(ភ្នំពេញ)៖ នៅសណ្ឋាគារផ្លេគូ ខេត្តយ៉ាឡាយ នៃសាធារណរដ្ឋសង្គមនិយាយមវៀតណាម នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ គណៈប្រតិភូរដ្ឋសភាកម្ពុជា-ឡាវ-វៀតណាម (CLV) បានស្ដាប់របាយការណ៍និងពិភាក្សាជាមួយអភិបាលខេត្តទាំង៥ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ជាប់ព្រំដែនវៀតណាម មានខេត្តយ៉ាឡាយ ខេត្តកន្ទូម ខេត្តដាក់ឡាក់ ខេត្តដាក់ណុង និងខេត្តប៊ីងភឿក។ សូមបញ្ជាក់ថា គណៈប្រតិភូរដ្ឋសភាកម្ពុជា ត្រូវបានដឹកនាំដោយលោក សួស យ៉ារ៉ា ប្រធានគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន។
ក្នុងកិច្ចប្រជុំពិភាក្សានោះ លោក វ៉ូ ហាយហា ប្រធានគណ:កម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចប្រជុំពិភាក្សា ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូល (CLV) លើកដំបូងរបស់រដ្ឋសភានៃប្រទេសទាំងបី នាខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។ បន្ទាប់ពីត្រូវបានអភិវឌ្ឍជាង២០ឆ្នាំ ពោលគឺចាប់តាំងពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍នេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ យន្តការដ៏សំខាន់នេះតភ្ជាប់ប្រទេសជិតខាងទាំងបី ដើម្បីធានាបាននូវសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់។ ជាក់ស្ដែង រហូតមកទល់ពេលនេះ នៅក្នុងខេត្តរបស់កម្ពុជា ក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណអភិវឌ្ឍន៍ (DTA) វៀតណាម បានវិនិយោគលើ៤៥គម្រោង ក្នុងទឹកប្រាក់១.៦៧៩ពាន់លានដុល្លារសហរដ្ឋអាមេរិក។ រីឯនៅក្នុងខេត្តរបស់ឡាវក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ (DTA) វៀតណាម បានវិនិយោគលើ ៧៧គម្រោង ក្នុងទឹកប្រាក់២.០៥២ពាន់លានដុល្លារសហរដ្ឋអាមេរិក។
ជាមួយគ្នានេះ លោក សួស យ៉ារ៉ា បានសម្ដែងការគាំទ្រលើដំណើរទស្សនកិច្ចលើកដំបូង និងជាប្រវត្តិសាស្ត្រនេះ ហើយឯកភាពថា កិច្ចប្រជុំនេះ និងកិច្ចប្រជុំពីរទៀត នៅស្ទឹងត្រែង និងនៅចំប៉ាសាក់ នឹងអនុញ្ញាតឱ្យគណៈប្រតិភូប្រមែប្រមូលព័ត៌មាន ទិន្នន័យនិងគំនិតសំខាន់ៗ សម្រាប់រាយការណ៍ជូនប្រធានរដ្ឋសភា នៃប្រទេសទាំងបី នៅក្នុងខែធ្នូខាងមុខនេះ ក្នុងកិច្ចប្រជុំកំពូលលើកទី១ របស់រដ្ឋសភានៃប្រទេសទាំងបី។ លោក សួស យ៉ារ៉ា ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការអភិវឌ្ឍផែនការមេ សម្រាប់តំបន់ត្រីកោណនេះ ដើម្បីធានាបាននូវនិរន្តរភាព និងការអភិវឌ្ឍដែលមានចក្ខុវិស័យមួយច្បាស់លាស់។
បន្ថែមពីនេះទៀត លោក Linkham DOUANSAVANH ប្រធានគណៈកម្មការសេដ្ឋកិច្ច បច្ចេកវិទ្យា និងបរិស្ថាន និងជាប្រធានគណៈប្រតិភូឡាវ បានថ្លែងថា លោកឯកភាពទៅលើអ្វីដែលភាគីកម្ពុជា-វៀតណាម បានលើកឡើង ជាពិសេសគោលការណ៍ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យបានល្អ ទាំងផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច សង្គម វប្បធម៌ សន្តិសុខ ព្រមទាំងធ្វើការចែករំលែកនូវបទពិសោធន៍បច្ចេកទេសជំនាញផ្សេងៗជាមួយគ្នា ដើម្បីឱ្យការអភិវឌ្ឍដែនដីនៅក្នុងប្រទេសទាំងបីដើរស្របគ្នា ជាប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងបី៕