(ប៉េកាំង, ចិន)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងគណៈប្រតិភូបិទបញ្ចប់បេសកកម្មការងារនៅប្រទេសចិនហើយនៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣នេះ។
បន្ទាប់ពីបញ្ចប់បេសកកម្មការងារនៅរដ្ឋធានីប៉េកាំង សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងគណៈប្រតិភូ មិនទាន់វិលត្រឡប់មកកម្ពុជាវិញនោះទេ គឺបន្តដំណើរទៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (ASEAN-GCC Summit)។
ដំណើរអញ្ជើញទៅចូលរួមកិច្ចប្រជុំនៅក្រុងរីយ៉ាត ធ្វើឡើងតបតាមការអញ្ជើញរបស់ស្តេច សាលម៉ាន ពិន អាប់ឌុលអាហ្សីស អាល សាអ៊ូឌ (Salman bin Abdulaziz Al Saud) ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។
កិច្ចប្រជុំកំពូលនេះប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នៅរាជធានីរីយ៉ាដ។ កិច្ចប្រជុំកំពូលនេះ គឺជាវេទិកាសម្រាប់ថ្នាក់ដឹកនាំអាស៊ាន និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ពិភាក្សារិះរកមធ្យោបាយនានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក រួមមានវិស័យពាណិជ្ជកម្ម និងការវិនិយោគ ទីក្រុងឆ្លាត ថាមពល ការប្រយុទ្ធប្រឆាំងភេរវកម្ម និងទេសចរណ៍ជាដើម។ កិច្ចប្រជុំកំពូលនេះគ្រោងនឹងកត់សម្គាល់នូវឯកសារលទ្ធផលចំនួនពីរ៖ (១) សេចក្តីថ្លែងការណ៍រួមសម្រាប់កិច្ចប្រជុំកំពូល និង (២) ឯកសារក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (សម្រាប់ឆ្នាំ២០២៤-២០២៨)។
អំឡុងពេលនៃកិច្ចប្រជុំកំពូលនេះ សម្តេចធិបតីនឹងមានជំនួបទ្វេភាគីជាមួយឥស្សរជនបរទេសមួយចំនួននៅរាជធានីរីយ៉ាដ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងប្រទេសជាសមាជិកនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ។
សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានអញ្ជើញដឹកនាំប្រតិភូចេញបំពេញការងារក្រៅប្រទេសជាលើកទី៤ នៅដើមនីតិកាលថ្មីនេះ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។
សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងគណៈប្រតិភូ បានអញ្ជើញទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន ដើម្បីចូលរួមវេទិកា «ខ្សែក្រវាត់និងផ្លូវ» ដែលជាវេទិកាដ៏មានសារៈសំខាន់ តបតាមការអញ្ជើញរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន។
ដំណើរអញ្ជើញជាន់ដីចិនជាលើកទី២ក្នុងឋានៈជានាយករដ្ឋមន្ត្រីរបស់កម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត មានកម្មវិធីការងារជាច្រើនក្នុងរយៈពេល៤ថ្ងៃនេះ ហើយក៏ទាញបានឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជាផងដែរ។
រយៈពេល៤ថ្ងៃនេះ ក្រៅតែពីការអញ្ជើញចូលរួមបើកវេទិកា «ខ្សែក្រវាត់និងផ្លូវ» លោកទី៣ និងថ្លែងសុន្ទរកថាគន្លឹះស្តីពី «សេដ្ឋកិច្ចឌីជីថល ជាប្រភពថ្មីនៃកំណើន» ក្នុងវេទិកាខ្សែក្រវាត់និងផ្លូវហើយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជួបថ្នាក់ដឹកនាំជាន់ខ្ពស់របស់ចិនចំនួន៣រូប រួមមាន៖ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន, លោក លី ឈាង នាយករដ្ឋមន្ត្រីចិន និងលោក លោក ឆាយ ឈី (Cai Qi) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន និងជាប្រធានការិយាល័យកិច្ចការទូទៅ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន។
ក្រៅតែពីជួបជាមួយថ្នាក់ដឹកនាំកំពូលរបស់ចិនហើយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានឆ្លៀតជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រមុខរដ្ឋវៀតណាម លោក វ៉ វ៉ាន់ធឿង (Vo Van Thuong) និងប្រមុខរដ្ឋឡាវ លោក ថងលូន ស៊ីសូលីតផងដែរ។
ដំណើរទៅកាន់ប្រទេសចិនទាំងពីរលើកនេះ ក្រៅតែពីការស្វះស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌប្រទេស និងប្រទេសហើយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តល់អាទិភាពខ្ពស់លើការស្វះស្វែងរកការវិនិយោគពីវិស័យឯកជនរបស់ចិន មកកាន់កម្ពុជាផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុនចិនចំនួន៧រូប និងថ្នាក់ដឹកនាំក្រុមហ៊ុនរបស់ថៃមួយរូបផងដែរ។
ថ្នាក់ដឹកនាំក្រុមហ៊ុនវិស័យឯកជនដែលសម្តេចធិបតី បានជួបនោះរួមមាន៖ លោក ខាង ហ៊ូពាវ (Kang Hubiao) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Genertec International, លោក ចូវ ឡី (Zou Lei) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Datang Corporation Ltd., លោក កឺ ហាវជែវ (Ge HaiJiao) ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារចិនគ្រុប, លោក វ៉ាង ប៉ូ (Wang Bo) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Machinery Engineering Corporation (CMEC), លោក សែ ភីង (Tse Ping) អគ្គនាយរងក្រុមហ៊ុន Charoen Pokphand Group (CP Group), លោក លី ខ័រ (Li Kuo) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Metro Group, លោក វ៉ាង ជៀនភីង (Wang Jianping) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Railway Construction Corporation (CRCC) និងលោកស្រី វិន ជែ (WEN Jia) ម្ចាស់ភាគហ៊ុនក្រុមហ៊ុន Alibaba និងជាប្រធានផ្នែកកិច្ចការសាធារណៈ Alibaba Group។
ក្រោមនយោបាយខ្សែក្រវាត់និងផ្លូវ បាននាំឱ្យដំណើរទៅកាន់ប្រទេសចិនរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលបានលទ្ធផលផ្លែផ្កាដ៏គួរឱ្យសម្គាល់ជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជនផងដែរ។ ក្នុងនោះ គេបានឃើញកិច្ចព្រមព្រៀងរវាងក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងស្ថាប័នរបស់រដ្ឋាភិបាលចិន រហូតដល់ទៅ១០ ត្រូវបានចុះហត្ថលេខាជាមួយគ្នា ដែលបង្ហាញឱ្យឃើញពីការពង្រីកកិច្ចសហប្រតិបត្តិការកម្រិតខ្ពស់បន្ថែមទៀតរវាងប្រទេសទាំងពីរ។
ក្រៅពីកិច្ចព្រមព្រៀងរវាងរដ្ឋ និងរដ្ឋហើយនោះ ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយវិស័យឯកជនរបស់ចិនចំនួន៣ថែមទៀត។
តាមរយៈកិច្ចព្រមព្រៀងទាំងនេះ នឹងរួមចំណែកបន្ថែមដល់កិច្ចអភិវឌ្ឍន៍របស់កម្ពុជា លើហេដ្ឋរចនាសម្ព័ន្ធ ថាមពល បច្ចេកវិទ្យា និងការធ្វើពាណិជ្ជកម្ម។
ខាងក្រោមនេះ ជាអត្ថបទសំខាន់ៗនៃដំណើរបេសកកម្មការងាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងប្រទេសចិន៖
១៖ សម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រចំពោះការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Royal Group របស់កម្ពុជា និងក្រុមហ៊ុន CNEE របស់ចិន http://fna.asia/56ba25e
២៖ ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត, ប្រធានក្រុមហ៊ុនរបស់ចិន ប្រកាសដាក់ទុន ៦០០លានដុល្លារ សាងសង់ស្ថានីយផលិតថាមពលដើរដោយពន្លឺព្រះអាទិត្យ និងខ្យល់ http://fna.asia/d825422
៣៖ ប្រធានធនាគារចិន ជឿជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងធ្វើឱ្យវិស័យហិរញ្ញវត្ថុនៅកម្ពុជា កាន់តែរីកចម្រើន និងរឹងមាំ http://fna.asia/75734dd
៤៖ ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត, ក្រុមហ៊ុនខ្នាតយក្សមួយរបស់ចិន បង្ហាញគម្រោងវិនិយោគលើថាមពលហ្គាស ជាមួយទុនប្រមាណ ៣ពាន់លានដុល្លារអាមេរិក http://fna.asia/5787abf
៥៖ ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត, ក្រុមហ៊ុន CP របស់ថៃ បង្ហាញបំណងពង្រីកការវិនិយោគផ្នែកអចលនទ្រព្យ សុខាភិបាល និងផ្កាយរណប http://fna.asia/ed2fc54
៦៖ សម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រឱ្យបន្តសិក្សាលើគម្រោងអភិវឌ្ឍន៍ ផ្លូវរថភ្លើងធុនស្រាលនៅរាជធានីភ្នំពេញ, ខេត្តកណ្តាល និងខេត្តសៀមរាប http://fna.asia/4a91ba3
៧៖ ក្នុងជំនួបជាមួយក្រុមហ៊ុន CRCC, សម្តេចធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់លើទិសដៅនៃការអភិវឌ្ឍប្រព័ន្ធផ្លូវដែកកម្ពុជា ដើម្បីឱ្យមានសមត្ថភាពគ្រប់ដណ្តប់ទូទាំងប្រទេស http://fna.asia/d1b9866
៨៖ ថ្នាក់ដឹកនាំចិន បង្ហាញឆន្ទៈបន្តសហការគាំទ្រដល់ យុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ http://fna.asia/4bf33b3
៩៖ កម្ពុជា-ចិន ចុះកិច្ចព្រមព្រៀងលើឯកសារ១០ទៀត ពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគ http://fna.asia/00abede
១០៖ នាយករដ្ឋមន្ត្រីចិន ឯកភាពសំណើរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត លើគម្រោងកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន សំដៅលើកកម្ពស់វិស័យទេសចរណ៍ និងការតភ្ជាប់ http://fna.asia/c1ca2d0
១១៖ ជយោ! គម្រោងសាងសង់ «ព្រែកជីកហ្វូណនតេជោ» បោះមួយជំហានទៀតហើយ, រាជរដ្ឋាភិបាលកម្ពុជា ចុះកិច្ចព្រមព្រៀងឱ្យក្រុមហ៊ុនចិន សិក្សាលំអិត មុនឈានដល់ការចរចាចុះកិច្ចព្រមព្រៀងសាងសង់ http://fna.asia/615356b
១២៖ សម្តេចធិបតី មានសុទិដ្ឋិនិយមថា សហគ្រិនកម្ពុជា នឹងប្រើប្រាស់ថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក Alibaba ដើម្បីទាញយកប្រយោជន៍ពីទីផ្សារអន្តរជាតិឱ្យបានជាអតិបរមា http://fna.asia/9cfd4a8
១៣៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើប្រធានរដ្ឋវៀតណាម តភ្ជាប់ផ្លូវ ល្បឿនលឿនកម្ពុជា និងវៀតណាម ដើម្បីសម្រួលការផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍ http://fna.asia/a6aabd5
១៤៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមបើកវេទិកា «ខ្សែក្រវាត់និងផ្លូវ» នៅប៉េកាំង http://fna.asia/e06137a
១៥៖ ប្រធានរដ្ឋឡាវ គាំទ្រគំនិតផ្តួចផ្តើមសម្តេចធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគីកម្ពុជា-ឡាវ-វៀតណាម «ប្រទេសបី គោលដៅតែមួយ» http://fna.asia/6b2a8d5
១៦៖ ប្រធានាធិបតីចិន ឯកភាពលើគំនិតផ្តួចផ្តើមរបស់សម្តេធធិបតី ហ៊ុន ម៉ាណែត កំណត់យកឆ្នាំ២០២៤ ជាឆ្នាំផ្លាស់ប្តូររវាងប្រជាជនកម្ពុជា-ចិន http://fna.asia/d559a50
១៧៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងសុន្ទរកថាស្តីពី «សេដ្ឋកិច្ចឌីជីថល ជាប្រភពថ្មីនៃកំណើន» ក្នុងវេទិកាខ្សែក្រវាត់និងផ្លូវ (បកប្រែភាសាខ្មែរក្រៅផ្លូវការ) http://fna.asia/5de4543
១៨៖ នាយករដ្ឋមន្ត្រីកម្ពុជា លើកទឹកចិត្តឱ្យបង្កើនមូលនិធិសម្រាប់ការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធឌីជីថល តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (Video inside)http://fna.asia/cc1aad7
១៩៖ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដើរតួយ៉ាងសំខាន់ក្នុងការផ្តល់ឱ្យប្រទេសកំពុងអភិវឌ្ឍជាច្រើន រួមទាំងប្រទេសកម្ពុជា ជាមួយនឹងអត្ថប្រយោជន៍យ៉ាងច្រើន (Video inside) http://fna.asia/ae9362b
២០៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ទៅបណ្តាថ្នាក់ដឹកនាំមកពីបណ្តាប្រទេសនានាក្នុងពិភពលោកថា កម្ពុជាស្ថិតក្នុងទីតាំងល្អជំរុញសេដ្ឋកិច្ចឌីជីថល ឱ្យទទួលបានអត្ថប្រយោជន៍ (Video inside) http://fna.asia/41813e2