(កណ្ដាល)៖ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា បើតាមរបាយការណ៍ពីស្នងការនគរបាលរាជធានី-ខេត្ត បានបង្ហាញថា បញ្ហាក្មេងទំនើង បានកើនឡើងច្រើនគួរឲ្យកត់សម្គាល់ ក្នុងរយៈពេលចុងក្រោយនេះ ដែលត្រូវសិក្សាស្រាវជ្រាវអំពីឬសគល់នៃបញ្ហា ដើម្បីដោះស្រាយឲ្យមានប្រសិទ្ធភាព ហើយបញ្ហាគ្រឿងញៀនក៏ជាទីគួរឲ្យបារម្ភផងដែរ ដូច្នេះសូមបន្តបង្ក្រាបគ្រឿងញៀនឲ្យមានប្រសិទ្ធភាព។
ឧបនាយករដ្ឋមន្ត្រី លើកឡើងបែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស ជំនាញដឹកនាំបញ្ជាកងកម្លាំងនគរបាលជាតិ និងគោរមងារសន្តិបណ្ឌិត នៃបណ្ឌិត្យសភានគរបាលកម្ពុជា ជូនដល់ឥស្សរជនជ័យលាភី នៅព្រឹកថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២៣ នៅសាលាបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល។
នៅក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រីស សុខា មានប្រសាសន៍ថា «ពាក់ព័ន្ធនឹងក្មេងទំនើង យើងឃើញប៉ុន្មានថ្ងៃមកនេះ តាមរយៈរបាយការណ៍របស់ឯកឧត្ដមស្នងការរាជធានី-ខេត្ត ដែលបាញ់ចូលក្នុងគ្រុប យើងឃើញថា មានការកើនឡើងគួរឲ្យកត់សម្គាល់ ពេលខ្លះមិនដឹងថា មន្តអាគមគាត់ គេបញ្ចូលអីខ្លះទេ គោលបំណងរបស់គាត់ គ្រាន់តែទៅកាប់ម៉ូតូ ឬមួយក៏កាប់យកផ្លាកលេខម៉ូតូ ឬមួយយកទៅបោះទៅមាត់ទន្លេទៅ»។
បន្ថែមពីលើសនេះ ឧបនាយករដ្ឋមន្រ្តី ស សុខា ក៏បានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ច ត្រូវសិក្សាស្រាវជ្រាវអំពីមូលហេតុ ដែលនាំឲ្យកើតមានក្មេងទំនើងកើនឡើងជាគំហុកនេះ ហើយត្រូវចាត់វិធានការឲ្យមានប្រសិទ្ធភាព។
លោកបន្ថែមបែបនេះថា «ប៉ុន្តែពេលខ្លះ យើងត្រូវតែយល់ពីបញ្ហាទាំងអស់នេះ ដើម្បីយើងទប់ស្កាត់បាន ឥឡូវឃើញមានឡើងជាគំហុកក្មេងទំនើង ដែលភាគច្រើនគាត់ឈ្លោះតែគ្នាគាត់ មើលមុខគ្នា ឬមួយជិះទៅមួយអាច មានសម្ភារប្រើប្រាស់ល្អជាងអ្នកនេះ អ្នកនោះទៅ ធ្វើឲ្យមានការផ្ទុះកំហឹងដាក់គ្នា»។
បន្ថែមលើសនេះឧបនាយករដ្ឋមន្រ្តី ជំរុញឲ្យបង្ក្រាបបញ្ហាគ្រឿងញៀនឲ្យមានប្រសិទ្ធភាពផងដែរ ព្រោះមើលឃើញថា អ្នកជាប់ពន្ធនាគារសព្វថ្ងៃនេះ ភាគច្រើនជាអ្នកជក់ និងចែកចាយគ្រឿងញៀន ខណ:ដែលអ្នកជាប់ពន្ធនាគារ មួយថ្ងៃជាង១០០នាក់ ហើយសរុបជាប់ពន្ធនាគារបច្ចុប្បន្នមានជាង ៤ម៉ឺននាក់ រីឯពន្ធនាគារអាចផ្ទុកបានត្រឹមតែជាង ៣ម៉ឺននាក់ប៉ុណ្ណោះដែលបណ្ដាលឲ្យមានភាពចង្អៀតនៅក្នុងពន្ធនាគារ ដូច្នេះមើលឃើញអ្នកជាប់ពន្ធនាគារ មានការកើនឡើងលើសកម្រិត។
ជាការកត់សម្គាល់ គេសង្កេតឃើញថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ នាឆ្នាំ២០២៣នេះ ក្មេងទំនើង បានកើនឡើងគួរឲ្យកត់សម្គាល់ ដែលបង្ករំខាននានា ក៏ដូចជាបង្កភាពអនាធិបតេយ្យ ក្នុងសង្គម។ ដោយឡែក ករណីកាប់សម្លាប់្រប្រពន្ធ-កូន នៅស្រុកកណ្ដាលស្ទឹងនាពេលកន្លងទៅ ក៏មួយផ្នែកបង្កងដោយឥទ្ធិពលគ្រឿងញៀនផងដែរ បូកផ្សុំនឹងភ្លើងប្រច័ណ្ឌ។
តែយ៉ាងណាក៏ដោយ អាជ្ញាធរមានសមត្ថកិច្ច ក៏បានចាត់វិធានការបង្រ្កាបជាបន្តបន្ទាប់ដែរ៕