(ក្រុងរីយ៉ូ)៖ នាយកបេសកកម្ម លោក វ៉ាត់ ចំរើន បានថ្លែងប្រាប់ Fresh News ពីប្រទេសប្រេស៊ីលថ្ងៃនេះមកថា កីឡាការិនីឆ្នើមកម្ពុជា ស៊ន សៀវម៉ី ត្រូវឆ្លងកាត់ឧបសគ្គ៤ធំៗ មុនឈ្នះមេដាយមាសនៅកីឡាអូឡាំពិក ឆ្នាំ២០១៦។
អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ខាងលើបានបន្តថា តាមការព្យាករណ៍តាមលក្ខណៈបច្ចេកទេស និងតាមតារាងផ្គូផ្គង កីឡាការិនីវ័យ ២០ឆ្នាំ សៀវម៉ី អាចនឹងជួបកីឡាការិនីអាមេរិក Jackie Galloway នៅវគ្គ៨នាក់ ប្រសិនបើម្ចាស់មេដាយមាស ប្រចាំទ្វីបអាស៊ី សៀវម៉ី អាចទម្លាក់គូប្រជែងជនជាតិហូឡង់ Reshimie Oogink នៅថ្ងៃទី២០ សីហាមែននោះ ក្នុងវគ្គ១៦នាក់។
យ៉ាងណាមិញ កីឡាការិនីកម្ពស់ ១,៨៣ម៉ែត្រ អាចនឹងទៅជួបកីឡាការិនីម៉ិចស៊ិក Maria Espinoza ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប្រសិនបើប្រកួតឈ្នះកីឡាការិនីអាមេរិក ហើយប្រសិនបើឈ្នះទៀត អាចនឹងឡើងទៅជួបចិន ដើម្បីដណ្តើមយកមេដាយមាស នៅវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី២១ ខែសីហា ដែលជាថ្ងៃចុងបញ្ចប់ព្រឹត្តិការណ៍ Rio Olympic Games 2016។
សូមបញ្ជាក់ថា ស៊ន សៀវម៉ី នឹងចាប់ផ្តើមប្រកួតដំបូងក្នុង Rio 2016 នៅថ្ងៃទី២០ សីហា ក្នុងវគ្គ១៦នាក់ ដែលត្រូវជួបកីឡាការិនីជើងខ្លាំងហូឡង់ ដែលមានកម្ពស់ ១.៧៩ម៉ែត្រ ប្រភេទកីឡាតេក្វាន់ដូ វីញ្ញសាទម្ងន់លើស ៦៧គីឡូក្រាម (+67kg) ដែលមាន ១៦ប្រទេសប៉ុណ្ណោះ មានវិញ្ញាសាទម្ងន់ធ្ងន់នេះ៕