(ភ្នំពេញ)៖ លោក ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប បានបញ្ជាក់ថា គណបក្សនយោបាយ ដែលបានចុះបញ្ជីស្របតាមច្បាប់ស្តីពីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ មានសិទ្ធិសុំបញ្ជីបោះឆ្នោតដំបូងច្បាប់ ថតចម្លងបាន តែត្រូវបង់ថ្លៃ។

ការបញ្ជាក់បបែបនេះរបស់លោក ហ៊ែល សារ៉ាត់ បានធ្វើឡើងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសលោកបានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធដើម្បីធ្វើបច្ចុប្បន្នភាព និងជូនព័ត៌មានមួយចំនួនពាក់ព័ន្ធ នឹងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ ឆ្នាំ២០២៣ ដែលបានចាប់ផ្តើមអនុវត្តតាំងពីថ្ងៃទី១ រហូតមកដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។  

ជាមួយគ្នានេះលោក ហ៊ែល សារ៉ាត់ បានបន្ថែមថា តម្លៃនេះគឺគិតត្រឹមតែតម្លៃផលិតប៉ុណ្ណោះ។ ដោយឡែករហូតមកទល់ពេលនេះ គ.ជ.ប ពុំទទួលបានពាក្យបណ្ដឹងណាមួយឡើយ ពាក់ព័ន្ធនឹងការចុះឈ្មោះបោះឆ្នោតនោះទេ។

លោកបានឱ្យដឹងថា ក្នុងរយៈពេល ១៩ថ្ងៃ នៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់កន្លងមកនេះ គ.ជ.ប និងមន្ត្រី គ.ជ.ប គ្រប់លំដាប់ថ្នាក់ ពិសេសក្រុមចុះឈ្មោះបោះឆ្នោតបានត្រៀមខ្លួន និងបានអនុវត្តយ៉ាងត្រឹមត្រូវតាមច្បាប់ បទបញ្ជា និងនីតិវិធី ព្រមទាំងឯកសារគតិយុត្តផ្សេងទៀត ដែលធ្វើឱ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣នេះ ប្រព្រឹត្តទៅរលូនល្អ។

លោក ហ៊ែល សារ៉ាត់ បានបន្តថា គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត បានផ្តល់នូវកិច្ចសហការល្អតាមតួនាទី ដែលធ្វើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ដំណើរការល្អប្រកបដោយសន្តិសុខ សុវត្ថិភាព។ ខណៈអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពិសេសអាជ្ញាធរឃុំ សង្កាត់ បានផ្តល់នូវកិច្ចសហការ យ៉ាងស្អិតរមួត និងបានចូលរួមគ្រប់ភារកិច្ច ក្នុងដំណាក់កាលនានា ដើម្បីជំរុញឱ្យដំណើរការនេះប្រព្រឹត្តទៅដោយជោគជ័យ។

បន្ថែមពីនេះ មន្ត្រីជាន់ខ្ពស់ គ.ជ.ប រូបនេះ បានបញ្ជាក់ថាបន្ថែមថា ភាគីពាក់ព័ន្ធនានាបានចូលរួមយ៉ាងសកម្ម តាមការអញ្ជើញដោយ គ.ជ.ប លធ.ខប ក្រុមប្រឹក្សាឃុំ សង្កាត់ និងតាមភារកិច្ចរៀងៗខ្លួន។ ប្រជាពលរដ្ឋមានការយល់ដឹងខ្ពស់ និងបានចូលរួមយ៉ាងកុះករក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត។

អ្នកសារព័ត៌មានបានផ្សព្វផ្សាយទូលំទូលាយធ្វើឱ្យសាធារណជនមានការយល់ដឹងច្បាស់អំពីនីតិវិធីនៃការចុះឈ្មោះបោះឆ្នោត ហើយបានអញ្ជើញមកពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតយ៉ាងច្រើនកុះករ៕