(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងសហការី នាព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ បានអញ្ចើញប្រគល់ផ្ទះ ១ខ្នង ជូនលោកស្រី អ៊ុន ឈឿន អាយុ៥៨ឆ្នាំ រស់នៅភូមិជំនីកឃុំអន្លង់វិល​ ស្រុកសង្កែ ខេត្តបាត់ដំបង ដែលជាស្រ្តីមេម៉ាយមានកូនច្រើនក្នុងបន្ទុកមានជីវភាពក្រីក្រខ្លាំង។

ក្នុងឱកាសនោះ លោក សុខ លូ បានថ្លែងថា ដោយមានការយកចិត្តទុកដាក់ និងមើលឃើញពីកាលំបាកខ្វះខាតទីជម្រកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូរ ដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះទាំងអស់ដោយមិនទុកនរណាម្នាក់ចោលដោយពុំបានដឹងនោះទេ ជាក់ស្តែងនៅថ្ងៃនេះសម្តេចបានចាត់ឱ្យក្រុមការងារ នាំយកនូវគ្រឿងឧបភោគ បរិភោគ ដើម្បីជួយសម្រាលនូវជីវភាព ក៏ដូចជាការលំបាករបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះហើយបញ្ជាក់ឱ្យឃើញពីវប្បធម៌ចែករំលែកដែលថ្នាក់ដឹកនាំលោកតែងតែគិតគូរ និងធ្វើជាប់ជាប្រចាំជាមួយប្រជាពលរដ្ឋ។

លោកបានផ្តាំផ្ញើពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងបានចូលរួមត្រេកអរចំពោះគ្រួសារលោកស្រី អ៊ុន ឈឿន ដែលទទួលបានទីជម្រកថ្មីដ៏សែនកក់ក្ដៅសម្រាប់ជ្រកកោនតទៅ ដើម្បីបានជាជម្រក និងជាម្លប់ដ៏កក់ក្តៅតរៀងទៅ។

ប្រធានគណៈកម្មាធិការសាខាខេត្តរូបនេះ ក៏បានក្រើនរម្លឹកដល់លោកស្រី និងអ៊ំពូមីង បងប្អូនទាំងអស់សូមថែរក្សាសុខភាពខ្លួន ប្រសិនបើបងប្អូន និងកូនមានជំងឺ និងគ្រោះថ្នាក់ផ្សេងៗសូមប្រញាប់បញ្ជូនទៅមណ្ឌលសុខភាព ដែលនៅជិតបំផុត។ ជាសំខាន់នោះចំពោះសុខភាពកុមារ និងស្ត្រីមានផ្ទៃពោះព្រមទាំងមានការប្រុងប្រយ័ត្នចំពោះកុមារតូចៗ នៅក្នុងរដូវវស្សានេះ ដែលពោពេលទៅដោយទឹកនៅតាមស្ទឹង អូរ ប្រឡាយ ត្រពាំងដើមី្បជៀសវាងកើតឡើងនូវប្រការអាក្រក់ណាមួយចំពោះក្រុមគ្រួសារ និងធ្វើអនាម័យបរិស្ថាននៅជុំវិញលំនៅដ្ឋានបំបាត់ទីជម្រកមូសខ្លា ដែលជាភ្នាក់ងារជំងឺគ្រុនឈាមមកលើកុមារ ក៏ដូចមនុស្សគ្រប់វ័យផងដែរ។

សូមបញ្ជាក់ថា ផ្ទះ ១ខ្នងខាងលើនេះចំណាយថវិកាអស់៥,៥៥០ដុល្លារ មានទំហំ៤.៤០ម៉ែត្រ គុណ ៦ម៉ែត្រ ជញ្ជាំងស៊ីម៉ង់តិ៍ ក្រាលការ៉ូ ដំបូលប្រក់សង្ក័សី មានបន្ទប់ទឹកមួយក្រោយផ្ទះតយ៉ាបខាងមុខ ២.៥ម៉ត្រផងដែរ។ ដើម្បីជួយសម្រាលដល់ជីវភាពរស់នៅ​សាខាកាកបាទក្រហមកម្ពុជា​ខេត្ត បានផ្តល់ជូនអំណោយសម្រាប់សង្កត់ផ្ទះរួមមាន៖ អង្ករ ១០០គីឡូក្រាម, មី​​​៥កេស,​ ទឹកត្រី ៥យួរ, ទឹកស៉ីអ៉ីវ ៥យួរ, ត្រីខ​​​៥០កំប៉ុង,​ ឈុតគ្រឿងចានឆ្នាំង​ និងថវិកា​​​មួយចំនួន។ ដោយឡែកលោកយាយលោកតាចាស់ៗ និងប្រជាពលរដ្ឋក្រីក្រដែលរស់នៅជិតខាងចំនួន៣០នាក់ ក្នុងម្នាក់ៗទទួលបានអង្ករ​ ២៥គីឡូក្រាម មី​​​១កេស ត្រីខ​​​១យួរទឹកស៉ីអ៉ីវ១យួរ ទឹក ទឹកបរិសុទ្ធ​១កេស និងថវិកា​មួយចំនួនផងដែរ។

លោកស្រី អ៊ុន ឈឿន ក៏បង្ហាញពីសេចក្ដីរំភេីបរីករាយឥតឧបមារក្រោយពេលទទួលបានផ្ទះថ្មថ្មី ១ខ្នង​ លេខរៀងទី១០ ជាអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង៕