាពធន់នៅសហគមន៍» ឱ្យស្ថិតនៅក្នុងការចងចាំ និងនៅក្នុងបេះដូងយើងទាំងអស់គ្នា ហើយយើងនាំគ្នា ចាប់ពីបុគ្គលម្នាក់ គ្រួសារមួយ សហគមន៍មួយ ចូលរួមយ៉ាងសកម្ម បំពេញកាតព្វកិច្ចជាពលរដ្ឋល្អ, រស់នៅស្អាត មានអនាម័យ, ចូលរួមយ៉ាងសកម្មនៅក្នុងការកាត់បន្ថយហានិភ័យ ដោះស្រាយបញ្ហាប្រឈមនានា ដោយមិនទុកនរណាម្នាក់ចោល, ការពារអាយុជីវិត, លើកកម្ពស់ជីវភាពរស់នៅ របស់ពលរដ្ឋគ្រប់រូប នៅក្នុងសង្គមជាតិមួយ ដែលមានសុខសន្តិភាព និងការអភិវឌ្ឍឥតឈប់ឈរ។

សូមជម្រាបថាក្នុងទិវាខាងលើនេះក៏មានកម្មវិធីសំណួរ-ចម្លើយ ដែលសិស្សានុសិស្ស យុវជន អ្នកស្ម័គ្រចិត្ត ចំនួន១៦នាក់ បានចូលរួម ហើយជាការលើកទឹកចិត្ត អ្នកចូលរួមទាំង១៦នាក់នេះ បានទទួលកាដូអនុស្សាវរីយ៍ពីកាកបាទក្រហមកម្ពុជា ក្នុងម្នាក់ៗទទួលបាន កន្សែងជូតដៃ ១, សាប៊ូម្សៅ ១កញ្ចប់, សាប៊ូដុំ ១ដុំ និងថវិកា ២ម៉ឺនរៀល។

ក្នុងឱកាសនោះដែរសិស្សានុសិស្ស ក៏បានបង្ហាញចំណាប់អារម្មណ៍ និងការបេ្ដជ្ញាចិត្ដក្នុងការចូលរួមកាត់បន្ថយហានិភ័យគ្រោះមហន្ដរាយ តាមរយៈការដំាដើមឈើ និងមិនកាប់ដើមឈើ ពិសេសចូលរួមថែរក្សាបរិស្ថាន និងផ្សព្វផ្សាយបន្ដដល់គ្រួសារ មិត្ដភិក្ដិ ព្រមទាំងនៅក្នុងសហគមន៍៕