(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាននាំយកថវិកានិងអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅចូលរួមក្នុងពិធីបុណ្យសពពលរដ្ឋក្រីក្រចំនួន៤ នៅក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នាថ្ងៃទី១៨ ខែតុលា។

ទី១គឺសពលោក រឿន ណារិទ្ធ អាយុ៣៧ឆ្នាំ នៅភូមិពន្លាជ័យ ទី២សពលោកតា ហិម ហៃ អាយុ៦០ឆ្នាំ នៅភូមិស្រោមដែក ទី៣សពលោកតា តេង អ៊ក អាយុ៧១ឆ្នាំ នៅភូមិកុកគ្រួស និងទី៤សពលោកយាយ ភួង ផាន់ អាយុ៨១ឆ្នាំ នៅភូមិកុកគ្រួស ដែលបានទទួលមរណភាពនាពេលកន្លងទៅថ្មីៗ។

អំណោយដែលឧបត្ថម្ភជូនក្រុមគ្រួសារសពនោះ ក្នុង១គ្រួសារទទួលបាន៖ អង្ករចំនួន៥០គីឡូក្រាម មីជាតិចំនួន២កេស ត្រីខកំប៉ុងចំនួន២យួរ និងថវិកាមួយចំនួនផងដែរ។

លោក សូត្រ អ៊ុល មេឃុំបន្ទាយស្ទោង តំណាងឲ្យក្រុមគ្រួសារសព អាជ្ញាធរដែនដី និងប្រជាពលរដ្ឋបានគោរពថ្លែងអំណរគុណចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងឧត្តមសេនីយ៍ទោ សោម ស៊ុន រួមជាមួយថ្នាក់ដឹកនាំនានា ដែលបានយកចិត្តទុកដាក់ជួយឧបត្ថម្ភដល់គ្រួសារពលរដ្ឋក្រីក្រនាពេលនេះ៕