(ភ្នំពេញ)៖ នៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៦ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន សង្កាត់ព្រែកកំពឹស ទាំងមូលក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីបង្កើនភាពស្និទ្ធស្នាលនិងផ្លាស់ប្តូរព័ត៌មាន ស្តីពីការអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព។
ក្នុងកម្មវិធីនោះ ក៏មានវត្តមាន លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ លោកអភិបាលរងខណ្ឌ មន្ត្រីអាវុធហត្ថ នគរបាលប៉ុស្តិ៍ ព្រមទាំងសមាជិក សមាជិកាសរុបទាំងអស់មានចំនួន ៨៧នាក់ ។
នៅក្នុងឱកាសជួបជុំសំណេះសំណាលនេះផងដែរ លោក រ័ត្ន ស្រ៊ាង បានចែកជូនដល់សមាជិកចូលរួមទាំងអស់ នូវទឹកសុទ្ធ និងនំបុ័ង ដាក់សាច់ម្នាក់១ដើម សម្រាប់ជាអាហារសម្រន់ និងបានចែកសម្ភារៈមួយចំនួនជូនដល់អង្គភាពចំនួន១០ ក្នុងសង្កាត់ព្រែកកំពឹសទាំងមូល ដើម្បីសម្រួលដល់ការងារប្រចាំការ ក្នុងនោះរួមមាន៖ ស្នាក់ការសង្កាត់១ ស្នាក់ការភូមិចំនួន៦ សាលាវិទ្យាល័យ និងអនុវិទ្យាល័យចំនួន ១សាលាបឋមសិក្សា១ និងអង្គភាពយុវជនចំនួន១ ដោយក្នុងមួយអង្គភាពទទួលបាន៖ ថវិកាចំនួន២០ម៉ឺនរៀល ជាប្រចាំរៀលរាល់ខែ, តុអ៊ីណុក១ កៅអី៨, ឆ្នាំងដាំទឹកអគ្គីសនី១, ប៉ាន់តែ១ ឈុត, តែ២ កញ្ចប់ និងនំចំនួន ២ធុង ៕