(ព្រៃវែង)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៨ ខែតុលាឆ្នាំ២០២៣នេះ បានធ្វើពិធីប្រកាសទទួលស្គាល់ប្រធាន អនុប្រធានគណៈកិត្តិយសសាខា និងប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង អាណត្តិទី៥ ក្រោមអធិបតីភាព លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះលោកស្រី សោម សេរីវឌ្ឍន៍ នាយិកា នាយកដ្ឋានធនធានមនុស្សកាកបាទក្រហមកម្ពុជា បានអានសេចក្ដីសម្រេចស្តីពីការកែសម្រួល និងតែងតាំងសមាសភាព គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែងចំនួន៣៧រូប ដែលក្នុងនោះលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃត្រូវ
បានតែងតាំងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ជំនួសលោកនាយឧត្តមសេនីយសន្តិបណ្ឌិត នេត សាវឿន ដែលត្រូវបានតែងតាំង និងផ្ទេរភារកិច្ចក្នុងមុខតំណែងថ្មី។ ដោយឡែកលោកជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី ជា ផល្គុន ព្រមទាំងលោក លោកស្រី និងព្រះតេជគណ ជាមន្ត្រីសង្ឃសរុបចំនួន ៣៦អង្គ/នាក់ទៀត ត្រូវបានតែងតាំង ជាអនុប្រធានកិត្តិយស។

ដោយឡែក សេចក្តីសម្រេចមួយទៀត គឺបានទទួលស្គាល់ សមាសភាពគណៈកម្មាធិការ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង អាណត្តិទី៥ ដែលក្នុងជួរគណៈកម្មាធិការថ្មីនេះ មានលោក សួន សុម៉ាលីន ជាប្រធាន លោក សុខ ផេង អនុប្រធានអចិន្ត្រៃយ៍ និងថ្នាក់ដឹកនាំមួយចំនួនទៀត ជាអនុប្រធាន និងសមាជិកជាដើម។

ជាមួយនឹងការពាំនាំនូវព្រះរាជបណ្ដាំផ្ញើរសួរសុខទុក្ខពី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ជូនអង្គពិធីទាំងមូលនោះ លោកស្រី ពុំ ចន្ទីនី ក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះជោគជ័យយ៉ាងធំធេង របស់លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អតីតប្រធានកិត្តិយសាខា និងលោក ជា សុមេធី អតីតប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដែលបានដឹកនាំសាខាសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន។

លោក សុខ ផេង ប្រធានស្ដីទីគណៈកម្មាធិការសាខា បានលើកឡើងថា ក្នុងរយៈពេល៤ឆ្នាំ ចាប់ពីខែកញ្ញា ឆ្នាំ២០១៩ ដល់ ខែកញ្ញា ឆ្នាំ២០២៣ កាកបាទក្រហមកម្ពុជា រួមជាមួយសាខាខេត្ត និងអនុសាខា បាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់គ្រួសាររងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ សរុបចំនួន ១,៥៩០គ្រួសារ/នាក់ ស្មើនឹង៥៤០លើក ក្នុងនោះរងគ្រោះដោយសារខ្យល់កន្ត្រាក់បាក់រលំផ្ទះ ៩២១ខ្នង ស្មើនឹង ៩២១គ្រួសារ អគ្គីភ័យ ២១៧គ្រួសារ រន្ទះបាញ់ស្លាប់ ២២នាក់ លង់ទឹកស្លាប់ ៨០នាក់ គ្រោះថ្នាក់ចរាចរណ៍ ៩៨នាក់ ទឹកជំនន់ប៉ះពាល់ ១១គ្រួសារ ស្លាប់ដោយសារជំងឺ១១១នាក់ គ្រោះថ្នាក់ឧប្បទវហេតុ ៤៣នាក់ និងបាក់ច្រាំងទន្លេ៨៧ខ្នងផ្ទះ ស្មើនឹង៨៧គ្រួសារ។

ព្រមជាមួយគ្នានេះ លោក សួន សុម៉ាលីន បានធ្វើការប្ដេជ្ញាចិត្តរក្សាខ្ជាប់នូវគោលករណ៏គ្រឹះទាំង ៧ប្រការ របស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម មាន៖ ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព។ រក្សាគុណតម្លៃ តម្លាភាព គណយយ្យភាព ជំនឿទុកចិត្ត ការទទួលស្គាល់ ការត្រៀមខ្លួនជាស្រេច បរិយាប័ន្នប្រសិទ្ធភាព ប្រសិទ្ឋផល និងការប្តេជ្ញាចិត្ត។ រួមទាំងបន្តប្រតិបត្តិតាមគោលការណ៍ណែនាំរបស់កាកបាទក្រហមកម្ពុជា ដើម្បីបំពេញភារកិច្ចមនុស្សធម៌ឲ្យបាន ជោគជ័យ និងមានប្រសិទ្ធភាព។បន្តពង្រឹងការរក្សាកិត្តិនាមជាសមាគមជាតិ មានដំណើរការល្អ មានភាពម្ចាស់ការ ជាប្រតិបត្តិករដ៏រឹងមាំ និង បំពេញការងារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកាត់បន្ថយអាត្រាឈឺ និងស្លាប់នៃមាតា ទារក និងកុមារ។ ការពារ និងលុបបំបាត់ជំងឺឆ្លង មិនឆ្លង ធ្វើអន្តរាគមន៍សុខភាពគ្រាអាសន្ន សុខភាពមនុស្សចាស់ សង្គ្រោះបឋម និងការលើកកម្ពស់សុខភាព សហគមន៍។ រក្សាសាមគ្គីភាព ឯកភាពរួមដោះស្រាយបញ្ហាប្រឈម ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងជួរគណ:កម្មាធិការសាខា។ ដឹកនាំតម្រង់ទិសក្រុមប្រតិបត្តិសាខា និងអនុសាខាក្រុងស្រុក ឲ្យអនុវត្តបានល្អនូវភារកិច្ចស្របតាមយុទ្ធសាស្រ្តកាកបាទក្រហម កម្ពុជា (២០២១-២០៣០) ក្នុងនោះផ្អែកលើវិស័យអាទិភាពទាំង៤។ បង្កើនគំនិតស្មារតីច្នៃប្រឌិត ក្នុងការងារកៀរគរ រកមូលនិធិពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដើម្បីបម្រើសេវាកម្ម មនុស្សធម៌ជូនសាខា។ បន្តពង្រឹងសមត្ថភាពក្រុមប្រតិបត្តិសាខា និងក្រុមកាកបាទក្រហមតាមឃុំ/សង្កាត់ អ្នកស្ម័គ្រចិត្តឲ្យបំពេញ ភារកិច្ចមនុស្សធម៌ នៅភូមិសាស្ត្រខ្លួនឲ្យបានល្អប្រសើរទាន់ពេលវេលា និងមានប្រសិទ្ធភាព។ប្តេជ្ញាចិត្តបន្តការពង្រីកសមត្ថភាពអ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា លើការងារសង្គ្រោះបឋម និងពង្រឹងសកម្មភាពអប់រំសុខភាពក្នុងសហគមន៍។

ថ្លែងនៅក្នុងឱកាសនោះដែរ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង ធ្វើការងារមនុស្សធម៌អស់កម្លាំងកាយចិត្ត របស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដែលបានអនុវត្តកន្លងមក និងបានគាំទ្រចំពោះកិច្ចការងារទាំងអស់ដែលសាខាការបានអនុវត្តកន្លងមកនោះផងដែរ៕