(ភ្នំពេញ)៖ ករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ៩៖១៥នាទីព្រឹក នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ដែលស្ថិតនៅចំណុចភូមិត្នោតជ្រុំ៥ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យបណ្តាញព័ត៌មាន Fresh News ថា ដោយមានការអនុវត្ត តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការ ជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
ដោយទទួលបានបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ, លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានដឹកនាំបញ្ជាផ្ទាល់ដល់កងម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់គោលដៅ ដើម្បីចេញទៅជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។
នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១០គ្រឿង ក្នុងនោះរួមមាន៖ រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន០៦គ្រឿង ប្រើប្រាស់ទឹកអស់០៦ឡាន ស្មើនឹង២៤ម៉ែត្រគូប, រថយន្តជំនួយមកពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន ស្មើនឹង៨ម៉ែត្រគូប, រថយន្តរបស់ក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ស្មើនឹង៦ម៉ែត្រគូប និងរថយន្តរបស់ទីក្រុងនរា ចំនួន១គ្រឿង ពុំបានប្រើប្រាស់ទឹក។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ ជាប្រភេទសំណង់ ផ្ទះឈើលើក្រោមថ្មទំហំ (៨ម៉ែត្រ គុណ១២ម៉ែត្រ) បានឆេះអស់ទាំងស្រុង និងពុំបានបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ជូនបន្ថែមទៀតថា ចំពោះករណីខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការគ្រប់គ្រង់ទាំងស្រុងនៅវេលាម៉ោង ១០៖០០នាទីព្រឹកថ្ងៃខែឆ្នាំដដែរ។ ដោយក្នុងហេតុការណ៍នេះ មិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះឡើយ រីឯមូលហេតុ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី៕