(កណ្តាល)៖ នាយឧត្តមសេនីយ៍ គន់ គីម ក្នុងនាមជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាប្រធាននោះ នៅថ្ងៃអាទិត្យ ទី១៤ ខែសីហា ឆ្នាំ២០១៦នេះ បានចុះជួបសំណេះសំណាលនិងសួរសុខទុក្ខ អតីតយុទ្ធជនជាង ៨០០នាក់ នៅក្នុងស្រុកលើកដែក និងស្រុកកៀនស្វាយ ខេត្តកណ្តាល។

ដំណើរចុះសួរសុខទុក្ខអតីតយុទ្ធជនទាំងនេះ ក៏មានការអញ្ជើញចូលរួមពីអភិបាលខេត្តកណ្តាល លោក ម៉ៅ ភិរុណ និងប្រធាន គណៈពង្រឹងការងារស្រុកលើកដែក លោក ហេង រតនា និងប្រធានគណៈពង្រឹងស្រុកកៀនស្វាយ នាយឧត្តមសេនីយ៍ ឌុល គឿន ផងដែរ។

នៅចំពោះមុខអតីតយុទ្ធជន និងក្រុមគ្រួសារអតីតយុទ្ធជន នាយឧត្តមសេនីយ៍ គន់ គីម បានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់របស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន។ លោកអគ្គលេខាធិការ បានលើកឡើងថា សម្តេចទាំងពីរ តែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់អតីតយុទ្ធជន និងគ្រួសាររបស់អតីតយុទ្ធជន ជាក់ស្តែងកាលពីការប្រារព្ធទិវាអតីតយុទ្ធជន នាពេលថ្មីៗកន្លងទៅនេះ សម្តេចទាំងពីរ រួមនិងគ្រួសារបានបរិច្ចាគថវិកាយ៉ាងច្រើនចូលរួមក្នុងសកម្មភាពរបស់សមាគមអតីតយុទ្ធជន សម្រាប់ជួយសាង សង់លំនៅឋានជូនអតីតយុទ្ធជន និងដើម្បីជួយដោះស្រាយទុក្ខលំបាកផ្សេងៗទៀត។

នាយឧត្តសេនីយ៍ គន់ គីម បានបន្ថែមទៀតថា ឈរលើស្មារតីយកចិត្តទុកដាក់នេះ សមាគមអតីតយុទ្ធជន ក៏បានប្រឹងប្រែងសម្រួលឲ្យ មានការបើកប្រាក់ចូលនិវត្តន៍ ក៏ដូចជាប្រាក់របបគោលនយោបាយផ្សេងៗជូនអតីតយុទ្ធជនតាមប្រព័ន្ធធនាគារ ដែលនេះជាការសម្រួល ដល់អតីតយុទ្ធជនឲ្យកាន់តែងាយស្រួលថែមទៀត។

ក្នុងកិច្ចសំណេះសំណាលលោកអគ្គលេខាធិការសមាគមអតីតយុទ្ធជន ក៏បានក្រើនរំលឹក និងជំរុញឲ្យអាជ្ញាធរ និងសមត្ថកិច្ចនៅតាម មូលដ្ឋានប្រឹងប្រែងយកចិត្តទុកដាក់ឲ្យបានខ្ពស់ទៅលើអតីតយុទ្ធជន។ ជាពិសេសត្រូវដោះស្រាយ និងឆ្លើយតបឲ្យបានទាន់ពេលវេលា នៅពេលពួកគាត់ជួបបញ្ហា និងទុក្ខលំបាកនានា៕