(ភ្នំពេញ)៖ អ្នកជំនួញក្នុងវិស័យផ្សេងៗ បានសម្តែងនូវការសារទរ ចំពោះការដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងរំពឹងទុកថាអាកាសយានដ្ឋានថ្មីនេះ នឹងជួយជំរុញកំណើនសេដ្ឋកិច្ច ព្រោះក្រៅពីការលើកស្ទួយវិស័យទេសចរណ៍ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ក៏នឹងក្លាយជាផ្នែកមួយជួយដល់វិស័យអចលនទ្រព្យ វិស័យដឹកជញ្ជូន និងទាក់ទាញវិនិយោគិន ពីបណ្តាប្រទេសផ្សេងៗមកកម្ពុជាទៀតផង។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានសម្តែងការអបអរសារទរ ចំពោះអាកាសយានដ្ឋានថ្មី ដែលជាសមិទ្ធផលប្រវត្តិសាស្រ្ត និងជាសរសៃរឈាមជាតិ ក្នុងជំរុញការតភ្ជាប់កម្ពុជាឱ្យកាន់តែទូលំទូលាយ ស្របតាមការអនុវត្តតាមគោលនយោបាយបើកចំហរជើងមេឃ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនាពេលកន្លងមក។

លោកថា ការមានព្រលានយន្តហោះច្រើន កំពង់ផែច្រើន និងហេដ្ឋារចនាសម័ន្ធសំបូរបែប នឹងជួយជំរុញកំណើនសេដ្ឋកិច្ច ឱ្យកាន់តែល្អប្រសើរ ទាំងផ្នែកឧស្សាហកម្មទេសចរណ៍ និងវិស័យផ្សេងទៀត។

លោកបន្ថែមថា «យើងមានផ្លូវអាកាសកាន់តែទូលំទូលាយការតភ្ជាប់ ក្នុងតំបន់ និងក្នុងសកលលោកកាន់តែទូលំទូលាយ និងកាន់តែងាយស្រួល ជួយកាត់បន្ថយថ្លៃដើមបានច្រើន ក្នុងការប្រកួតប្រជែងការដឹកជញ្ជូនក្នុងតំបន់ផងដែរ»

ឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសាកល បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ការបើកដំណើរអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺជាមោទនភាពមួយរបស់ខេត្តសៀមរាប និងប្រទេសកម្ពុជាទាំងមូល។ អាកាសយានដ្ឋានថ្មីនេះ នឹងផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរ ដែលមានបំណងមកកម្សាន្តនៅខេត្តសៀមរាប និងនៅប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះក៏ផ្តល់ភាពងាយស្រួលវិនិយោគិន ដែលចង់មកស្វែងរកឱកាសវិនិយោគនៅកម្ពុជាផងដែរ។ លើសពីនេះថែមទៀត អាកាសយានដ្ឋានថ្មីនេះ ក៏អាចនឹងក្លាយជាផ្នែកមួយ ជួយដល់វិស័យអចលទ្រព្យផងដែរ។

លោកលើកឡើងទៀតថា «សម្រាប់ទស្សនៈរបស់ខ្ញុំ បើកាលណាខេត្តសៀមរាប មានភាពងាយស្រួលសម្រាប់អ្នកទេសចរ និងអ្នកវិនិយោគមកដល់ ដើម្បីសិក្សាពីឱកាសវិនិយោគ នោះក៏នឹងធ្វើឱ្យតម្រូវការនៃវិស័យអចលនទ្រព្យ មានការកើនឡើងផងដែរ ហើយតំបន់ណាដែលមានតម្រូវការអចលទ្រព្យកើនឡើងនោះ តម្លៃអចលនទ្រព្យក៏មានការរីកចម្រើន។ ការបើកដំណើរអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺជាចំណុចចាប់ផ្តើមមួយដ៏ល្អ ដើម្បីជំរុញឱ្យខេត្តសៀមរាប កាន់តែមានប្រជាប្រិយភាពផ្នែកទេសចរណ៍ ក៏ដូចជាខេត្តមួយ ដែលមានតម្រូវការផ្នែកលំនៅដ្ឋាន ឬតម្រូវការអចលនទ្រព្យ»

លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន យល់ឃើញថា ការបើកដំណើរអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺជាការបើកសករាជថ្មី សម្រាប់ប្រទេសកម្ពុជា ដែលមានព្រលានយន្តហោះទំហំធំ អាចទទួលការចុះចតយន្តហោះប្រភេទធំៗបាន។

លោកបន្តថា តាមរយៈការដាក់ដំណើរការអាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ក៏ជួយដល់ការដឹកជញ្ជូនតាមផ្លូវអាកាស កាន់តែប្រសើរជាងមុនផងដែរ ព្រោះនៅពេលព្រលានយន្តហោះអាចទទួលកា រចុះចតប្រភេទយន្តហោះធំៗបាន នោះការផ្ទុកទំនិញបានកាន់តែច្រើន និងដឹកបានទំនិញដែលមានទំហំធំ។

លោកបន្តថា «និយាយរួមទៅព្រលានហោះថ្មីនេះ មិនត្រឹមតែធ្វើឱ្យរីកចម្រើន ទៅលើវិស័យទេសចរណ៍នោះទេ គឺពាក់ព័ន្ធនឹងការដឹកជញ្ជូនទំនិញក៏ដូចគ្នាផងដែរ ព្រោះថាជាទូទៅទំនិញ និងអ្នកដំណើរ គឺតែងនៅជាមួយគ្នា ជាពិសេសទៀតនោះ គឺទំនិញផ្សេងៗដែលត្រូវការដឹកជញ្ជូនច្រើន និងមានទំហំច្រើននោះ គឺអាចដឹកទៅតាមយន្តហោះ បាននៅពេលដែលយើងមានព្រលានយន្តហោះធំ»

លោកកត់សម្គាល់ថា នៅខេត្តសៀមរាប ក៏មានរោងចក្រ និងសិប្បកម្ម កែច្នៃផ្សេងៗ នៅក្បែរនោះ ហេតុនេះហើយវត្តមានអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ នឹងក្លាយជាតម្រូវការចាំបាច់ សម្រាប់ការដឹកជញ្ជូនទំនិញនាំចេញ និងការនាំចូលនូវមុខទំនិញផ្សេងៗ ដែលបានបញ្ជាទិញពីប្រទេសចិន ឬប្រទេសផ្សេងទៀត ព្រោះកន្លងមកក៏មានការដឹកជញ្ជូនទំនិញ ពីប្រទេសផ្សេងៗមកតាមយន្តហោះមកខេត្តសៀមរាប ហើយបន្តដឹកតាមរថយន្តមករាជធានីភ្នំពេញ ឬខេត្តផ្សេងទៀត។

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានបើកដំណើរការទទួលជើងហើរហោះជាផ្លូវការ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។

បើតាមការលើកឡើងរបស់ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ការសាងសង់អាកាសយានដ្ឋានអន្តរជាតិនេះ មិនត្រឹមតែគិតលើតម្រូវការបច្ចុប្បន្ននោះទេ គឺមានចក្ខុវិស័យវែងឆ្ងាយ ដោយបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធគ្រប់លក្ខខណ្ឌ តាមស្ដង់ដាអន្តរជាតិ លំដាប់ប្រភេទ ៤អ៊ី (4E) ដើម្បីបម្រើការហោះហើរគ្រប់ប្រភេទ ចាប់តាំងពីអាកាសយានប្រភេទតូច ដល់ប្រភេទធំៗ ដូចជា Airbus 350 ឬ Boeing 787 ជាដើម និងសម្រាប់ទទួលជើងហោះហើរក្នុងតំបន់ និងជើងហោះហើរឆ្ងាយៗ ដោយមានសមត្ថភាព៖

* ទទួលអាកាសយានចំនួន ៣៨ ចំណត
* អាចទទួលអ្នកដំណើរតាមផ្លូវអាកាសបាន៧លាននាក់ក្នុងឆ្នាំ២០២៤ និង១២ លាននាក់ក្នុងឆ្នាំ២០៤០
* អាចផ្ទុកទំនិញតាមផ្លូវអាកាស បានចំនួន១០,០០០តោន ក្នុងឆ្នាំ២០២៤ និង២៦,០០០តោន ក្នុងឆ្នាំ២០៤០
* អាចទទួលជើងហោះហើរ បានចំនួន ៦៥,០០០ជើងក្នុងឆ្នាំ២០២៤ និង១១២,០០០ ជើងក្នុងឆ្នាំ២០៤០៕