(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ទទួលជួបពិភាក្សាការងារជាមួយលោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជា។

ក្នុងជំនួបពិភាក្សាការងាររវាង លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) អគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជា បានផ្តោតជាសំខាន់ក្នុងការពង្រឹង កិច្ចសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយ ដើម្បីរួមគ្នាទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ ដោយមិនត្រូវឲ្យព័ត៌មានក្លែងក្លាយនេះដឹកមុខយើងយូរនោះទេ នាំឲ្យកើតមានបញ្ហាកាន់តែច្រើន ធ្វើឲ្យប៉ះពាល់ដល់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា វៀតណាម។

លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ពីជំហរបន្តខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីពូនជ្រុំទំនាក់ទំនងជាមួយកម្ពុជា ពិសេសជាមួយក្រសួងព័ត៌មាន ឲ្យបានកាន់តែល្អបន្តទៅមុខទៀត។ លោកបានសម្ដែងនូវការចូលរួម អបអរសាទរ ចំពោះលោក នេត្រ ភក្ត្រា ដែលត្រូវបានតែងតាំងជា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា ហើយសង្ឃឹមថា ចំណងមិត្តភាព និងកិច្ចសហការរវាង ប្រពន្ធ័ផ្សព្វផ្សាយវៀតណាម និងប្រព័ន្ធផ្សព្វផ្សាយកម្ពុជា ពិសេសជាមួយក្រសួងព័ត៌មាន ដើម្បីជំរុញឲ្យវិស័យព័ត៌មាន និងសោតទស្សន៍ កាន់តែមានភាពរឹងមាំ និងរីកចម្រើនបន្ថែមទៀត។

ជាមួយគ្នានោះ លោករដ្ឋមន្រ្តី នេត្រ ភក្ដ្រា បានបញ្ជាក់ជូនអំពីការងារអាទិភាពដែលត្រូវធ្វើក្នុងនាមជា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បន្តទៅមុខ គឺផ្ដោតជាសំខាន់ក្នុងធ្វើការទំនើបកម្មស្ថាប័ន និងរដ្ឋបាលទំនើប ដើម្បីធ្វើឲ្យក្រសួងព័ត៌មាន ក្លាយទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅធ្វើយ៉ាងណាគឺផ្សព្វផ្សាយពីការពិតរបស់កម្ពុជាយើងទៅកាន់មជ្ឈដ្ឋានជាតិ និងអន្ដរជាតិ ជាស្ថាប័នផ្សព្វផ្សាយព័ត៌មានទាន់ពេលវេលា ពិត មានគុណភាព។

លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន ស្នើដល់ភាគីវៀតណាម ជួយបណ្តុះបណ្តាលជំនាញថ្មីៗ ទាក់ទងបច្ចេកវិទ្យាព័ត៌មាន និងផ្នែកបច្ចេកទេសប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ដល់មន្រ្តីនៃក្រសួងព័ត៌មាន ព្រោះកម្ពុជាបាននិងកំពុងត្រៀម ធ្វើការផ្លាស់ប្តូរប្រព័ន្ធផ្សព្វផ្សាយពីប្រព័ន្ធអាន់ណាឡូក ទៅឌីជីថល។ ជាមួយនេះក៏ស្នើជួយរៀបចំបណ្ណាសារ ដើម្បីរក្សាទុកឯកសាររូបថត និងវីដេអូ សំខាន់ៗរបស់ជាតិឲ្យបានល្អគង់វង្ស ហើយងាយស្រួលក្នុងការស្វែងរក។

លោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ក៏បានវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជាលើគ្រប់វិស័យ។

គួររំលឹកដែរថា ទំនាក់ទំនងការទូតនិងមិត្តភាពរវាងកម្ពុជា-វៀតណាមវិញ ប្រវត្តិសាស្រ្ត ទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បានកើតមានជាយូរលង់ណាស់ហើយ គឺមុនពេលដែលទំនាក់ទំនងការទូតត្រូវបានបង្កើតជាផ្លូវការ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ មកម្ល៉េះ។

ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះ ត្រូវបានពង្រឹង និងពង្រីកជាលំដាប់ លើគ្រប់វិស័យ មានលក្ខណៈស៊ីជម្រៅ និងយ៉ាងស្អិតរមួត ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ ភូមិផងរបងតែមួយ ប្រកបដោយការជឿទុកចិត្ត និងយោគយល់ពីគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ ដោយសម្រេចបាននូវសមិទ្ធផលធំធេង និងគួរឲ្យកត់សម្គាល់ជាច្រើនរាប់មិនអស់៕