(ប៉េកាំង)៖ បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញចូលរួមក្នុងពិធីបើកវេទិកាខ្សែក្រវាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទី៣។

មេដឹកនាំ និងឥស្សរជនជាច្រើន មកពីបណ្តាប្រទេសនានានៅក្នុងតំបន់ និងជុំវិញពិភពលោក បានមកជួបជុំគ្នា ដើម្បីប្រារព្វខួបអនុស្សាវរីយ៍ ១០ ឆ្នាំ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។ 

បន្ទាប់មកនៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន លោកបណ្ឌិត កៅ គឹមហួន បានថ្លែងសន្ទរកថាក្នុងវេទិកាជាន់ខ្ពស់ ស្តីពីការតភ្ជាប់ ដែលជាផ្នែកនៃ វេទិកាខ្សែក្រវាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទី ៣។

នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការពង្រឹងការតភ្ជាប់នៅក្នុងអាស៊ាន និងក្រៅតំបន់ ឆ្ពោះទៅរកការលើកកម្ពស់បន្ថែមទៀត នូវការបញ្ចូលគ្នារវាងផែនការមេ ស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ ចក្ខុវិស័យអាស៊ានស្តីពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ៕