(កណ្តាល)៖ លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល នៅវេលាម៉ោង ១៖៣០នាទីរសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ បានបន្តដឹកនាំក្រុមការងារមាន លោកស្នងការនគរបាលខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម អភិបាលស្រុកកណ្តាលស្ទឹង និងក្រុមការងារជំនាញពាក់ព័ន្ធ ចុះពិនិត្យករណីជំនន់លិចទឹកភ្លៀង នៅប្រឡាយ៩៤ ប្រឡាយ៩៦ ស្ថានីយបូមទឹកចាប់យំ (ទ្វារទឹក៣) ស្ថានីយបូមទឹកក្របៅ និងស្ថានីយបូមទឹករំដោះពីទីលានវាយកូនហ្គោល ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ។

លោកបានថ្លែងថា លោក និងក្រុមការងារ បានចុះពិនិត្យទីតាំងប្រឡាយ៩៤ និងប្រឡាយ៩៦។ នៅតាមបណ្តោយប្រឡាយមានការជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋ ក្រុមការងារបានយកទូក ជួយដឹកជញ្ជូនប្រជាពលរដ្ឋ និងសម្ភារ មកកន្លែងទីទួលសុវត្ថិភាព បណ្តោះអាសន្ន។

លោក និងក្រុមការងារ បានបន្តចុះពិនិត្យស្ថានីយបូមរំដោះទឹកពីទីលានវាយកូនហ្គោល (សម្តេចតេជោ ហ៊ុន សែន) ក្នុងនោះប្រើម៉ាស៊ីន ២គ្រឿង កម្លាំង ៦៥សេស បូមរំដោះទឹកក្នុង ១ម៉ោង ១ ៦០០ម៉ែត្រគូប ដើម្បីឲ្យបន្តហូរធ្លាក់ទៅ ស្ថានីយបូមទឹកក្របៅ កំពុងធ្វើការបូមមានម៉ាស៊ីន ២គ្រឿង កម្លាំង ៦៥សេស បូមរំដោះទឹកក្នុង ១ម៉ោង ១ ៦០០ម៉ែត្រគូប។ បន្តហូរធ្លាក់ទៅ ស្ថានីយបូមទឹកចាប់យំ (ទ្វាទឹក៣) កំពុងធ្វើការបូម មាន ៤ម៉ាស៊ីន កម្លាំង ៦៥សេស បូមរំដោះទឹកក្នុង ១ម៉ោង ៣២ ០០០ម៉ែត្រគូប រំដោះចូលទៅប្រឡាយ៩៦។

បើតាមលោក ហាក់ សុខមករា, ក្រុមការងារកំពុងបន្តបូមទឹកនៅតាមស្ថានីយបូមទឹកទាំង៣ទីតាំង រួមមាន៖

*ទី១៖ ស្ថានីយបូមទឹក ទីលានវាយកូនហ្គោល (សម្តេចតេជោ ហ៊ុន សែន)
*ទី២៖ ស្ថានីយបូមទឹកក្របៅ
*ទី៣៖ ស្ថានីយបូមទឹក ចាបយំ (ទ្វារទឹក៣) ដើម្បីរំដោះទឹកភ្លៀងជន់លិចក្នុងក្រុងតាខ្មៅ និងទីលានវាយកូនហ្គោល៕