(ប៉េកាំង-ចិន)៖ ក្នុងឱកាសអញ្ជើញឡើងថ្លែងសុន្ទរកថាស្តីពី «សេដ្ឋកិច្ចឌីជីថល ជាប្រភពថ្មីនៃកំណើន» ក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវ នៅប្រទេសចិន, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ថា ក្នុងនាមជាប្រទេសមួយដែលមានប្រជាជនវ័យក្មេងដែលមានថាមពលខ្លាំង និងកម្លាំងពលកម្មដែលមានចំណេះដឹងបច្ចេកវិទ្យា ដែលកំពុងរីកចម្រើន ប្រទេសកម្ពុជាស្ថិតក្នុងទីតាំងល្អក្នុងការជំរុញសេដ្ឋកិច្ចឌីជីថលឱ្យទទួលបានអត្ថប្រយោជន៍។

នាឱកាសនោះដ៏មានតម្លៃនេះដែរ សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានអបអរសាទរចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងប្រទេសចូលរួមក្នុងគំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវាត់ (BRI) នាខួបលើកទី ១០ នៃគំនិតផ្តួចផ្តើមដ៏សំខាន់នេះ ដែលបានភ្ជាប់ពិភពលោកក្នុងវិបុលភាពតាមរយៈការតភ្ជាប់ដ៏ស្វាហាប់ទាំងផ្នែកទន់ និងផ្នែករឹង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ និងគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យជាបន្តបន្ទាប់ ដូចជាគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់កម្ពុជា សម្រាប់ឆ្នាំ២០២១-២០៣៥ គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ឆ្នាំ២០២៣-២០២៨ ដែលបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងរឹងមាំរបស់កម្ពុជាក្នុងការផ្លាស់ប្តូរពីគម្រូសេដ្ឋកិច្ចសាមញ្ញទៅជាសេដ្ឋកិច្ចឌីជីថលដែលធន់។

ទន្ទឹមនឹងនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសសូមស្វាគមន៍ដៃគូសំខាន់ៗទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន ដើម្បីស្វែងរកឱកាសដ៏ច្រើន ដែលកម្ពុជាអាចផ្តល់ជូនក្នុងវិស័យសេដ្ឋកិច្ចឌីជីថល។

សម្តេចក៏សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះអ្នកចូលរួមទាំងអស់ សម្រាប់ការប្តេជ្ញាចិត្តរបស់ពួកគេចំពោះកិច្ចសន្ទនាដ៏សំខាន់នេះ។ ចូរយើងចាប់យកឱកាសនៅចំពោះមុខយើង ចាប់យកបដិវត្តន៍ឌីជីថល និងត្រួសត្រាយផ្លូសម្រាប់យុគសម័យថ្មីនៃការរីកចម្រើន និងវិបុលភាពតាមរយៈសេដ្ឋកិច្ចឌីជីថល៕