(ក្រចេះ)៖ លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ និងលោក វ៉ា ថន អភិបាលខេត្ត រួមជាមួយអភិបាលរងខេត្ត មន្ត្រីរាជកាគ្រប់មន្ទីរ អង្គភាព ស្ថាប័ន្នជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងយុវជនប្រមាណជាង៤០០នាក់ នាល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ បាននិមន្តព្រះសង្ឃសូត្រមន្តបង្សុកូលឧទ្ទិសគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប១១ព្រះវស្សា នៅសាលមហោស្រពខេត្ត។

ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់បានសម្រួមកាយឈរស្មិងស្មាធិ៍ ដើម្បីគោរពតបស្នងនូវព្រះគុណូបការៈ និងព្រហ្មវិហារធម៌ដល់ព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាពដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី ផ្សះផ្សាបង្រួបបង្រួមជាតិ។

ក្នុងឱកាសនោះ លោក វ៉ា ថន ក៏បានរំលឹកនូវព្រះរាជជីវប្រវត្តិសង្ខេបព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលជាអតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជសកម្មភាពដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី ផ្សះផ្សាបង្រួបបង្រួមជាតិ និងអភិវឌ្ឍន៍លើគ្រប់វិស័យ និងបានសម្ដែងនូវទឹកចិត្តពោរពេញដោយសេចក្តីទុក្ខក្រៀមក្រំ និងសោកស្តាយស្រណោះអាឡោះអាល័យយ៉ាងក្រៃលែងចំពោះការយាងចូលព្រះទីវង្គតរបស់ព្រះអង្គ៕