(កែប)៖ ក្រោយពីមានហេតុការណ៍ក្រុមភ្ញៀវទេសចរជនជាតិបារាំងមួយគ្រួសារ មានគ្នា៤នាក់ និងមគ្គុទ្ទេសក៍ទេសចរម្នាក់វង្វេងផ្លូវបាត់ខ្លួននៅតំបន់ទេសចរណ៍នាខេត្តសៀមរាបនោះ ស្រាប់តែនៅឯខេត្តកែបឯណោះវិញ ក៏មានហេតុការណ៍នេះកើតឡើងផងដែរ ដោយស្ដ្រីភ្ញៀវទេសចរជនជាតិបារាំង៣នាក់ អាយុប្រហែល២៥ឆ្នាំ បានបាត់ខ្លួនអស់មួយយប់ នៅក្នុងព្រៃភ្នំកែប ប៉ុន្តែពួកគេត្រូវបានកម្លាំងនគរបាល និងកម្លាំងប្រតិបត្តិការរកឃើញវិញហើយ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦នេះ។
ហេតុការណ៍នេះ កើតឡើងនៅយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅកន្លែងលក់សំបុត្រចូលឧទ្យានកែប ខេត្តកែប។
លោកឧត្តមសេនីយ៍ត្រី អីុ សំអុល ស្នងការនគរបាលខេត្តកែប បានឲ្យដឹងថា ដកស្រង់សំដីឈ្មោះ អ៊ុយ សារ៉ាត់ ម្ចាស់ម៉ូតូកង់បីដែលដឹកភ្ញៀវទេសចរខាងលើ បានបញ្ជាក់ថា ម៉ោង១៦៖២០នាទី គាត់បានដឹកភ្ញៀវស្រីបារាំងទាំងបីនាក់ ទៅភ្នំកែបលុះដល់កន្លែងលក់សំបុត្រចូលឧទ្យានកែបពួកគេចុះដើរ បំណងទៅមើលថ្ងៃលិចនៅទីនោះ ដោយបានសន្យាឲ្យគាត់ទៅចាំទទួល ពួកគេនៅច្រកចេញពីខាងកើតភ្នំ។
លោកឧត្តមសេនីយ៍ត្រី បានបន្ដថា ផ្លូវនេះប្រវែង៨គីឡូម៉ែត្រ លុះដល់ម៉ោង១៨៖០០ គាត់ទៅចាំនៅគោលដៅណាត់ តែមិនឃើញភ្ញៀវបរទេសនោះ ត្រឡប់មកវិញ ក្រោយមកគាត់បានមកប្ដឹងនគរបាលខេត្ត ប្រចាំឆ្នេរកែបឲ្យជួយរក។
លោកឧត្តមសេនីយ៍ត្រី បានបន្ដទៀតថា ក្រោយទទួលបានព័ត៌មានភ្លាម លោកបានមកដល់គោលដៅចាត់តាំងកម្លាំងប្រចាំការនៅស្នងការដ្ឋាន កម្លាំងប្រចាំឆ្នេរកែប សហការជាមួយឧទ្យានុរក្ស ដែលមានកម្លាំងរួម២០នាក់ ចេញរុករក សារចុះសារឡើង ច្រើនលើកដល់ម៉ោង១៖០០រំលងអាធ្រាត្រ តែមិនទាន់បានឃើញទេ ដោយសារយប់ងងឹតពិបាកមើល។
លោកឧត្តមសេនីយ៍ត្រី បន្ថែមទៀតថា លុះព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦នេះ ស្រ្តីជនជាតិបារាំង ដែលបាត់ពីយប់មិញត្រូវបានរកឃើញវិញហើយ ដោយពួកគេវង្វេងនៅក្នុងព្រៃ ហើយដេកក្នុងព្រៃភ្នំកែបពេញមួយយប់។ ក្រោយរកឃើញស្ដ្រីភ្ញៀវបរទេសទាំង៣នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសម្រាកនៅផ្ទះសំណាក់នៅកំពតវិញ៕