(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តឱ្យបង្កើនមូលនិធិសម្រាប់ការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធឌីជីថល រួមទាំងការតភ្ជាប់មជ្ឈមណ្ឌលទិន្នន័យនិងសន្តិសុខ និងវេទិកាឌីជីថលផ្សេងទៀតនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសតាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ។

ការលើកទឹកចិត្តនេះធ្វើឡើងក្នុងថ្លែងសុន្ទរកថាស្តីពីសេដ្ឋកិច្ចឌីជីថលជាប្រភពថ្មីនៃកំណើន ក្នុងវេទិកាខ្សែក្រវាត់និងផ្លូវ ដែលកំពុងប្រារព្ធឡើងនៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។

នាឱកាសនោះ សម្ដេចធិបតីបានថ្លែងថា ការកសាងមូលដ្ឋានគ្រឹះឌីជីថលដ៏រឹងមាំក៏ជាចំណុចសំខាន់ដែរ ក្នុងការឆ្ពោះទៅរកសក្តានុពលពេញលេញនៃសេដ្ឋកិច្ចឌីជីថល។ ទោះជាយ៉ាងណាក៏ដោយ នេះតម្រូវឱ្យមានហិរញ្ញប្បទាន និងជំនាញបច្ចេកទេសដ៏ច្រើន។

សម្ដេចធិបតីបានបន្តថា «ខ្ញុំចង់លើកទឹកចិត្តដល់ការបង្កើនមូលនិធិសម្រាប់ការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធឌីជីថល រួមទាំងការតភ្ជាប់មជ្ឈមណ្ឌលទិន្នន័យនិងសន្តិសុខ និងវេទិកាឌីជីថលផ្សេងទៀតនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសតាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ»

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានរំលេចពីសារៈសំខាន់នៃនិរន្តរភាពនៅក្នុងសេដ្ឋកិច្ចឌីជីថល។ នៅពេលដែលពិភពលោកទទួលយកបច្ចេកវិទ្យាថ្មីៗ រដ្ឋាភិបាលប្រទេសទាំងនោះត្រូវធានាថា ការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗត្រូវប្រកបដោយការទទួលខុសត្រូវ និងតាមរបៀបដែលស្របតាមគោលដៅបរិស្ថាន និងសង្គម។ នេះរួមបញ្ចូលទាំងការលើកកម្ពស់បច្ចេកវិទ្យាបៃតង ការកាត់បន្ថយកាកសំណល់ឌីជីថល និងការដោះស្រាយឧបករណ៍ឌីជីថល ដើម្បីធានាបាននូវការប្រើប្រាស់ស្មើៗគ្នាសម្រាប់ទាំងអស់គ្នា៕