(ភ្នំពេញ)៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ បានបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការរៀបចំផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ​ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លោកទី៦ ក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍, អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងតំណាងមកពីក្រសួង តំណាងអង្គការសង្គមស៊ីវិល តំណាងអ្នកផ្ទុកមេរោគអេដស៍ ព្រមទាំងប្រជាជនគន្លឹះជាច្រើននាក់ផងដែរ។

ថ្លែងបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ​ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ លោកទេសរដ្ឋមន្ត្រី អៀង មូលី បានបញ្ជាក់ឲ្យដឹងថា លោកសូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី Patricia Ongpin នាយកប្រចាំប្រទេស UNAIDS សម្រាប់ការគាំទ្របច្ចេកទេស ដល់ការលើកចក្ខុវិស័យយុទ្ធសាស្ត្រឆ្លើយតបនឹងជំងឺអេដស៍នៅកម្ពុជា ការរៀបចំទិសដៅយុទ្ធសាស្ត្រ ការតស៊ូមតិ ការសម្របសម្រួលសម្រាប់ជំរុញ និងតភ្ជាប់ភាពជាអ្នកដឹកនាំក្នុងស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ និងសហគមន៍ដើម្បីផ្តល់សេវាសង្គ្រោះជីវិត ពីការយាយីនៃជំងឺអេដស៍ក្នុងទសវត្សរ៍កន្លងមក។

លោកក៏សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) រួមទាំងគម្រោង LHSS ដែលបាននឹងកំពុងពង្រឹងប្រព័ន្ធឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឲ្យកាន់តែមានប្រសិទ្ធភាព ប្រសិទ្ធផល និងនិរន្តរភាព។

លោកទេសរដ្ឋមន្ត្រីបន្តថា ថ្ងៃនេះយើងនឹងចំណាយពេលវេលា ដើម្បីផ្តល់ធាតុចូលសម្រាប់ការរៀបចំផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៦ ដែលនឹងប្រើប្រាស់ ដើម្បីណែនាំគ្រប់ភាគីពាក់ព័ន្ធឲ្យអនុវត្តសកម្មភាព ការឆ្លើយតបនឹងជំងឺនេះប្រកបដោយប្រសិទ្ធភាព និងសន្សំសំចៃធនធាននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងរយៈកាល ៥ឆ្នាំខាងមុខ។ យើងអាចប្រើទិន្នន័យ ដែលបានមកពីធ្វើបច្ចុប្បន្នភាព និងព័ត៌មានពីការពិនិត្យឡើងវិញនៃ ផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យ ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៥។ ឯកសារស្នើសុំមូលនិធិសកលជុំទី៧ (Grant Cycle 7 (GC7) ផែនទីបង្ហាញផ្លូវដើម្បីធានានិរន្តរភាពឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ការសិក្សាការព្យាករណ៍គំរូ Optima 2 ឬទិន្នន័យកម្មវិធី/ការសិក្សាស្រាវជ្រាវផ្សេងៗទៀតជាឯកសារយោង។

លោកទេសរដ្ឋមន្ត្រី អៀង មូលី បានសង្កត់ធ្ងន់ថា ដើម្បីធ្វើឲ្យការចូលរួមរបស់អង្គសិក្ខាសាលាទាំងមូលបានផុលផុស លោកសូមយកឱកាសនៃការបើកសុន្ទរកថានេះ អញ្ជើញដល់លោក លោកស្រី ចូលរួមទាំងអស់គ្នាពិនិត្យមើលលើចំណុចសំខាន់ៗបី (៣ R)៖

*ទី១ ពិនិត្យឡើងវិញ (Review) នូវសមិទ្ធិផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង។
*ទី២ ថ្លឹងថ្លែងឡើងវិញ​ (Rebalance) អំពីបញ្ហាប្រឈមឬហានិភ័យ និងឱកាស។
*ទី៣ កំណត់ការឆ្លើយតបឡើងវិញ (Recalibrate)ដោយពិនិត្យមើលយុទ្ធសាស្រ្ត ដើម្បី​​ពន្លឿនឆ្លើយតបរបស់យើងឲ្យសម្រេចគោលដៅបានឆាប់រហ័ស ដោយកំណត់ឡើងវិញនូវសកម្មភាព អាទិភាពថ្មីៗដែលយើងនឹងត្រូវធ្វើឡើង ក្នុងរយៈពេល ៥ឆ្នាំខាងមុខ។

លោកទេសរដ្ឋមន្ត្រី បញ្ជាក់ថា «នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់នេះ ខ្ញុំសូមបញ្ជាក់ដល់អ្នកពាក់ព័ន្ធទាំងអស់ រួមទាំងក្រសួងពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ តំណាងអង្គការសង្គមស៊ីវិល និង KP ជាពិសេស​​​យុវវ័យ​ឲ្យពិចារណាលើការអនុវត្ត «វិធីសាស្រ្តសុខភាពសាធារណៈភាពច្បាស់លាស់ (Precision Public Health)»។ ក្នុងន័យនេះយើងត្រូវការធាតុចូល របស់អង្គសិក្ខាសាលាដើម្បីរកឲ្យឃើញថា តើនរណាជាអ្នករងគ្រោះ? តើកន្លែងណាដែលយើងត្រូវធ្វើអន្តរាគមន៍? តើពេលវេលាណាដែលយើងត្រូវធ្វើអន្តរាគមន៍? តើវិធីសាស្រ្តបែបណាដែលនាំឲ្យយើងទទួលបានផលខ្លាំងបំផុត ក្នុងការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍?»។

«ខ្ញុំជឿជាក់យ៉ាងមុតមាំថា ប្រសិនបើយើងអាចរួមគ្នាធ្វើការសិក្សាស្វែងរកចងក្រងទិន្នន័យ ប្រើប្រាស់ទិន្នន័យដើម្បីស្វែងរកការគាំទ្រ ចលនាធនធាន និងប្រើប្រាស់ធនធាន ដើម្បីឲ្យមានប្រសិទ្ធភាពគ្របដណ្តប់ លើតម្រូវការដែលបានកំណត់ នោះគ្មាននរណាម្នាក់នឹងត្រូវបានទុកចោលឡើយ។ យើងនឹងប្រើប្រាស់ធនធានតិចជាងមុន ប៉ុន្តែយើងពិតជាអាចបញ្ចប់ជំងឺអេដស៍ និងធានានិរន្តរភាពនៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍បានជាពិតប្រាកដ»

ដោយឈរលើរបកគំហើញ របស់ក្រុមប្រឹក្សាបច្ចេកទេស លោកទេសរដ្ឋមន្រ្តីសូមដកស្រង់ចំណុចគួរឲ្យចាប់អារម្មណ៍ មួយចំនួនដូចខាងក្រោមនេះ៖

-ប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួនប្រាំពីរ នៅលើពិភពលោកដែលសម្រេចបាននូវគោលដៅ ៩០-៩០-៩០ ក្នុងឆ្នាំ ២០១៧។
-ជាមួយនឹងសមិទ្ធផល ៨៦-៩៩-៩៨ យើងបានបំពេញការងារបានល្អលើគោលដៅទី២ និងទី៣ នៃគោលដៅ៩៥ ក្នុងឆ្នាំ២០២២ ប៉ុន្តែយើងត្រូវបិទគម្លាតនៅក្នុងគោលដៅ៩៥ ដំបូង។
-សេវាកម្ម PrEP បានកើនឡើងពីឆ្នាំ២០១៩ និង២០២៣ ហើយគ្របដណ្តប់អ្នកប្រើប្រាស់ច្រើនជាង ១០,០០០នាក់ក្នុងឆ្នាំ២០២៣។
-ពីឆ្នាំ២០១០ ដល់ឆ្នាំ២០២២ ករណីឆ្លងថ្មីនៃមេរោគអេដស៍បានធ្លាក់ចុះ ៣៣%។
-ខេត្តចំនួន៣ និងរាជធានីភ្នំពេញ បាននិងកំពុងអនុវត្តគម្រោងកម្មវិធីទីក្រុង​​ពន្លឿន ការឆ្លើយតបនឹងមេរោគអេដស៍ ( Fast Track Cities Initiative)៕