(ភ្នំពេញ)៖ តុលាការកំពូល នៅព្រឹកថ្ងៃទី ១៥ ខែ សីហា នេះ រកឃើញថា ក្រុមគ្រួសារ លោក ថោង សារ៉ាត់ រួមមានម្តាយឪពុក និងលោក ថោង សារ៉ាត់ មានទោសពីបទរក្សាទុកអាវុធ ខុសច្បាប់វែងខ្លីចំនួន ១១ដើមដដែល ដោយសម្រេចតម្កល់សាលដីកាសាលាឧទ្ធរណ៍ ទុកជាបានការពេញទាំងមូល។ ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល លោក ឃឹម ប៉ុណ្ណ។
ការសម្រេចនេះ ធ្វើឡើងដោយកំបាំងមុខជនជាប់ចោទទាំង៣នាក់ តែចាត់ទុកជាចំពោះមុខ ។ ពាក់ព័ន្ធការសម្រេចនេះ លោក ហាវ ស៊ីណាត មេធាវីការពារជនជាប់ចោទ បដិសេធពុំធ្វើអត្ថាធិប្បាយបន្ថែមទេ ។
ជនជាប់ចោទក្នុងសំណុំរឿងនេះ រួមមានលោក ថោង សារ៉ាត់ ហៅជិន អាយុ៣៨ឆ្នាំ អតីតមានងារជាឧកញ៉ា និងជាម្ចាស់បុរី៩៩៩ ឪពុកឈ្មោះ ថោង ចំរើន ហៅ តាំង ចំរើន អាយុ៦៣ឆ្នាំ និង ម្តាយឈ្មោះ កែវ សារី អាយុ៥៥ឆ្នាំ ។
សូមជំរាបថា លោក ថោង សារ៉ាត់ ធ្លាប់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ និង សាលាឧទ្ធរណ៍ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល២ឆ្នាំ៦ខែ និង ឪពុកម្ដាយ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល២ឆ្នាំ ពីបទកាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ចំនួន១១ដើម ប្រព្រឹត្តកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៣ នៅចំណុចផ្ទះលេខ៩២១ ផ្លូវលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ តាមមាត្រា៤៩០នៃក្រមព្រហ្មទណ្ឌ ៕