(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជំងឺឆ្លងភ្នែកក្រហម កំពុងកើតថ្មីគួរឲ្យកត់សម្គាល់ ក្នុងបណ្តាខេត្តមួយចំនួន នៅកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ មានការរកឃើញករណីជំងឺឆ្លងភ្នែកក្រហម កំពុងកើតថ្មីគួរឲ្យកត់សម្គាល់ ក្នុងបណ្តាខេត្តមួយចំនួននៅប្រទេសកម្ពុជា។

ក្នុងខណៈនេះ ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល មន្ទីរសុខាភិបាល ស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព បានចុះអង្កេត ឆ្លើយតប តាមដាន ផ្ដល់ការព្យាបាល និងអប់រំបង្ការការឆ្លងរាលដាល ដើម្បីទប់ស្កាត់ការឆ្លងបន្តក្នុងសហគមន៍។

រោគសញ្ញាជំងឺឆ្លងភ្នែកក្រហម រួមមាន៖ នៅផ្នែកសនៃភ្នែក ឡើងពណ៌ផ្កាឈូក ឬពណ៌ក្រហម ហើមត្របកភ្នែកជា ពិសេសនៅពេលព្រឹកមានហូរទឹកភ្នែកច្រើនជាងមុន រកាំភ្នែកដោយសារមានអារម្មណ៍ថា មានអ្វីនៅក្នុងភ្នែក ឬចង់ញីភ្នែក រមាស់ភ្នែក រលាក និង/ឬក្រហាយភ្នែក មានអាចម៍ភ្នែក (ពណ៌ខ្ទុះ ឬពណ៌ទឹកបាយ) ឈឺគ្រាប់ភ្នែក -ល-

ជំងឺភ្នែកក្រហមនេះ បណ្តាលមកពីមូលហេតុធំៗ៖

១៖ បង្កដោយវីរុស

* អាចកើតមានលាយឡំជាមួយនឹងជំងឺផ្តាសាយ ឬជំងឺផ្លូវដង្ហើមផ្សេងទៀត
* ចាប់ផ្តើមក្នុងភ្នែកម្ខាង ហើយអាចរាលដាលដល់ភ្នែកម្ខាងទៀតក្នុងរយៈពេលតែប៉ុន្មានថ្ងៃ
* មានហៀរទឹកចេញពីភ្នែក តែមិនខាប់ទេ

២​៖ បង្កដោយបាក់តេរី៖ ភាគច្រើនមានអាចម៍ភ្នែក ដែលអាចនាំឲ្យត្របកភ្នែកស្អិតជាប់គ្នា។

ចំណាំ៖ ជំងឺភ្នែកក្រហមដោយវីរុស និងបាក់តេរីឆ្លងលឿនណាស់ រាលដាលយ៉ាងងាយស្រួលពីមនុស្សម្នាក់ទៅមនុស្សផ្សេងទៀត។ អ្នកអាចកាត់បន្ថយហានិភ័យ នៃការកើតជំងឺភ្នែកក្រហម ឬការចម្លងទៅអ្នកដទៃដោយអនាម័យល្អ (សម្អាតដៃឲ្យបានស្អាតជានិច្ច)៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាន និងវិធីបង្ការការឆ្លងជំងឺភ្នែកក្រហម របស់ក្រសួងសុខាភិបាល៖