(ភ្នំពេញ)៖ គណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជា ខណ្ឌឫស្សីកែវ នាល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ បានសម្រេចរៀបចំពិធី ធ្វើការបោះឆ្នោតជ្រើសរើស ថ្នាក់ដឹកនាំយុវជនគណបក្ស ថ្នាក់ភូមិចំណុះគណៈកម្មាធិការគណបក្ស សង្កាត់គីឡូម៉ែត្រលេខ៦ដោយមាន បេក្ខភាពឈរឈ្មោះចំនួន៥រូប ទាំងស្ត្រីនិងបុរសដើម្បីពង្រឹងបន្ថែម លើការអនុវត្តលទ្ធិប្រជាធិបតេយ្យ ផ្ទៃក្នុងនិងដើម្បីចងក្រងប្រមូលផ្ដុំរចនាសម្ព័នដឹកនាំ របស់គណបក្សថ្នាក់ភូមិ ព្រោះយុវជនគឺជាកម្លាំងស្នូល ដែលមិនអាចខ្វះបានក្នុងការចូលរួមសកម្មភាពជាមួយគណបក្ស ដើម្បីត្រៀមលក្ខណៈដណ្ដើមជ័យជំនេះ ពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ និងការជ្រើស តាំងតំណាងរាស្ត្រឆ្នាំ២០១៨ នាពេលខាងមុខ ។
ពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជន គណបក្សថ្នាក់ភូមិស្ពានខ្ពស់ ចំណុះគណៈកម្មាធិការគណបក្ស សង្កាត់គីឡូម៉ែត្រលេខ៦នេះ ត្រូវបានរៀបចំធ្វើឡើងនៅទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា ខណ្ឌឫស្សីកែវ ក្រោមការចូលរួមពីលោក កែ ប៊ុនខៀន ប្រធានក្រុម ការងារយុវជនគណបក្សថ្នាក់កណ្ដាល លោក ម៉ម ឡេងយ៉ានី អនុប្រធានក្រុមការងារយុវជន គណបក្សថ្នាក់កណ្ដាល លោក យស់ ផានីតា ប្រធានចាត់តាំងនិងកសាងកម្លាំង ក្រុមការងារយុវជនគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា លោក ខោ សិរីវឌ្ឍ សមាជិកក្រុមការងារយុវជន គណបក្សថ្នាក់កណ្ដាល លោក ជា ពិសី អនុប្រធានគណៈកម្មាធិការបក្សខណ្ឌ និងជាប្រធានក្រុមយុវជន បក្សខណ្ឌឫស្សីកែវ និងលោក សុខ សម្បត្តិ ប្រធានគណៈកម្មាធិការគណបក្ស សង្កាត់គីឡូម៉ែត្រលេខ៦ រួមនិងសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជា ជាច្រើននាក់ផងដែរ ។
លោក ជា ពិសី បានថ្លែងថា ការបោះឆ្នោតជ្រើសរើសយុវជនបក្សភូមិស្ពានខ្ពស់ ចំណុះគណៈកម្មាធិការបក្ស សង្កាត់គីឡូម៉ែត្រ លេខ៦នេះ ត្រូវបានប្រព្រត្តទៅយ៉ាងរលូន ដែលជាលទ្ធផលទទួលបាន ការគាំទ្របោះឆ្នោតជូនយុវជនជាបេក្ខភាព បុរសស្ត្រីឈរឈ្មោះចំនួន៣រូប ក្នុងចំណោមបេក្ខភាព៥រូប ត្រូវបានអង្គបោះឆ្នោត សម្រេចបោះជូនបេក្ខភាពលេខ ១-ទទួលបាន៣០សម្លេង បេក្ខភាពលេខ២-ទទួលបាន២៦សម្លេង និងបេក្ខភាពលេខ៣-ទទួលបាន១៨សម្លេង ។
លោក ជា ពិសី បានបន្តថា បន្ទាប់ពីទទួលបានលទ្ធផលនៃអង្គបោះឆ្នោត យុវជនគណៈកម្មាធិការបក្សភូមិ ត្រូវបានចាត់តាំងចំណុះ គណៈកម្មាធិការបក្សសង្កាត់គីឡូម៉ែត្រលេខ៦ ត្រូវរួមសហការរក្សាការពារពង្រឹងនិងបង្កើនបាន នូវភាពជឿទុកចិតនិងភាពកក់ក្ដៅជូនប្រជាពលរដ្ឋរស់នៅប្រកបរបរអាជីវកម្ម បានយ៉ាងសុខសាន្ដព្រមទាំងបានរួមចំណែក យ៉ាងសកម្មក្នុងការកសាងអភិវឌ្ឍន៍មូលដ្ឋានរបស់យើងឲ្យកាន់តែមានការរីកចម្រើនជាបន្តបន្ទាប់ ។
លោកបន្តថា គោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព កំពុងត្រូវបានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព និងមានការគាំទ្រចូលរួម យ៉ាងសកម្មពីប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានព្រមទាំងចូលរួម ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយយកចិត្តទុកដាក់ខ្ពស់ពីរដ្ឋបាល សង្កាត់ធ្វើឲ្យប្រជាពលរដ្ឋមានការសប្បាយរីករាយ ក្នុងការមកទទួលយកសេវាទាំងអស់នោះផងដែរ៕