(ប៉េកាំង)៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍សមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (សមាគម អ.ម.ត.) លោក ឡាវ វ៉ាន់ ប្រធានក្រុមការងារគ្រប់គ្រងនិស្សិតក្រៅប្រទេសប្រចាំសាធារណប្រជាមានិតចិន ក្នុងនាមសមាគម អ.ម.ត បានអញ្ជើញចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ជាមួយសាកលវិទ្យាល័យហ៊ូចូវ (Huzhou University) និងសាកលវិទ្យាល័យជឺជាំងមហាសមុទ្រ (Zhejiang Ocean University) ក្នុងការផ្តល់អាហារូបករណ៍ចំនួន៥០កន្លែង ជូនដល់សមាគម។

លោកបណ្ឌិត ឡ ជានលីន (Lou Jianlin) សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យហ៊ូចូវយល់ថា នេះជាកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការចូលរួមពង្រឹងនិងពង្រីកធនធានមនុស្សជូនដល់ប្រទេសកម្ពុជា ដែលជាស្ពានមេត្រីភាពកាន់តែរឹងមាំរវាងប្រជាជននិងប្រជាជននៃប្រទេសយើងទាំងពីរ។

ដោយឡែកលោកបណ្ឌិត ចាង ជិនជូន (Zhang Zhenzhu) សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជឺជាំងមហាសមុទ្រ បានថ្លែងនូវការកោតសរសើរចំពោះគុណភាពនៃការសិក្សា របស់និស្សិតកម្ពុជាដែលកាលពីឆ្នាំ២០២២ មាននិស្សិត អ.ម.ត ចំនួន២០រូប បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យជឺជាំងមហាសមុទ្រ លើជំនាញគ្រប់គ្រងភស្តុភារកម្ម និងជំនាញសេដ្ឋកិច្ច ហើយសាកលវិទ្យាល័យជឺជាំងមហាសមុទ្រ នឹងបន្តការលើកទឹកចិត្តដល់និស្សិតកម្ពុជាមកសិក្សាក្រេបយកពុទ្ធិនិងបទពិសោធន៍នានាពីប្រទេសចិនដើម្បីចូលរួមក្នុងកិច្ចអភិវឌ្ឍសង្គមជាតិ។

ជាការឆ្លើយតបលោក ឡាវ វ៉ាន់ ក៏បានលើកទឹកចិត្តដល់សាកលវិទ្យាល័យទាំងពីរ ក្នុងការបន្ថែមបរិមាណចំនួនអាហារូបករណ៍ជូនដល់សិស្ស-និស្សិតកម្ពុជា និងបន្តផ្តល់ឱកាសកាន់តែច្រើនដល់និស្សិតកម្ពុជា មកទទួលនូវពុទ្ធិ និងបទពិសោធន៍នានាពីសាកលវិទ្យាល័យទាំងពីរ តាមរយៈសិក្ខាសាលាវេទិកាវិទ្យាសាស្រ្តចំហ ការសិក្សាស្រាវជ្រាវរួមគ្នា និងកម្មវិធីបោះជំរុំដើម្បីផ្លាស់ប្តូរបទពិសោធន៍ជាដើម។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក ឡាវ វ៉ាន់ ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយកដ្ឋានទំនាក់ទំនងការបរទេសរបស់រដ្ឋបាលខេត្តជឺជាំង ដែលតែងបានផ្តល់នូវកិច្ចគាំទ្រនិងលើកទឹកចិត្ត ព្រមទាំងសម្របសម្រួលជូនដល់បណ្តាសាកលវិទ្យាល័យនានាក្នុងខេត្តជឺជាំងបន្តកិច្ចសហការនិងរឹតចំណងកាន់តែរឹងមាំលើការអភិវឌ្ឍធនធានមនុស្ស និងការបណ្តុះបណ្តាលអ្នកវិទ្យាសាស្រ្តវ័យក្មេងបន្តវេនជាមួយក្រុមការងារគ្រប់គ្រងនិស្សិតក្រៅប្រទេសប្រចាំសាធារណប្រជាមានិតចិននៃសមាគម អ.ម.ត.។

គួរបញ្ជាក់ផងដែរថា គិតមកដល់ឆ្នាំ២០២៣នេះ មាននិស្សិតកម្ពុជាចំនួន ១៨៦នាក់ បានទទួលអាហារូបករណ៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន និងបច្ចុប្បន្នបាននិងកំពុងសិក្សានៅតាមបណ្តាសាកលវិទ្យាល័យចំនួន៦៣ ក្នុងប្រទេសចិនផងដែរ៕