(ព្រះវិហារ)៖ កំណាត់ផ្លូវជាតិលេខ៩៤ ប្រវែង៥៤.៩គីឡូម៉ែត្រ ពីស្រុកឆែប ខេត្តព្រះវិហារ ទៅឃុំកំពង់ស្រឡៅមួយ ជាប់ព្រំដែនឡាវ ដែលរងការខូចខាតដោយទឹកភ្លៀងធ្លាក់ជោកជាំ ត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារជួសជុលថែទាំឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញរបស់ប្រជាពលរដ្ឋមានភាពងាយស្រួល។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឱ្យដឹងថា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ ក្រុមការងារជួសជុល ថែទាំផ្លូវថ្នល់នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារកំពុងធ្វើសកម្មភាពជួសជុល ថែទាំកំណាត់ផ្លូវជាតិលេខ៩៤ ចាប់ពីស្រុកឆែបដល់ឃុំកំពង់ស្រឡៅ ព្រំដែនឡាវ បន្ទាប់ពីទឹកភ្លៀងបានធ្លាក់ជោគជាំនាពេលកន្លងមក។

លោកប្រធានមន្ទីរបានបន្តថា ការជួសជុល ថែទាំកំណាត់ផ្លូវជាតិលេខ៩៤ឡើងវិញនាពេលនេះ គឺក្រុមការងារបានធ្វើការថែមដីល្បាយថ្ម ដោយកៀរសម្រួល ស្រោចទឹក កិនបង្ហាប់ ចាប់ពីគីឡូម៉ែត្រ៦+១០០ ដល់ ១១+៥០០ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរ និងដឹកជញ្ជូនទំនិញទៅកាន់ទៅផ្សារមានភាពងាយស្រួល រហ័សទាន់ចិត្តនិងចំណេញពេលវេលា។

លោក សំ លាងទ្រី បានថ្លែងទៀតថា ក្រោមការណែនាំពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានយកចិត្តទុកដាក់ជួសជុល ថែទាំផ្លូវដែលគ្រប់គ្រងដោយមន្ទីរ ធ្វើយ៉ាងណាមិនឱ្យមានគ្រលុក សំបុកមាន់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោកប្រធានមន្ទីរក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាផ្លូវថ្នល់ប្រយោជន៍ឱ្យការប្រើប្រាស់បានយូរអង្វែង ដោយបញ្ឈប់ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទលើសទម្ងន់កំណត់ កុំយកដីចំណីផ្លូវធ្វើអាជីវកម្ម និងកុំចាក់ដីខ្ពស់ជាងផ្លូវ៕