(ប៉េកាំង)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលដាក់ចេញដោយលោកប្រធានាធិបតី ស៊ី ជិនពីង បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់ឱ្យប្រទេសកំពុងអភិវឌ្ឍជាច្រើន រួមទាំងប្រទេសកម្ពុជាផងដែរ ជាមួយនឹងអត្ថប្រយោជន៍យ៉ាងច្រើន។

ការមានប្រសាសន៍បែបនេះ បានធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី អញ្ជើញឡើងថ្លែងសុន្ទរកថាស្តីពី «សេដ្ឋកិច្ចឌីជីថល ជាប្រភពថ្មីនៃកំណើន» ក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវ នៅទីក្រុងប៉េកាំង ប្រទេសចិន នារសៀលថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងប្រទេសចូលរួមក្នុងគំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវាត់ (BRI) នាខួបលើកទី ១០ នៃគំនិតផ្តួចផ្តើមដ៏សំខាន់នេះ ដែលបានភ្ជាប់ពិភពលោកក្នុងវិបុលភាពតាមរយៈការតភ្ជាប់ដ៏ស្វាហាប់ទាំងផ្នែកទន់ និងផ្នែករឹង។

សម្តេចមានប្រសាសន៍ដូច្នេះថា៖ «គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់ឱ្យប្រទេសកំពុងអភិវឌ្ឍជាច្រើន រួមទាំងប្រទេសកម្ពុជា ជាមួយនឹងអត្ថប្រយោជន៍ជាច្រើនដូចជា ការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត, ការកើនឡើងនៃការវិនិយោគផ្ទាល់ពីបរទេស, កំណើនសេដ្ឋកិច្ច, សមាហរណកម្មតំបន់ និងសកលលោក និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន»។

សម្តេចធិបតី ក៏បានសម្តែងការកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលបានបំពេញនូវទំនួលខុសត្រូវដ៏ធំនេះ និងអនុវត្តភាពជាអ្នកដឹកនាំជាសកល។

គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ត្រូវបានប្រកាសដាក់ចេញដោយ លោក ស៊ី ជិនពីង កាលពីឆ្នាំ២០១៣ គោលបំណងជ្រោងទង់អភិវឌ្ឍន៍​ដោយ​សន្តិ​ភាព អភិវឌ្ឍយ៉ាងសកម្មនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការសេដ្ឋកិច្ច នៃប្រទេស​តាម​បណ្តោយ «ខ្សែក្រវាត់និងផ្លូវ» ព្រមទាំងរួមគ្នាកសាងសហគមន៍ផលប្រយោជន៍រួម សហគមន៍ជោគវាសនារួម និងសហគមន៍ទំនួលខុសត្រូវរួម ដែលមានទំនុកចិត្តខាង​នយោ​បាយទៅវិញទៅមក ធ្វើសមាហរណកម្មសេដ្ឋកិច្ច និងមានភាពបរិយាប័ន្នផ្នែកវប្បធម៌ ។

យុទ្ធសាស្ត្រនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ព្យាយាមលើកកម្ពស់ និងសម្របសម្រួល​ការ​អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ថដឹកជញ្ជូន ថាមពល ពាណិជ្ជកម្ម និងការប្រាស្រ័យទាក់ទង ព្រម​ទាំង​ការងារដទៃទៀត។

គំនិតផ្តួចផ្តើមនេះ គឺឈរលើមូលដ្ឋាននៃផ្លូវសូត្រពាណិជ្ជកម្មតាមផ្លូវគោកបុរាណ និងផ្លូវ​សូត្រ​​ពាណិជ្ជកម្មតាមផ្លូវសមុទ្របុរាណ។ ក្នុងនោះ ផ្លូវសូត្រពាណិជ្ជកម្មតាមផ្លូវ​គោក​បុរាណ ត្រូវបានបង្កើតឡើងកាលពីជាង ២ ពាន់ឆ្នាំមុន មានប្រភពចេញពីក្រុង​ស៊ីអាន​ប្រទេសចិន ឆ្លងកាត់ប្រទេសជាច្រើននៅអាស៊ីកណ្តាលនិងអាស៊ីបូព៌ា រហូតទៅដល់ឧបទ្វីប​អ៉ីតាលីនាសម័យបុរាណ ដែលមានប្រវែងសរុប ៦៤៤០គីឡូម៉ែត្រ។ ចំណែកឯផ្លូវសូត្រ​ពាណិជ្ជកម្មតាមផ្លូវទឹកបុរាណវិញ ក៏មានអាយុកាលជាង ២ពាន់ឆ្នាំដែរ ដោយផ្តើមដំណើរ​ពីទីក្រុង​កំពង់ផែមួយចំនួនរបស់ប្រទេសចិនដូចជាក្វាំងចូវ ឈាន់ចូវ នីងប៉ និងយ៉ាងចូវ​ជា​ដើម​ទៅកាន់សមុទ្រអារ៉ាប់ រហូតដល់ឆ្នេរខាងកើតនៃទ្វីបអាហ្វ្រិក។

គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២៣ មានប្រទេសចំនួន១៥២ និងអង្គការអន្តរជាតិចំនួន៣២ បានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ ស្តីពីការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» ចំនួនជាង២០០ ឯកសារជាមួយប្រទេសចិន ដែលសបង្ហាញថា​គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» បានក្លាយជាវេទិកាសហប្រតិបត្តិការអន្តរជាតិដ៏ធំបំផុតនៅលើពិភពលោក។

រយៈពេល ១០ឆ្នាំកន្លងមកនេះ ការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» រវាងប្រទេសចិន ជា​មួយ​ប្រទេសតាមបណ្តោយ «ខ្សែក្រវាត់និងផ្លូវ» ទទួលបានសមិទ្ធផលយ៉ាងធំធេង។ តាម​របាយការណ៍របស់ធនាគារពិភពលោកបង្ហាញថា ការរួមគ្នាកសាង «ខ្សែក្រវាត់ និងផ្លូវ» បានញ៉ាំងឱ្យទំហំពាណិជ្ជកម្មនៃភាគីចូលរួមកើនឡើង ៤,១% ការបណ្តាក់ទុនពីបរទេស​កើន​ឡើង ៥% និងធ្វើឱ្យផលិតផលក្នុងស្រុកសរុប ( GDP ) នៃប្រទេសមានចំណូល​ទាប​កើនឡើង ៣,៤% ។ របាយការណ៍ឱ្យដឹងទៀតថា អនុបាតនៃ GDP របស់អង្គភាពសេដ្ឋ​កិច្ច​ងើបឡើងថ្មីនិងអង្គភាពសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍បានកើនឡើង ៣,៦% នៃទំហំ GDP សរុបរបស់ពិភពលោកក្នុងចន្លោះពីឆ្នាំ ២០១២-២០២១ ដោយសារទទួលបានអំណោយ​ផលពីការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ»

តាមការប៉ាន់ប្រមាណរបស់ធនាគារ​ពិភពលោក គិតត្រឹមឆ្នាំ២០៣០ ការរួមគ្នាកសាង «ខ្សែ​ក្រវាត់ និងផ្លូវ» នឹងហុចផលសេដ្ឋកិច្ចទំហំ ១,៦ ទ្រីលានដុល្លារអាមេរិក​សម្រាប់ពិភព​លោក​ជារៀងរាល់ឆ្នាំ ដែលត្រូវជា ១,៣% នៃទំហំ GDP របស់ពិភពលោក ពិសេសក្នុង​ចន្លោះ​ឆ្នាំ ២០១៥-២០៣០ នឹងមានជនក្រីក្រ ៧,៦ លាននាក់ចេញផុតពីភាព​ក្រីក្រដាច់​ខាត និង ៣២ លាននាក់ចេញផុតពីភាពក្រីក្រមធ្យមដោយសារ​ការរួមគ្នា​កសាង​ «ខ្សែ​ក្រ​វាត់​និងផ្លូវ»