(ភ្នំពេញ)៖ បុរសជាទាហានម្នាក់ បានរងរបួសបាក់ភ្លៅម្ខាង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្ត២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង នៅត្រង់ផ្លូវសហព័ន្ធរុស្ស៉ីកែង និងផ្លូវព្រះមុនីវង្ស នាម៉ោង២៖៣០នាទីរំលងអាធ្រាត្រ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅមុនមានគ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើង គេបានឃើញរថយន្តមួយគ្រឿងម៉ាក BMW ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AG-2838 ដែលជិះគ្នាបីនាក់ មានស្ត្រីម្នាក់ផងដែរ បានបើកតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៉ី ក្នុងល្បឿនយ៉ាងលឿន លុះបើកមកដល់ចំណុចកើតហេតុ ត្រង់ផ្លូវកែងនឹងផ្លូវមុនីវង្ស ក៏មានរថយន្តមួយគ្រឿងទៀតម៉ាក Highlander ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2X-0354 ដែលបើកដោយមន្ត្រីយោធាម្នាក់ ក្នុងល្បឿនយ៉ាងលឿនដូចគ្នា បានមកដល់ដែរ ក៏ធ្វើឲ្យរថយន្តទាំង២ខាងលើ បុកគ្នាយ៉ាងពេញទំហឹង ដែលបណ្តាលឲ្យ មន្ត្រីយោធាជាម្ចាស់រថយន្ត Highlander រងរបួសបាក់ភ្លៅម្ខាង ចំណែកអ្នកដែលជិះនៅក្នុងរថយន្ត BMW មិនមានរងរបួសនោះទេ។ ដោយឡែករថយន្តទាំង២គ្រឿងវិញខូចខាត ខាងមុខទាំងស្រុងតែម្តង។ បន្ទាប់ពីរងរបួសមន្ត្រីយោធា ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅព្យាបាលភ្លាមផងដែរ។
ក្រោយកើតហេតុរថយន្តទាំង២ ត្រូវបានសមត្ថកិច្ចជំនាញ ចុះមកវាស់វែង និងស្ទួចយកទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕